“លុះទៅដល់កាពើណិម កាលកំពុងតែនៅក្នុងផ្ទះ នោះទ្រង់មានព្រះបន្ទូលសួរពួកសិស្សថា តើរឿងអ្វីដែលអ្នករាល់គ្នាជជែកគ្នាតាមផ្លូវមកនោះ តែគេនៅតែស្ងៀម ពីព្រោះតាមផ្លូវ គេបានជជែកគ្នា អំពីអ្នកណាដែលធំជាង ទ្រង់ក៏គង់ចុះ រួចហៅពួក១២មកមានព្រះបន្ទូលថា បើអ្នកណាចង់ធ្វើលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបំរើគេទាំងអស់ដែរ”។ ម៉ាកុស ៩:៣៣-៣៥
ការប្រជែងគ្នា គឺជារឿងដែលកើតមានជាធម្មតា ក្នុងការរស់នៅ។ នៅក្នុងក្រុមកីឡា ការប្រជែងគ្នាជាលក្ខណៈមិត្តភាព អាចជាមធ្យោបាយ ដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក ឬជួយសមាជិកក្រុម ឲ្យកាន់តែមានភាពរហ័សរហួន ឬកាន់តែរឹងមាំ។ ប៉ុន្តែ ពេលណាការប្រជែងគ្នាក្លាយជាឱកាស ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន និងការច្រណែន វាបំផ្លាញការរួបរួមគ្នា។
ក្នុងដំណើរទៅភូមិកាពើណិម ព្រះយេស៊ូវបានបង្រៀនពួកសាវ័ក ដោយបន្ទូលថា “កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោក គេនឹងសំឡាប់លោក រួចដល់៣ថ្ងៃក្រោយដែលគេសំឡាប់ នោះលោកនឹងរស់ឡើងវិញ”(ម៉ាកុស ៩:៣១)។ ខណៈពេលដែលព្រះយេស៊ូវយាងនៅមុខពួកគេ ព្រះអង្គប្រហែលជាបានឮពួកគេប្រកែកគ្នា នៅពីក្រោយព្រះអង្គ។ ការជជែកគ្នារបស់ពួកគេ មានពេញដោយការប្រជែងគ្នា ដោយការច្រណែន ព្រោះម្នាក់ៗសុទ្ធតែចង់ធ្វើជាអ្នកធំជាងគេ។
នេះជាប្រធានបទដ៏អាក្រក់ សម្រាប់ការសន្ទនា ទោះក្នុងកាលៈទេសៈណាក៏ដោយ តែជាពិសេស ក្នុងបរិបទនេះ។ រឿងនេះពិតជាចម្លែកណាស់ ដែលពួកគេមានចិត្តងប់ងុលនឹងមុខតំណែង និងភាពខ្ពង់ខ្ពស់របស់ខ្លួន ខណៈពេលដែលព្រះយេស៊ូវកំពុងមានបន្ទូលទៅកាន់ពួកគេ អំពីការរងទុក្ខ និងការសុគតរបស់ព្រះអង្គ!
ព្រះយេស៊ូវបានសួរអំពីការសន្ទនារបស់ពួកគេ ដើម្បីឆ្លៀតឱកាសបង្រៀនពួកគេ។ ព្រះអង្គបានប្រើព្រះបន្ទូលតែមួយប្រយោគ ដើម្បីធ្វើឲ្យគំនិតរបស់មនុស្សអំពីភាពធំឧត្តម មានភាពក្រឡាប់ចាក់។ ភាពធំប្រសើរពិតប្រាកដ ក្នុងនគរព្រះអង្គ គឺអាស្រ័យទៅលើការដាក់ខ្លួនឲ្យនៅក្រោយគេ និងធ្វើជាអ្នកបម្រើ ដល់មនុស្សទាំងអស់។ ជាការពិតណាស់ ព្រះដែលជាមហាក្សត្រនៃនគរព្រះ ព្រះអង្គរស់នៅដូចនេះឯង ដ្បិតព្រះអង្គបានយាងមក មិនមែនឲ្យគេបម្រើ តែដើម្បីបម្រើគេវិញ ហើយដើម្បីលះបង់ព្រះជន្ម លោះមនុស្សជាច្រើនឲ្យរួចពីបាប(ម៉ាកុស ១០:៤៥)។
បើយើងគិតអំពីរឿងនេះ ដោយចិត្តស្មោះត្រង់ យើងនឹងឃើញថា យើងក៏នៅក្នុងចំណោមពួកសាវ័កផងដែរ។ យើងក៏និយាយដូចពួកគេដែរ។ យើងក៏ចូលចិត្តដណ្តើមតំណែងគ្នា មិនខុសពីពួកគេទេ។ ការប្រជែងគ្នាដោយភាពអាត្មានិយម ច្រើនតែកើតមាន ក្នុងកន្លែងដែលយើងមិននឹកស្មានដល់។ តែថ្នាំបន្សាបសម្រាប់បញ្ហានេះ គឺជាការបន្ទាបខ្លួន។ លោកដេវីឌ វែល(David Wells) បានសរសេរថា “យើងរាល់គ្នាសុទ្ធតែត្រូវការការបន្ទាបខ្លួនដូចនេះ ដែលជាសេរីភាពរួចផុតពីភាពអាត្មានិយម និងជួយយើង ក្នុងមុខតំណែង ដែលយើងគ្មានការទទួលស្គាល់ពីអ្នកដទៃ ឬគ្មានគេឲ្យតម្លៃ គ្មានអំណាច ឬការចេញមុខមាត់ ហើយថែមទាំងជួបការខ្វះខាត តែនៅតែមានអំណរ និងភាពសប្បាយរីករាយ … វាជាសេរីភាព ដែលទទួលបានពីការដឹងថា យើងមិនស្ថិតនៅក្នុងចំណុចកណ្តាលនៃចក្រវាល ឬនៅក្នុងចំណុចកណ្តាលនៃចក្រវាលរបស់ខ្លួនយើងផ្ទាល់ដែរ”។
នេះជាមេរៀនដែលពិបាករៀន។ តែទោះយើងមានការប្រជែងគ្នា ឬគ្មានការបន្ទាបខ្លួនក៏ដោយ ក៏ព្រះយេស៊ូវមិនបោះបង់ចោលយើងឡើយ។ យើងត្រូវចាំថា យើងតែងតែត្រូវការព្រះគុណព្រះអង្គ ខណៈពេលដែលយើងដើរតាមផ្លូវនៃភាពជាសិស្សរបស់ព្រះអង្គ។ មានតែព្រះគុណព្រះទេ ដែលអាចជួយអ្នកឲ្យឈប់ផ្តោតលើខ្លួនឯង ហើយរំដោះខ្លួនអ្នកឲ្យរួចពីភាពអាត្មានិយម។ មានតែការមើលព្រះ ដែលបានលះចោលសិរីល្អនៅស្ថានសួគ៌ ដើម្បីសុគតជំនួសអ្នក នៅលើឈើឆ្កាងទេ ដែលអាចកែប្រែចិត្តអ្នក ដើម្បីឲ្យអ្នកស្វែងរកឱកាសបម្រើគេ គឺមិនមែនឲ្យគេបម្រើ ហើយគិតប្រយោជន៍អ្នកដទៃ ច្រើនជាងគិតពីមុខមាត់ខ្លួនឯង។ ព្រះយេស៊ូវកំពុងត្រាស់ហៅអ្នកឲ្យបម្រើ ខណៈពេលដែលព្រះអង្គកំពុងបម្រើអ្នកស្រាប់។
រ៉ូម ១២:៣-១៣
លោកុប្បត្តិ ៣៦-៣៨ និង រ៉ូម ១២:២៣