ធ្វើ​ជា​មិត្តសំឡាញ់​ពិត

“អ្នកណា​ដែល​មាន​មិត្រ​ភក្តិ​ច្រើន នោះ​នាំ​ឲ្យ​វិនាស​ខ្លួន​ទេ ប៉ុន្តែ​មាន​មិត្រ​សំឡាញ់​ម្យ៉ាង ដែល​នៅ​ជាប់​ជាង​បង​ប្អូន​ទៅទៀត”។ សុភាសិត ១៨:២៤

គ្មាន​នរណា​ចូល​ចិត្ត​អារម្មណ៍​ឯកោ គ្មាន​មិត្ត​ភក្តិ​នោះ​ទេ​។ យើង​រាល់​គ្នា​សុទ្ធតែ​ទទួល​ស្គាល់​សារៈសំខាន់​នៃ​មិត្តភាព និង​អំណោយ​មិន​អាច​កាត់​ថ្លៃ​បាន ដែល​មិត្តសំឡាញ់​ពិត​ជា​អាច​មាន​ចំពោះ​យើង​។ មិត្តភាព​ស៊ី​ជម្រៅ គឺជា​មិត្តភាព​ដែល​មាន​ភាព​ជាប់​លាប់ ស្មោះ​ត្រង់ និង​យល់​អារម្មណ៍ ជា​ខ្នាត​គំរូ ដែល​ព្រះ​គម្ពីរ​បាន​តម្រូវ​ឲ្យ​យើង​មាន​។

ស្តេច​សាឡូម៉ូន​មាន​បន្ទូល​ថា “មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា”(សុភាសិត ១៧:១៧) បាន​សេចក្តី​ថា មិត្តសំឡាញ់​ពិត​តែងតែ​ស្មោះ​ត្រង់ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ​។ យើង​ស្គាល់​លក្ខណៈ​ពិត​របស់​មិត្ត​ភក្តិ​យើង ហើយ​យើង​នៅតែ​មាន​ភាព​ស្មោះ​ត្រង់​ជាប់​ជានិច្ច ចំពោះ​ពួកគេ​។ ជាង​នេះ​ទៅទៀត មិត្ត​ភក្តិ​ដែល​ស្មោះ​ត្រង់ ត្រៀម​ខ្លួន​ទទួល​យក​របួស​ស្នាម ដើម្បី​ឲ្យ​មិត្ត​ភក្តិ​របស់​ពួកគេ​អាច​ផ្លាស់​ប្រែ តាម​បំណង​ព្រះទ័យ​ព្រះ ដូច​កណ្ឌ​គម្ពីរ​សុភាសិត​ចែងថា “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ​ត្រង់​ទេ”(២៧:៦)។ យើង​ប្រហែល​មិន​ចូល​ចិត្ត​ការ​មាន​របួស​ស្នាម តែ​យើង​ម្នាក់ៗ​សុទ្ធតែ​ត្រូវ​ការ​មិត្ត​ភក្តិ ដែល​ជួយ​កែ​តម្រង់​យើង ហើយ​ព្រះអង្គ​ក៏​ត្រាស់ហៅ​យើង​ម្នាក់ៗ ឲ្យ​ធ្វើ​ជា​មិត្ត​ភក្តិ​ប្រភេទ​នេះ​ផង​ដែរ​។

យើង​ក៏​ត្រូវតែ​ប្រើ​ពាក្យ​សម្តី ដោយ​ប្រុង​ប្រយ័ត្ន គឺ​ដូច​ដែល​សាវ័ក​ប៉ុល​មាន​បង្រៀន​ថា “មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណាមួយ ចេញពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់អ្នក​ដែល​ស្តាប់”(អេភេសូរ ៤:២៩)។ ពាក្យ​សម្តី​របស់​អ្នក​តែមួយ​ម៉ាត់ អាច​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​ប្រេះ​ស្រាំ ហើយ​គេ​អាច​ចំណាយ​ពេល​ពេញ​មួយ​ជីវិត ដើម្បី​ជួសជុល​ចិត្ត​របស់​គេ​។

បុរស និង​ស្ត្រី​ដែល​អនុវត្ត​តាម​គោលការណ៍​​យ៉ាង​ខ្ជាប់ខ្ជួន ប្រហែល​ជា​ចង់​សួរ​ថា “តើមាន​មិត្ត​ភក្តិ​ណា​ដែល​មាន​ចារិក​លក្ខណៈ​ដូច​នេះ​ទេ? តើមាន​មនុស្ស​ណា​ដែល​ខ្ញុំ​ស្គាល់ តែងតែ​មាន​ភាព​ជាប់​លាប់ ដោយ​ស្តី​បន្ទោស​ខ្ញុំ​ដោយ​សេចក្តី​ស្រឡាញ់ តែងតែ​បង្ហាញ​ព្រះគុណ និង​យល់​ចិត្ត​ខ្ញុំ ក្នុង​ទំនាក់​ទំនងជា​មួយ​ខ្ញុំ​ទេ?” យើង​អាច​រក​ឃើញ​ចម្លើយ នៅ​ក្នុង​អង្គ​ព្រះយេស៊ូវគ្រីស្ទ​។

