២យ៉ូហាន ១:៤-១១
ពីព្រោះមានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយ៍ហើយ ជាពួកអ្នកដែលមិនព្រមទទួលថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ។ ២យ៉ូហាន ១:៧
កាលពីខែមេសា ឆ្នាំ១៨១៧ ស្ត្រីវ័យក្មេងម្នាក់បានវង្វេងស្មារតី ហើយបានដើរវិលវល់ចុះឡើង នៅក្នុងខេត្តក្លាសស្ទ័រស័រ ប្រទេសអង់គ្លេស ដោយស្លៀកពាក់ខោអាវបរទេស និងនិយាយភាសាដែលគេមិនស្គាល់។ ពួកអាជ្ញាធរបានសន្និដ្ឋានថា នាងគឺជាអ្នកសុំទាន បានជាពួកគេចាប់ខ្លួននាងដាក់គុក។ ទោះជាយ៉ាងណាក៏ដោយ នាងបានពន្យល់ពួកគេថា នាងគឺជាព្រះនាងខារ៉ាប៊ូ(Caraboo) មកពីកោះចាវ៉ាស៊ូ។ សហគមន៍នៅទីនោះ ក៏បានប្រតិបត្តិចំពោះនាង ដូចខ្សែរាជវង្ស អស់រយៈពេល១០សប្តាហ៍ រហូតដល់ពេលមួយ ម្ចាស់ផ្ទះសំណាក់ម្នាក់បានមកបង្ហាញការពិតថា តាមពិតនាងគឺជាអ្នកបម្រើ ឈ្មោះ ម៉ារី វីលខក់(Mary Willcocks)។
យើងប្រហែលជាឆ្ងល់ថា ស្រ្តីវ័យក្មេងម្នាក់នេះបានបោកប្រាស់សហគមន៍ទាំងមូល អស់រយៈពេលជិត៣ខែដោយរបៀបណាទេ។ ប៉ុន្តែ កណ្ឌគម្ពីរយ៉ូហាន ខ្សែទី២ បានដាស់តឿនយើងថា ការបោកបញ្ឆោតមិនមែនជារឿងដែលទើបតែកើតមានក្នុងសម័យបច្ចុប្បន្ននោះទេ គឺដូចដែលបទគម្ពីរនេះបានចែងថា “មានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយ៍ហើយ”(១:៧)។ មានមនុស្សដែលបដិសេធមិនព្រមជឿថា ព្រះយេស៊ូវបានយាងមកចាប់កំណើតជាមនុស្សទេ(ខ.៧) ឬមានមនុស្សដែលបន្ថែមបន្ថយការបង្រៀនរបស់ព្រះគ្រីស្ទ(ខ.៩) ដោយប្រកាសថា ព្រះគម្ពីរប៊ីបមិនមានការបង្រៀនគ្រប់គ្រាន់សម្រាប់យើងក្នុងពេលសព្វថ្ងៃទេ។ ពួកបោកបញ្ឆោតទាំងពីរប្រភេទនេះ អាចបណ្តាលឲ្យយើងមិនបានទទួលរង្វាន់ពេញលេញពីព្រះ(ខ.៨) ហើយថែមទាំងអាចបោកប្រាស់យើង ឲ្យរួមចំណែកក្នុងការអាក្រក់របស់ពួកគេទៀតផង(ខ.១១)។
គ្មាននរណាម្នាក់ចូលចិត្តឲ្យគេបោកប្រាស់នោះទេ។ ប្រជាជននៅខេត្តក្លាសស្ទ័រស័រ មិនបានខាតបង់ច្រើនទេ គឺគ្រាន់តែបានឲ្យសំលៀកពាក់ និងអាហារដល់ស្ត្រីដែលវង្វេងស្មារតីនោះ ដោយឥតគិតថ្លៃប៉ុណ្ណោះ។ ប៉ុន្តែ ព្រះគម្ពីរប៊ីបបានចែងថា ផលវិបាកនៃបាប និងការបោកបញ្ឆោត នៅតែបន្តគំរាមកំហែងយើង។ ពេលណាយើងប្រព្រឹត្តតាមព្រះបន្ទូល ក្នុងព្រះគម្ពីរ ព្រះអង្គនឹងជួយយើងឲ្យជៀសវាងការបោកបញ្ឆោត ខណៈពេលដែលយើងដើរ ដោយស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ(ខ.៦)។—Brent Hackett
តើអ្នកមានការប្រុងប្រយ័ត្នដូចម្តេចខ្លះ ចំពោះគ្រូបង្រៀនខុសឆ្គង ក្នុងពេលសព្វថ្ងៃ? តើអ្នកអាចជញ្ជឹងគិត និងឆ្លើយតបចំពោះព្រះបន្ទូលដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យឈរយ៉ាងមាំមួន ដោយប្រាជ្ញាក្នុងព្រះគម្ពីរប៊ីប ដើម្បីកុំឲ្យចាញ់ការបោកបញ្ឆោតឡើយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២៥-២៦ និង ម៉ាថាយ ៨:១-១៧