ការ​ដើរ​ជាមួយ​ព្រះ

លោកុប្បត្តិ ៥:២១-២៤

ហេណុក​គាត់​ជា​អ្នក​ដើរ​ជាមួយនឹង​ព្រះ​នោះ​គាត់​មិន​នៅ​ទៀត​ទេ ពីព្រោះ​ព្រះ​ទ្រង់​បាន​ទទួលយក​គាត់​ទៅ​។ លោកុប្បត្តិ ៥:២៤

អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នក​ជំនាញ​ផ្នែក​ហាត់​ប្រាណ បាន​និយាយ​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​រត់​ហាត់​ប្រាណ ដើម្បី​ឲ្យ​បេះដូង​មាន​សុខ​ភាព​ល្អ​។ ប៉ុន្តែ ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​បាន​បង្ហាញថា ការ​ដើរ​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ ក៏​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន ចំពោះ​សុខ​ភាព​ផង​ដែរ។ យោង​តាម​វិទ្យា​ស្ថាន​សុខ​ភាព​ជាតិ​អាមេរិក បាន​ឲ្យ​ដឹង​ថា “មនុស្ស​ពេញវ័យ​ដែល​ដើរ​បាន​៨​ពាន់​ជំហាន ឬ​ច្រើន​ជាង​នេះ​ទៀត ជា​រៀង​រាល់​ថ្ងៃ បាន​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់ នៅ​ក្នុងរយៈ​ពេល១០ឆ្នាំ​ខាង​មុខ គឺ​កាត់​បន្ថយ​បាន​ច្រើន​ជាង​អ្នក​ដែល​ដើរ​បាន​តែ​៤​ពាន់​ជំហាន ក្នុង​មួយ​ថ្ងៃ”។ ដូច​នេះ ការ​ដើរ​ច្រើន មាន​អត្ថ​ប្រយោជន៍​ចំពោះ​យើង​ច្រើន​ណាស់​។

ព្រះ​គម្ពីរប៊ីប​បាន​ចែង​អំពី​ការ​ដើរ ក្នុង​រឿង​ជា​ច្រើន ក្នុង​ន័យ​ធៀប អំពី​ការ​ប្រកប​ទាក់ទង​ជាមួយ​ព្រះ​។ បទ​គម្ពីរ​លោកុប្បត្តិ ជំពូក៣ បាន​ចែងថា ព្រះអម្ចាស់​បាន​ដើរ​ជាមួយ​លោក​អ័ដាម និង​នាង​អេវ៉ា “ក្នុង​សួន​ច្បារ​នៅពេល​ថ្ងៃ​ល្ហើយ”(ខ.៨)។ បទ​គម្ពីរ​លោកុប្បត្តិ​ជំពូក៥ ក៏​បាន​ចែក​ចាយ​រឿង​របស់​លោក​ហេណុក ដែល​បាន “ដើរ​ជាមួយនឹង​ព្រះ​អស់៣០០ឆ្នាំ”(ខ.២២)។ ថ្ងៃ​មួយ នៅ​ក្នុង​ការ​ចំណាយ​ពេល​ជា​ទៀង​ទាត់​ជាមួយ​ព្រះអាទិករ​របស់​គាត់ ព្រះអង្គ​ក៏​បាន​ទទួលយក​គាត់​ទៅ​នៅ​ជាមួយ​ព្រះអង្គ(ខ.២៤)។ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក១៧ ព្រះអង្គ​បាន​ត្រាស់ហៅ​លោក​អាប់រ៉ាម​ឲ្យ “ដើរ​នៅមុខ” ព្រះអង្គ ខណៈ​ពេល​ដែល​ព្រះអង្គ​តាំង​សញ្ញា​ឡើង​វិញ​ជាមួយ​គាត់(ខ.‌១)។ ហើយ​នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក​យ៉ាកុប គាត់​បាន​ពិពណ៌នា​ថា ព្រះអម្ចាស់​គឺជា​អ្នក​គង្វាល​របស់​គាត់ ហើយក៏​បាន​និយាយ​អំពី​បុព្វ​បុរស​របស់​គាត់ ដែល​បាន “ដើរ​ដោយ​ស្មោះ​ត្រង់” ជាមួយ​ព្រះអម្ចាស់(៤៨:‌១៥)។ ជាង​នេះ​ទៅ​ទៀត ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ឲ្យ “ដើរ​ក្នុង​ព្រះ​វិញ្ញាណ”(កាឡាទី ៥:១៦)។

យើង​ក៏​អាច​ដើរ​ជាមួយ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ដូច​លោក​ហេណុក និង​បុព្វ​បុរស​នៃ​សេចក្តី​ជំនឿ ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្តិ​ផង​ដែរ​។ យើង​អាច​ដើរ​ជាមួយ​ព្រះអង្គ ដោយ​ថ្វាយ​ជីវិត​យើង​ដល់​ព្រះយេស៊ូវ ហើយ​ដើរ​តាម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ​។ នេះ​ជា​ការ​ដើរ​ឆ្ពោះ​ទៅ​រក​សុខ​ភាព​ល្អ​ពិត​ប្រាកដ​។—Matt Lucas

តើ​អ្នក​បាន​ដើរ​ជាមួយ​ព្រះអម្ចាស់ ដូច​ម្តេច​ខ្លះ? នៅ​ថ្ងៃ​នេះ ខណៈ​ពេល​ដែល​អ្នក​ជញ្ជឹង​គិត អំពី​ព្រះ​គម្ពីរ តើ​អ្នក​នឹង​ដើរ​តាម ហើយ​ស្តាប់​បង្គាប់​តាម​ព្រះ​គម្ពីរ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ពេល​ណា​ទូល​បង្គំ​សម្រេច​ចិត្ត​ដើរ​ជាមួយ​ព្រះអង្គ ដើម្បី​សម្រេច​គោល​បំណង​ខ្លួនឯង​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បោះ​ជំហាន​ដើរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​ព្រះអង្គ​។

Visit ODBU.org/NT050 to learn more about walking by the Spirit.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៣៣-៣៥ និង ម៉ាថាយ ១០:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles