ព្រះអង្គ​ប្រើ​សត្វ​ឲ្យ​ដាស់តឿន​យើង

ជន​គណនា ២២:២១-២៣,៣១-៣៥

នោះ​បាឡាម​ក៏​ទូល​ទៅ​ទេវតា​នៃ​ព្រះយេហូវ៉ា​ថា ទូល​បង្គំ​បាន​ធ្វើបាប​ហើយ ពីព្រោះ​ទូល​បង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​ទូល​បង្គំ​ទេ​។ ជន​គណនា ២២:៣៤

បើសិន​ជា​អ្នក​អាច​ស្តាប់​យល់​ភាសា​របស់​សត្វ​ឆ្កែ​របស់​អ្នក តើ​អ្នក​នឹង​មាន​ចិត្ត​រំភើប​រីករាយ​យ៉ាងណា? អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​អាច​សម្គាល់​សម្លេង “ព្រុស”របស់​សត្វ​ឆ្កែ ដើម្បី​ជួយ​មនុស្ស​ឲ្យ​អាច​យល់​អំពី​អារម្មណ៍​របស់​ពួកវា ពេល​ពួកវា​ព្រុស​ម្តងៗ​។ គេ​ក៏បាន​ផលិត​ប្រឡៅ​ក​ឆ្កែ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ បាន​បក​ប្រែ​អត្ថន័យ​សម្លេង​ព្រុស​របស់​សត្វ​ឆ្កែ ដោយ​ប្រើ​ទិន្នន័យ​ដែលគេ​ប្រមូល​បាន​ពី​ការ​ថត​សម្លេង​ឆ្កែ​ព្រុស​ជាង១ម៉ឺន​សម្លេង ដើម្បី​ជួយ​សំគាល់​អារម្មណ៍​ដែល​ពួកវា​កំពុង​បង្ហាញ​ចេញ​មក​។ ទោះ​ប្រឡៅ​ក​ឆ្កែ​ទាំង​នោះ មិន​អាច​បក​ប្រែ​ចេញ​ជា​ពាក្យ​សម្តី​របស់​មនុស្ស​ក៏​ដោយ ក៏​ឧបករណ៍​ឆ្លាត​វ័យ​ប្រភេទ​នេះ​ អាច​ជួយ​ឲ្យ​ម្ចាស់​ឆ្កែ​យល់​ចិត្ត​សត្វ​ឆ្កែ​របស់​ខ្លួន​។

ព្រះ​អម្ចាស់​ធ្លាប់​បាន​ប្រើ​សត្វ​មួយ​ក្បាល ដើម្បី​ឲ្យ​ហោរា​បាឡាម​ស្តាប់​ព្រះបន្ទូល​ព្រះអង្គ​។ លោក​បាឡាម​បាន​ជិះ​សត្វ​លា ទៅ​ស្រុក​ម៉ូអាប់ ជា​ការ​ឆ្លើយតប​ចំពោះ​ការ​បង្គាប់​របស់​ព្រះអង្គ ឲ្យ​ចេញទៅ​ស្រុក​នោះ ហើយ​និយាយ​តែ​ពាក្យ​ដែល​ព្រះអង្គ​បាន​បង្គាប់​ឲ្យ​គាត់​និយាយ​ប៉ុណ្ណោះ(ជន​គណនា ២២:២០)។ សត្វ​លា​ក៏​បាន​ឈប់ នៅ​ពេល​ដែល​វា​បាន​ឃើញ​ទេវតា​របស់​ព្រះ​អម្ចាស់​ឈរ​នៅ​កណ្តាល​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ​ហស្ត តែ​លោក​បាឡាម​មិន​បាន​មើល​ឃើញ​ទេ(ខ.២៣)។ លោក​បាឡាម​ក៏បាន​ព្យាយាម​បង្ខំ​សត្វ​លា​ឲ្យ​ដើរទៅ​មុខ ដូច​នេះ ព្រះអម្ចាស់​ក៏បាន​ឲ្យ​សត្វ​លា​ចេះ​និយាយ​ភាសា​មនុស្ស​។ នៅពេល​ដែល​ភ្នែក​របស់​លោក​បាឡាម​បាន​បើក​ឡើង មើល​ឃើញ​គ្រោះ​ថ្នាក់​នៅ​ចំពោះ​មុខ គាត់​ក៏​បាន​ឱន​ក្បាល​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ(ខ.៣១) ដោយ​ទទួល​ស្គាល់​ថា គាត់​ពិត​ជា​មាន​ចេតនា​ទៅ​ទទួល​រង្វាន់ ឬ​ដាក់​បណ្តាសា​ឲ្យ​រាស្រ្ត​របស់​ព្រះ ផ្ទុយ​នឹង​ការ​បង្គាប់​របស់​ព្រះអង្គ(ខ.៣៧-៣៨)។ គាត់​ក៏​បាន​សារភាព​ថា “ទូល​បង្គំ​បាន​ធ្វើបាប​ហើយ ពីព្រោះ​ទូល​បង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​​ទូល​បង្គំ”(ខ.៣៤)។

ចូរ​យើង​ស្តាប់​តាម​ការ​បង្គាប់ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​យើង ក្នុង​ទំព័រ​ព្រះ​គម្ពីរប៊ីប តាម​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​តាម​ការ​ប្រឹក្សា​យោបល់​ប្រកប​ដោយ​ប្រាជ្ញា​ពី​អ្នក​ដទៃ គឺ​មិន​គ្រាន់តែ​ស្តាប់​បង្គាប់​តែ​សម្បក​ក្រៅ តែ​នៅ​ក្នុង​ចិត្ត​ផង​ដែរ​។—Kirsten Holmberg

តើ​អ្នក​បាន​ស្តាប់​បង្គាប់​តែ​សម្បក​ក្រៅ ដោយ​មិន​បាន​ធ្វើ​ចេញពី​ចិត្ត នៅ​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក?
តើ​ព្រះអម្ចាស់​អាច​ដាស់តឿន​អ្នក​ឲ្យ​ភ្ញាក់​ខ្លួន​ដឹង​អំពី​កំហុស​នេះ ដោយ​របៀបណា?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ដឹកនាំ​ដោយ​ក្តី​ស្រឡាញ់ ហើយ​បង្វែរ​ទូល​បង្គំ​ចេញពី​អំពើបាប និង​ការ​អាក្រក់​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២៧-២៨ និង ម៉ាថាយ ៨:១៨-៣៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles