មាន​ចិត្ត​ជា​មនុស្ស​គរ​ថ្លង់

ហេព្រើរ ២:៩-១៨

ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អានោះ ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺជា​អារក្ស ដោយ​ទ្រង់​សុគត​។ ហេព្រើរ ២:‌១៤

លេសា(Leisa) បាន​ព្យាយាម​រៀន​ជំនាញ​ភាសា​កាយ​វិការ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ប្រ​លោក នៅ​ក្នុង​ពិភព​របស់​មនុស្ស​គរ​ថ្លង់ ដោយ​ផ្ទាល់​។ មិន​យូរ​ប៉ុន្មាន គាត់​ក៏បាន​យល់​អំពី​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​ជា​ធម្មតា​។ មនុស្ស​ជា​ច្រើន​ដែល​អាច​ស្តាប់​ឮ​បាន​ធម្មតា បាន​ធ្វើ​ព្រងើយ ចំពោះ​មនុស្ស​គរ​ថ្លង់ ដោយ​មិន​យល់​ចិត្ត​ពួកគេ ហើយក៏​បាន​រំពឹង​ឲ្យ​ពួកគេ​យល់​ពាក្យ​សម្តី​របស់​គេ ដោយ​មើល​បបូរ​មាត់​របស់​គេ ហើយក៏​​ត្រូវ​គេ​មើល​រំលង​ជា​ប្រចាំ នៅ​ក្នុង​ការ​ដំឡើង​មុខ​តំណែង​នៅ​កន្លែង​ធ្វើ​ការ​។ កម្ម​វិធី​ជួប​ជុំ​ក្នុង​សង្គម​ជា​ច្រើន បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អ្នក​បក​ប្រែ​សម្រាប់​ពួកគេ​។

ជំនាញ​ភាសា​កាយ​វិការ​របស់​លេសា មាន​ការ​រីកចម្រើន​ជាប់​ជានិច្ច រហូត​ដល់​ថ្នាក់​ដែល​គាត់​មាន​អារម្មណ៍​ថា គាត់​អាច​ចូល​រួម​ក្នុង​សកម្មភាព​ជា​មួយ​មនុស្ស​គថ្លង់​បាន​យ៉ាង​ងាយ​ស្រួល​។ នៅ​ក្នុង​ពិធីជប់លៀង​មួយ​នោះ មាន​មនុស្ស​ថ្លង់​ម្នាក់​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា លេសា​អាច​ស្តាប់​ឮ​។ មុន​ពេល​លេសា​ឆ្លើយតប មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​ទៀត ក៏បាន​ធ្វើ​កាយ​វិការ ដើម្បី​ប្រាប់​ថា លេសា​មិនមែន​ជា​មនុស្ស​ថ្លង់​ទេ តែ “មាន​បេះ​ដូចជា​មនុស្ស​គថ្លង់”។ ការ​មាន​បេះដូង​ជា​មនុស្ស​គថ្លង់ គឺជា​គន្លឹះ​ដែល​ជួយ​ឲ្យ​គាត់​អាច​រស់នៅ​ក្នុង​ពិភព​របស់​ពួកគេ​បាន​។

លេសា​មិន​បាន​គិតថា ខ្លួន​គាត់​មាន​កាយ​សម្បទា​គ្រប់​គ្រាន់​ជាង​មនុស្ស​គថ្លង់​នោះ​ទេ​។ តែ​គាត់​មាន​លក្ខណៈ​ដូច​ពួកគេ​ណាស់ គឺ​ខុស​ត្រង់​គាត់​អាច​ស្តាប់​ឮ​បាន​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះយេស៊ូវ ដែល​ព្រះអង្គ​បាន​បន្ទាប​ព្រះ​កាយ ដោយ​យាង​ចុះពី​ស្ថាន​សួគ៌​មក​យក​កំណើត​ជា​មនុស្ស​នៅ​លើ​ផែនដី ដើម្បី​ឈោង​មក​រក​យើង​រាល់​គ្នា​។ “ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​ទាប​ជាង​ទេវតា​តែ​បន្តិច​ទេ”(ហេព្រើរ ២:៩)។ ព្រះគ្រីស្ទ “ក៏​ទទួល​ចំណែក​ជា​សាច់ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អានោះ ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺជា​អារក្ស ដោយ​ទ្រង់​សុគត”(ខ.១៤)។ នៅ​ក្នុង​ការ​សុគត​របស់​ព្រះអង្គ ព្រះអង្គ​បាន​រំដោះ “ពួក​អ្នក​នោះ​ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់១ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ”(ខ.១៥)។ ជាង​នេះ​ទៅទៀត ព្រះអង្គ “បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះទ័យ​មេត្តា​ករុណា ហើយក៏​ស្មោះ​ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ”(ខ.‌១៧)។

ទោះ​យើង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏ដោយ ព្រះយេស៊ូវ​ជ្រាប ហើយក៏​យល់​អំពី​បញ្ហា​របស់​យើង​។ ព្រះអង្គ​ជ្រាប​អំពី​ចិត្ត​យើង​។ ព្រះអង្គ​គង់នៅ​ជាមួយ​យើង ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​យើង​។—Tim Gustafson

តើ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាងណា ពេល​ដែល​បាន​ដឹង​ថា ព្រះយេស៊ូវ​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ដូច​អ្នក​ដែរ?
តើ​អ្នក​អាច​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ពិភព​របស់​អ្នក​ដទៃ​យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ព្រះយេស៊ូវ ធ្វើ​ជា​អំណោយ ហើយ​នាំ​ទូល​បង្គំ​ចូល​ទៅ​ក្នុង​មហា​គ្រួសារ​របស់​ព្រះអង្គ​។

For further study, read Walk with Me: Traveling with Jesus and Others on Life’s Road at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២០-២២ និង ម៉ាថាយ ៦:១៩-៣៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles