កិច្ចការ ១៥:៣៦-៤១
ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ។ ២ធីម៉ូថេ ៤:១១
អេរិន(Erin) គឺជាស្មៀនដែលខិតខំធ្វើការ ហើយតែងតែធ្វើការងារបានល្អ។ ប៉ុន្តែ បន្ទាប់ពីនាងត្រូវគេចោទប្រកាន់ ពីបទក្លែងបន្លំ គេក៏បានឲ្យនាងឈប់សម្រាកពីការងារមួយរយៈ ខណៈពេលដែលគេធ្វើការស៊ើបអង្កេត។ នាងមានអារម្មណ៍ថាចង់លាឈប់ពីការងារ ដើម្បីតបតចំពោះគេវិញ ប៉ុន្តែ មានអ្នកលើកទឹកចិត្តឲ្យនាងបន្តរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេត។ គេប្រាប់នាងថា បើនាងលាឈប់ពីការងារ គេមុខជាសន្និដ្ឋានថា នាងពិតជាបានប្រព្រឹត្តខុសមែន។ ដូចនេះ អេរិនក៏បានបន្តធ្វើការងារជាធម្មតា ដោយអធិស្ឋានសូមព្រះប្រទានសេចក្តីយុត្តិធម៌។ ប៉ុន្មានខែក្រោយមក គេក៏បានដឹងច្បាស់ថា នាងជាមនុស្សស្អាតស្អំ មិនដូចការចោទប្រកាន់នោះទេ។
លោកយ៉ូសែបប្រហែលជាមានអារម្មណ៍ស្រដៀងនេះផងដែរ នៅពេលដែលគេចោទប្រកាន់គាត់យ៉ាងអយុត្តិធម៌ថា គាត់បានចាប់រំលោភប្រពន្ធរបស់លោកប៉ូទីផារ ហើយក៏ត្រូវគេចាប់ដាក់គុកអស់ជាច្រើនឆ្នាំ(លោកុប្បត្តិ ៣៩:១៩-២០)។គាត់មិនបានធ្វើអ្វីខុសសោះ តែការដែលគាត់បដិសេធមិនព្រមប្រព្រឹត្តអំពើបាបជាមួយគេ បានបណ្តាលឲ្យគាត់ទទួលទោសយ៉ាងអយុត្តិធម៌។ ទោះលោកយ៉ូសែបមានការលំបាកយ៉ាងណាក៏ដោយ ក៏គាត់មិនបោះបង់ចោលការព្យាយាមដែរ។ គាត់បានបន្តទុកចិត្តព្រះ ដោយបម្រើព្រះអង្គយ៉ាងស្មោះត្រង់នៅក្នុងគុក ដែលនៅទីបំផុតមេគុកក៏បានទុកចិត្តគាត់(លោកុប្បត្តិ ៣៩:២១-២៣)។ ប៉ុន្មានឆ្នាំក្រោយមក ព្រះអម្ចាស់ក៏បានប្រទានយុត្តិធម៌ និងភាពស្អាតស្អំដល់គាត់ ដោយលើកគាត់ ធ្វើជាអ្នកដឹកនាំមានអំណាចបំផុតបន្ទាប់ពីស្តេច នៅនគរអេស៊ីព្ទ។ ការនេះបានបង្ហាញថា សេចក្តីយុត្តិធម៌របស់ព្រះនឹងមកដល់ តាមពេលវេលាដែលព្រះអង្គបានកំណត់ទុក។
ពេលណាគេវិនិច្ឆ័យយើងយ៉ាងអយុត្តិធម៌ ចូរយើងចាំថា ព្រះយេស៊ូវជ្រាបអំពីអារម្មណ៍របស់យើង ព្រោះគេបានកាត់ទោសព្រះអង្គ ទោះព្រះអង្គគ្មានទោសសោះក៏ដោយ ហើយគេបានប្រព្រឹត្តចំពោះព្រះអង្គ អាក្រក់ជាងឧក្រិដ្ឋជនធម្មតាទៅទៀត ទោះព្រះអង្គជាព្រះរាជបុត្រានៃព្រះក៏ដោយ។ ប៉ុន្តែ ព្រះអង្គបានបន្តធ្វើតាមបំណងព្រះទ័យព្រះវរបិតា ដោយជ្រាបថា គេនឹងបានដឹងច្បាស់ថា ព្រះអង្គស្អាតស្អំ ហើយសុចរិត។ បើគេវិនិច្ឆ័យមកលើអ្នក ដោយការយល់ច្រឡំ ចូរកុំបោះបង់ចោលការតស៊ូឡើង ព្រះទ្រង់ជ្រាប ហើយនឹងប្រទានយុត្តិធម៌ឲ្យអ្នក តាមពេលវេលារបស់ព្រះអង្គ។—Leslie Koh
តើមានព្រះបន្ទូលសន្យាអ្វី ដែលអ្នកអាចប្រកាន់ខ្ជាប់តាម ពេលណាគេវិនិច្ឆ័យអ្នកខុស? តើគំរូរបស់ព្រះយេស៊ូវបានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា មានតែព្រះអង្គទេ ដែលជ្រាបថា ទូលបង្គំមានអារម្មណ៍យ៉ាងណា និងកំពុងឆ្លងកាត់បញ្ហាអ្វី។
សូមព្រះអង្គប្រទានទូលបង្គំនូវជំនឿ និងចិត្តអត់ធ្មត់ ក្នុងការរង់ចាំ ហើយទុកចិត្តព្រះអង្គ ដ្បិតព្រះអង្គជាព្រះដែលយុត្តិធម៌។
For further study, read Words Matter: Speaking with Wisdom in an Age of Outrage at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២៩-៣០ និង ម៉ាថាយ ៩:១-១៧