ត​យុទ្ធ​នឹង​ចិត្ត​ជូរ​ល្វីង

«គ្រា​នោះ ពួក​ទ័ព​ស៊ីរី​បាន​ចេញ ទៅ​ដោយ​កងៗ គេ​ចាប់​ក្មេង​ស្រី​ម្នាក់ នាំ​មក​ពី​ស្រុក​អ៊‌ីស្រាអែល នាង​នោះ​ក៏​បម្រើ​ប្រពន្ធ​ណាម៉ាន់ នាង​និយាយ​នឹង​ចៅហ្វាយ​ស្រី​របស់​ខ្លួន​ថា “ឱ​បើជា​លោក​ប្រុស ជា​ចៅហ្វាយ​នាង​ខ្ញុំ បាន​នៅ​ជា​មួយ​នឹង​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​ទៅអេះ នោះ​លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ទៅ”» (២ពង្សាវតាក្សត្រ ៥:២-៣)។

ព្រះ​ទ្រង់​អាច​ប្រើ​ទុក្ខ​លំបាក ដើម្បី​នាំ​មនុស្ស​ម្នាក់​ឲ្យ​ចូល​កាន់​តែ​ជ្រៅ ទៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ ប៉ុន្តែ បើ​អ្នក​នោះ​បានឮ​ព្រះ​បន្ទូល ហើយ​មិន​បាន​ឆ្លើយ​តប​ដោយ​ជំនឿ នោះ​ការ​រង​ទុក្ខ​របស់​គាត់ ដែល​គ្មាន​សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម នឹង​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​ជូរ​ល្វីង ខណៈ​ពេល​ដែល​ចិត្ត​របស់​គាត់​កាន់​តែ​រឹង ជា​ជាង​ទន់​នៅ​ចំពោះ​ព្រះ​អង្គ។ ម្យ៉ាង​ទៀត ទុក្ខ​លំបាក​អាច​ធ្វើ​ឲ្យ​យើង​រត់​ទៅ​រក​ព្រះ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​រត់​ចេញ​ពី​ព្រះ​អង្គ​ផង​ដែរ។ ក្នុង​ពេល​ដែល​យើង​កំពុង​មាន​ទុក្ខ​លំបាក យើង​ត្រូវ​តែ​សួរ​ខ្លួន​ឯង​ថា «តើ​ទុក្ខ​លំបាក​នេះ​កំពុង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ជូរ​ល្វីង និង​ចិត្ត​អាក្រក់ ឬ​កំពុង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ចិត្ត​សុភាព?»។

ក្នុង​កណ្ឌ​គម្ពីរ ២ពង្សាវតាក្សត្រ ក្នុង​ចំណោម​រឿងរ៉ាវ​របស់​ស្ដេច និង​ពួក​ហោរា​ជា​ច្រើន យើង​សង្កេត​ឃើញ​ការ​ឆ្លុះ​បញ្ចាំង​ដ៏​អស្ចារ្យ​នៃ​ការ​មាន​ចិត្ត​សុភាព និង​ការ​បន្ទាប​ខ្លួន នៅ​ចំពោះ​មុខ​ទុក្ខ​លំបាក​ដ៏​ធំ​មួយ តាម​រយៈ​គំរូ​របស់​ក្មេង​ស្រី​ជនជាតិ​អ៊‌ីស្រាអែល​ម្នាក់។ សាសន៍​ស៊ីរី​បាន​ចាប់​ខ្លួន​ក្មេង​ស្រី​ម្នាក់ ក្នុង​អំឡុង​ការ​វាយ​លុក​ចូល​ទឹក​ដី​អ៊‌ីស្រាអែល ហើយ​ក៏​បាន​នាំ​នាង​ចេញ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​របស់​នាង ក្នុង​ទឹក​ដី​អ៊‌ីស្រាអែល ហើយ​ក៏​បាន​បង្ខំ​នាង​ឲ្យ​ធ្វើ​ការ​ជា​អ្នក​បម្រើ​របស់​លោក​ណា​ម៉ាន ជា​មេទ័ព​របស់​កងទ័ព​ស៊ីរី។ នេះ​ជា​សោក​នាដកម្ម​ដែល​ពិបាក​ពណ៌នា​របស់​ក្មេង​ស្រី និង​ក្រុម​គ្រួសារ​របស់​នាង!

