មាន​ចំណុច​ដូច​គ្នា​ច្រើន

«ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជា​មួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា» (កិច្ចការ ២:៤៤)។

របៀប​នៃ​ការ​រស់​នៅ ដែល​មាន​ការ​រួប​រួម​គ្នា ស្ថិត​ក្នុង​ចំណោម​លក្ខណសម្បត្តិ​របស់​ពួក​ជំនុំ​ដំបូង ដែល​មាន​ការ​ទាក់​ទាញ​ខ្លាំង​បំផុត ចំពោះ​អ្នក​មិន​ជឿ​ព្រះ​ដែល​រស់​នៅ​ជិត​ខាង​ពួក​គេ។ តើ​មាន​កត្តា​អ្វី​ដែល​បាន​បង្រួប​បង្រួម​មនុស្ស​ចម្រុះ​គ្នា​ច្រើន​យ៉ាង​នេះ ដែល​មាន​ដូច​ជា​សាសន៍​ដទៃ និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មនុស្ស​ព្រៃ ពួក​អ្នក​ក្រុង ពួក​ទាសករ និង​ពួក​អ្នក​ជា (កូឡូស ៣:១១)? ពួក​គេ​រួប​រួម​ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ។ មិន​មាន​ការ​បក​ស្រាយ​ណា​មួយ​ថា ការ​រួបរួម​របស់​គ្រីស្ទ​បរិស័ទ​ទាំង​នេះ​បាន​កើត​មាន ដោយ​គ្មាន​ព្រះ​អង្គ​នោះ​ឡើយ។

ចាប់​តាំង​ពី​សម័យ​នោះ រហូត​ដល់​ពេល​បច្ចុប្បន្ន ពួក​ជំនុំ​តែង​តែ​មាន​ការ​រួបរួម​តែ​មួយ ក្នុង​ការ​ប្រកប​ដ៏​ពិសេស ដែល​មាន​ប្រភេទ​នៃ​ការ​រួប​រួម​មួយ​ចំនួន។ ទី​មួយ ពួក​គេ​មាន​ជំនឿ​តែ​មួយ។ ពួក​ជំនុំ​ដំបូង​មិន​បាន​ជួប​ជុំ​គ្នា ផ្អែក​ទៅ​លើ​ជាតិ​សាសន៍ ការ​អប់រំ ផល​ប្រយោជន៍ ឬ​អ្វី​ផ្សេង​ទៀត​នោះ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​នាំ​ជីវិត​របស់​ខ្លួន​មក​ចម្រុះ​គ្នា នៅ​ក្រោម​ជំនឿ​តែ​មួយ លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ។ ពិធី​លៀង​ព្រះ​អម្ចាស់​នៅ​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ដ៏​មាន​ន័យ អំពី​ការ​រួបរួម​ដដែល​នេះ ដែល​ក្នុង​នោះ មាន​ការ​រួម​ចិត្ត​រួម​គំនិត​គ្នា​តែ​មួយ ក្នុង​ការ​ចូល​រួម​ទទួល​ចំណែក​នំប៉័ង និង​ទឹក​ទំពាំង​បាយ​ជូរ ជា​រូប​កាយ​តែ​មួយ។ ព្រះ​យេស៊ូវ​ជា​នំប៉័ង​ជីវិត ដែល​បាន​ទ្រទ្រង់ និង​បង្រួប​បង្រួម​យើង។

ទី​ពីរ យើង​ជា​គ្រួសារ​តែមួយ។ ពេល​ណា​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ យើង​បាន​ទទួល​ការ​ស្វាគមន៍​ចូល​ក្នុង​មហា​គ្រួសារ​ទ្រង់ ជា​មួយ​អ្នក​ជឿ​ដទៃ​ទៀត ដោយ​មាន​ព្រះ​វរបិតា​តែ​មួយ ដែល​គង់​នៅ​ស្ថាន​សួគ៌។ ចំណង​គ្រួសារ​នេះ​មាន​តម្លៃ​ជាង​គ្រួសារ​ខាង​សាច់​ឈាម នៅ​លើ​ផែនដី ព្រោះ​គ្រួសារ​នៃ​សេចក្តី​ជំនឿ​មាន​ភាព​ស្ថិត​ស្ថេរ​អស់​កល្ប។ ហេតុ​នេះ​ហើយ យើង​គួរ​តែ​គិត​អំពី​ប្រយោជន៍​របស់​បង​ប្អូន​ប្រុស​ស្រី​ខាង​ឯ​វិញ្ញាណ​របស់​យើង។ ព្រោះ​ការ​ដែល​យើង​ដែល​ជា​អ្នក​ជឿ មិន​ស្រឡាញ់​គ្នា មិន​គ្រាន់​តែ​ជា​រឿង​ដ៏​សោកសៅ តែ​ក៏​មាន​ភាព​ផ្ទុយ​គ្នា ព្រោះ «អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បង​ប្អូន​ដែរ»(១យ៉ូហាន ៤:២១)។