លក្ខណៈ​នៃ​មិត្តភាព​របស់​ព្រះអម្ចាស់យេស៊ូវ ពិតជា​អស្ចារ្យ​ណាស់! ព្រះអង្គ​រាប់អាន​មនុស្ស​ដែល​ព្រះអង្គ​មិន​ធ្លាប់​ជួប ព្រះ​អង្គ​ឈប់​នៅ​ក្រោម​ដើមឈើ ដើម្បី​ជជែក​ជា​មួយ​អ្នក​យក​ពន្ធ ដោយ​សុំ​ទឹក ពី​ស្ត្រី​ដែល​មាន​រឿង​អាស្រូវ និង​ចូល​ទៅ​ជិត​មនុស្ស​មាន​ជំងឺ​ឃ្លង់​ជាដើម​។ ព្រះអង្គ​មាន​ភាព​ជា​ទៀង​ទាត់ ក្នុង​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់ ព្រះអង្គ​តែងតែ​ត្រៀម​ជា​ស្រេច​ដើម្បី​មាន​បន្ទូល​ជា​ពាក្យ​ពិត ទោះ​គេ​ពិបាក​ទទួល​ព្រះអង្គ​ស្អាង​អ្នក​ដទៃ​ឡើងក៏ដោយ​។ ដែល​សំខាន់​បំផុត​នោះ ព្រះអង្គ​ស្រឡាញ់​​មិត្តសំឡាញ់​ព្រះអង្គ យ៉ាង​ខ្លាំង​បានជា​ព្រះអង្គ​លះបង់​ព្រះ​ជន្ម​ដើម្បី​ពួកគេ(យ៉ូហាន ១៥:១៣)។ ព្រះអង្គ​ជា​មិត្តសំឡាញ់​របស់​មនុស្ស​មាន​បាប:

ព្រះយេស៊ូវ​ជា​មិត្តសំឡាញ់​ពិត

ទ្រង់​ទទួល​ទោស​ជួស​យើង​ខ្ញុំ!

មាន​ច្បាប់​ចូល​ទៅ​គាត់​ព្រះអង្គ​ជិត

ទាំង​ទូល​ប្រាប់​គ្រប់​រឿង​តូច​ធំ!

មិត្តភាព​របស់​ព្រះយេស៊ូវ គឺជា​ស្តង់​ដា​ខ្ពស់​បំផុត​សម្រាប់​យើង​រាល់​គ្នា​។ ក្នុង​នាម​យើង​ជា​មិត្តសំឡាញ់​របស់​ព្រះអង្គ ព្រះអង្គ​បាន​ត្រាស់ហៅ​យើង ឲ្យ​ស្រឡាញ់ និង​ធ្វើ​ជា​មិត្តសំឡាញ់​របស់​អ្នក​ដទៃ ដូច​ព្រះអង្គ​ផង​ដែរ!។ តាម​ពិត ព្រះអង្គ​មាន​បន្ទូល​ថា យើង​ជា​មិត្តសំឡាញ់​ព្រះអង្គ បើ​យើង​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​ព្រះអង្គ(យ៉ូហាន ១៥:១៤)។ យើង​ត្រូវ​ឆក់​ឱកាស​ចែក​ចាយ​អំពី​ទំហំ​នៃ​មិត្តភាព​របស់​ព្រះអង្គ ដល់​អ្នក​ដែល​គ្មាន​មិត្ត​ភក្តិ និង​អ្នក​ដែលគេ​មិន​រាប់រក​។

យើង​រស់នៅ​ក្នុង​ពិភពលោក ដែល​ច្រើនតែ​មាន​មនុស្ស​រាប់អាន​គ្នា ជា​ច្រើន​រាប់​មិន​អស់ ហើយក៏​មាន​មិត្ត​ភក្តិ​ក្នុង​ហ្វេស​ប៊ុក​ច្រើន​ផង​ដែរ​។ ប៉ុន្តែ នេះ​មិនមែន​ជា​មិត្តភាព​ពិត​ប្រាកដ​នោះ​ទេ​។ តើ​អ្នក​មាន​មិត្ត​ភក្តិ​ដែល​តែង​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក មាន​ភាព​ជិត​ស្និទ្ធ និង​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​ទេ? បើ​អ្នក​មាន ចូរ​ថែរក្សា​មិត្តភាព​ជាមួយ​ពួកគេ​។ បើ​អ្នក​មិន​មាន​ទេ ចូរ​អធិស្ឋាន​សូម​ឲ្យ​មាន​។ ហើយ​នៅ​ថ្ងៃ​នេះ ចូរ​យើង​រស់នៅ​ជា​មិត្ត​ភក្តិ​ប្រភេទ​នេះ សម្រាប់​អ្នក​ដទៃ​។ អ្នក​អាច​ធ្វើ​ជា​ចម្លើយ​សម្រាប់​ភាព​ឯកោ​របស់​នរណា​ម្នាក់ ឬ​ការពារ​នរណា​ម្នាក់ ឲ្យ​រួច​ផុត​ពី​ភាព​ប្រេះ​បែក​។

យ៉ាកុប ៥:១៣-២០

លោកុប្បត្តិ ៣៣-៣៥ និង រ៉ូម ១១:១៩-៣៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles