យ៉ូប ៤២:១-៦
កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ។ យ៉ូប ៤២:៥
មានពេលមួយ លោកឃែននី(Kenny) បានទៅឈរនៅចំពោះមុខពួកជំនុំ ដែលគាត់បានចាកចេញ កាលប៉ុន្មានឆ្នាំមុន បន្ទាប់ពីគាត់បានឈប់ជឿព្រះ។ គាត់ក៏បានចែកចាយថា គាត់មានជំនឿឡើងវិញហើយ។ តើដោយរបៀបណា? គឺដោយសារព្រះអម្ចាស់បានប៉ះពាល់ចិត្តគាត់ តាមរយៈសម្រស់ និងការរចនា ដែលគាត់បានមើលឃើញ ក្នុងស្នាព្រះហស្តព្រះអង្គ។ លោកឃែននីមានចិត្តស្ញប់ស្ញែងចំពោះព្រះអង្គសារជាថ្មី តាមរយៈការមើលឃើញការបើកសម្ដែងជាទូទៅរបស់ព្រះអង្គ នៅក្នុងពិភពធម្មជាតិ ហើយសព្វថ្ងៃនេះ គាត់បានឱបក្រសោបយកប្រាជ្ញា ដែលព្រះអង្គបានបើកសម្ដែងជាពិសេស ក្នុងព្រះគម្ពីរប៊ីប។ បន្ទាប់ពីគាត់បានចែកចាយទីបន្ទាល់របស់គាត់ហើយ គាត់ក៏បានបោះជំហានចូលទៅក្នុងអាងទឹក នៅក្នុងព្រះវិហារ។ ឪពុករបស់គាត់ក៏បានស្រក់ទឹកភ្នែកដោយអំណរ ខណៈពេលដែលគាត់ជ្រមុជទឹកឲ្យលោកឃែននី ដោយសារជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ។
បន្ទាប់ពីលោកយ៉ូបបានបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងជីវិត ជំនឿរបស់គាត់ក៏មានការរង្គោះរង្គើផងដែរ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកទ្រង់ តែទ្រង់មិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែទ្រង់គ្រាន់តែសំឡឹងមើលទូលបង្គំប៉ុណ្ណោះ”(យ៉ូប ៣០:២០)។ ព្រះអម្ចាស់ក៏បានមានបន្ទូលពីក្នុងខ្យល់កួច តបនឹងលោកយ៉ូបវិញ(៣៨:១) ដោយប្រកាសថា ព្រះអង្គនៅតែទតមើលលោកយ៉ូប ប៉ុន្តែ ទស្សនៈវិស័យរបស់លោកយ៉ូបចាំបាច់ត្រូវបើកចំហឲ្យទូលាយជាងមុន។ គាត់ក៏បានពិចារណាអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ លោកយ៉ូបក៏បានគិតដល់ “កំណើតផែនដី” និង “ផ្កាយព្រឹក”(ខ.៤,៧) និងគ្រប់ទាំងជីវិតសត្វ រុក្ខជាតិ និងទឹកនៅផែនដី(ខ.៨-៤១) ដែលទាំងអស់នេះសុទ្ធតែចង្អុលបង្ហាញគាត់ ឲ្យងាកទៅរកព្រះមួយអង្គ ដែលគាត់អាចជឿទុកចិត្ត គឺព្រះនៃសេចក្តីស្រឡាញ់ និងព្រះចេស្តាដ៏អស្ចារ្យ។ លោកយ៉ូបក៏បានឆ្លើយតប ដោយមានប្រសាសន៍ថា “កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ”(៤២:៥)។
ពេលណាការសង្ស័យបានធ្វើឲ្យជំនឿរបស់អ្នក មានការរង្គោះរង្គើ ចូរពិចារណាអំពីភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះអង្គ។ ព្រះអង្គបានបង្ហាញអង្គទ្រង់ នៅក្នុងស្នាព្រះហស្តព្រះអង្គ ដែលយើងត្រូវបើកភ្នែកមើល ហើយសរសើរព្រះអង្គ។—Tom Felten
តើព្រះអម្ចាស់បានបង្ហាញអង្គទ្រង់ នៅក្នុងស្នាព្រះហស្តរបស់ព្រះអង្គដូចម្តេចខ្លះ? តើការស្ញប់ស្ញែងចំពោះព្រះ មានបាននាំឲ្យយើងមានជំនឿលើព្រះអង្គដូចម្តេចខ្លះ?
ឱព្រះអាទិករ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានជួយទូលបង្គំឲ្យមើលឃើញព្រះអង្គ ក្នុងស្នាព្រះហស្តរបស់ព្រះអង្គ។
For further study, read Origin Story: Following Jesus Back to the Beginning at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ១៨-១៩ និង ម៉ាថាយ ៦:១-១៨