ទី​បី ដោយ​សារ​ព្រះ​គុណ​ព្រះ ពួក​ជំនុំ​ពិត​ប្រាកដ​ក៏​ដក​ពិសោធន៍​ជា​មួយ​ការ​មាន​អារម្មណ៍​ដូច​គ្នា។ យើង​អាច​សង្កេត​ឃើញ​ថា នៅ​ក្នុង​ការ​ប្រកួត​កីឡា​នីមួយៗ អ្នក​គាំទ្រ​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា តែ​ពួក​គេ​មាន​អារម្មណ៍ ការ​ជឿ​ជាក់ និង​គោលដៅ​តែ​មួយ ចំពោះ​ក្រុម​កីឡាករ​ដែល​ពួក​គេ​ចូល​ចិត្ត។ ជូន​កាល អារម្មណ៍​របស់​ពួក​គេ​មាន​ការ​ឡើង​ចុះៗ​ដូច​គ្នា ទៅ​តាម​ការ​ប្រកួត។ ស្រដៀង​គ្នា​នេះ​ដែរ សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ​ក៏​ចែក​រំលែក​ក្តី​អំណរ សន្តិភាព ការ​ឈឺ​ចាប់ និង​ទុក្ខ​ព្រួយ​ទាំង​អស់​គ្នា។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បក​ស្រាយ​ថា «បើ​អវយវៈ១ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ១​បាន​តម្កើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីក​រាយ​ជា​មួយ​ដែរ» (១កូរិនថូស ១២:២៦)។ ពាក្យ​ប្រៀប​ប្រដូច​ដែល​សាវ័ក ប៉ុល បាន​ប្រើ​ក្នុង​ជំពូក​នេះ គឺ​សំដៅ​ទៅ​លើ​ពួក​ជំនុំ​ជា​រូប​កាយ​តែ​មួយ បាន​សេចក្តី​ថា ក្នុង​នាម​យើង​ជា​អ្នក​ជឿ យើង​មាន​ចំណុច​ខុស​គ្នា ហើយ​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​ផ្សេង​គ្នា ដូច​នេះ យើង​ជា​រូប​កាយ​តែ​មួយ ដែល​ធ្វើ​ការ​រួម​គ្នា ទទួល​បាន​លទ្ធផល​ល្អ​ជាង​ការ​ធ្វើ​ការ​ដាច់​ពី​គ្នា។

កម្លាំង​របស់​អ្នក​ជួយ​បំពេញ​ចំណុច​ខ្វះខាត និង​ភាព​កម្សោយ​របស់​ខ្ញុំ ហើយ​ក៏​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ គ្រួសារ​ទាំង​អស់​មាន​ការ​លំបាក និង​បញ្ហា​ផ្សេងៗ ហើយ​យើង​ជា​មនុស្ស​មាន​បាប ដូច​នេះ យើង​ងាយ​នឹង​ភ្លេច​ថា យើង​មាន​ឯកសិទ្ធិ ក្នុង​ការ​រួប​រួម​គ្នា​ជា​រាស្ត្រ​របស់​ព្រះ។ តើ​អ្នក​បាន​អរ​ព្រះ​គុណ​ព្រះ​វរបិតា សម្រាប់​ការ​ប្រទាន​គ្រួសារ​ពួក​ជំនុំ នៅ​ពេល​ណា? សូម​ប្រាប់​អំពី​ពេល​ដែល​អ្នក​បាន​មើល​ទៅ​បង​ប្អូន​ប្រុស​ស្រី ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ថ្ងៃ​អាទិត្យ ហើយ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត ដែល​បាន​ដឹង​ថា អ្នក​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ពួក​ជំនុំ ដោយ​សារ​ព្រះ​គុណ​ព្រះ​អង្គ។

ពិភព​លោក​សព្វ​ថ្ងៃ មាន​ពេញ​ដោយ​ការ​បាក់​បែក និង​ភាព​ឯកា​មិន​ខុស​ពី​សម័យ​ពួក​សាវ័ក​ទេ។ មនុស្ស​មាន​ភាព​ប្រេះ​បែក មាន​ការ​ភ័យ​ខ្លាច និង​ការ​បាត់​បង់។ តែ​យើង​ជា​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ អាច​ផ្តល់​ឲ្យ​លោកីយ៍​នេះ នូវ​ការ​ប្រកប​ដ៏​ជ្រាល​ជ្រៅ និង​ពេល​អនាគត​ពេញ​ដោយ​ក្តី​សង្ឃឹម​អស់​កល្ប​ជានិច្ច។ អ្នក​មាន​ឱកាស​ធ្វើ​ជា​ព្រះ​ហស្ត និង​ព្រះ​បាទ​របស់​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដោយ​ឈោង​ចាប់​មនុស្ស ដោយ​អញ្ជើញ​ពួក​គេ​ចូល​មហា​គ្រួសារ​របស់​ព្រះ​អង្គ។ តើ​អ្នក​នឹង​ឆក់​យក​ឱកាស​នេះ​ទេ?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កូឡូស ៣:៥-១៧

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ២៧-២៨ និង​រ៉ូម ៩:១៦-៣៣

More articles