តែ​ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​ដ៏​ខ្លាំង​នោះ យើង​ឃើញ​ថា នាង​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ទន់​ភ្លន់ ពេល​បាន​ដឹង​ថា ចៅហ្វាយ​របស់​នាង​មាន​ជំងឺ​ឃ្លង់ ហើយ​ក៏​បាន​ប្រាប់​ភរិយា​របស់​លោក​ណា​ម៉ាន អំពី​របៀប​ដែល​គាត់​អាច​ទទួល​ការ​ប្រោស​ឲ្យ​ជា។ បើ​សិន​ជា​នាង​បណ្តោយ​ឲ្យ​ខ្លួន​ឯង មាន​ចិត្ត​ជូរ​ល្វីង ពេល​ដែល​នាង​ឮ​គេ​និយាយ​ត​គ្នា នៅ​ក្នុង​ផ្ទះ​ថា គាត់​មាន​ជំងឺ​ឃ្លង់ នោះ​នាង​ប្រហែល​ជា​សន្និដ្ឋាន​ថា គាត់​សម​នឹង​មាន​ជំងឺ​នេះ។ តែ​នាង​មិន​បាន​ធ្វើ​ដូច​នេះ​ទេ។ នាង​ចង់​ឲ្យ​រឿង​ល្អ​បំផុត​កើត​មាន​ចំពោះ​សត្រូវ​របស់​នាង ជា​ជាង​ឲ្យ​ការ​អាក្រក់​កើត​ឡើង​ចំពោះ​ពួក​គេ។ តើ​នាង​អាច​ធ្វើ​ដូច​នេះ​បាន ដោយ​របៀប​ណា? ពីព្រោះ គេ​បាន​សន្និដ្ឋាន​ថា នៅ​ចំពោះ​មុខ​នៃ​ភាព​ទទេ និង​ទុក្ខ​ព្រួយ ដែល​បណ្ដាល​មក​ពី​ការ​ពង្រាត់​ចេញ​ពី​គ្រួសារ នាង​បាន​ងាក​ទៅ​រក​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ម្តង​ហើយ​ម្តង​ទៀត។

ពេល​ណា​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទុក្ខ​វេទនា​របស់​យើង ឬ​ព្យាយាម​យក​អាសា​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​ធ្ងន់ ចូរ​យើង​កុំ​ភ្លេច​បើក​ចំហ​ចិត្ត​របស់​យើង ឲ្យ​មាន​ភាព​ស្រទន់។ តើ​ងាយ​ស្រួល​ទេ? គឺ​មិន​ងាយ​ស្រួល​ទេ! ប៉ុន្តែ សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ មាន​ភាព​ធំធេង​ណាស់ ហើយ​ក៏​គ្រប​ដណ្ដប់​ពី​លើ​គ្រប់​ផ្នែក​ទាំង​អស់ បាន​ជា​អាច​ទ្រទ្រង់​យើង សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​យើង​មាន​ការ​ឈឺ​ចាប់​បំផុត។ ដូច​នេះ ចូរ​យើង​ងាក​ទៅ​រក​ព្រះ​អង្គ ក្នុង​គ្រប់​កាលៈទេសៈ ហើយ​ទទួល​យក​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​សេចក្តី​ស្មោះ​ត្រង់ និង​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ។ ពេល​ណា​អ្នក​ងាក​ទៅ​រក​ព្រះ​អង្គ អ្នក​នឹង «អាច​នឹង​កម្សាន្ត​ចិត្ត​អ្នក​ឯទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយ​សារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កម្សាន្ត​ចិត្ត​យើង​ស្រេច​ហើយ» (២កូរិនថូស ១:៤)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២កូរិនថូស ៥:៦-២១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ២៣-២៤ និង​រ៉ូម ៨:២២-៣៩

More articles