“សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត និងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់ ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី”។ វិវរណៈ ១:៤-៥
តើអ្នកត្រូវធ្វើដូចម្តេច នៅពេលដែលជំនឿរបស់អ្នកជាគ្រីស្ទបរិស័ទ និងកាលៈទេសៈនៃជីវិតអ្នក ហាក់ដូចជាប្រកាសអំពីសេចក្តីពិតពីរខុសគ្នា?
នេះជាបញ្ហាដែលអ្នកអានកណ្ឌគម្ពីរវិវរណៈដំបូងគេបានជួបប្រទះ និងពិបាកយល់។ កណ្ឌគម្ពីរចុងក្រោយនៃព្រះគម្ពីរ ត្រូវបាននិពន្ធឡើង មិនមែនដើម្បីឲ្យមានការភាន់ច្រឡំ តែដើម្បីធ្វើជាព្រះពរវិញ(វិវរណៈ ១:៣)។ យើងមិនត្រូវចាត់ទុកកណ្ឌគម្ពីរនេះជាសៀវភៅប្រស្នា ឬល្បងប្រាជ្ញាផ្នែកទេវសាស្ត្រនោះទេ។ ផ្ទុយទៅវិញ យើងត្រូវយល់ថា សាវ័កយ៉ូហានបាននិពន្ធ សម្រាប់អ្នកអាន ក្នុងបរិបទនៃប្រវត្តិសាស្រ្ត ជាអ្នកជឿនៅសតវត្សរ៍ទី១ ដែលកំពុងទទួលរងការវាយប្រហារ និងបៀតបៀន ដោយពួកអ្នកកាន់អំណាចនៅសម័យនោះ ហើយគោលបំណងនៃការនិពន្ធនេះ គឺដើម្បីផ្តល់ឲ្យនូវក្តីសង្ឃឹម និងការធានា។
កាលនោះ គេកំពុងផ្សាយដំណឹងល្អ ហើយរាស្រ្តរបស់ព្រះអង្គ មានការជឿជាក់ច្បាស់ថា ទោះព្រះយេស៊ូវបានយាងឡើងស្ថានសួគ៌វិញ នោះព្រះអង្គក៏នឹងយាងមកវិញមិនខាន។ ពួកគេមានការជឿជាក់ដូចនេះ ខណៈពេលដែលព្រះយេស៊ូវ ជាព្រះអម្ចាស់ និងមហាក្សត្រ បានគ្រប់គ្រងទាំងស្រុងមកលើកាលៈទេសៈទាំងនោះ ហើយបំណងព្រះទ័យព្រះអង្គកំពុងតែបានសម្រេច នៅលើផែនដីទាំងមូល។ នេះជាការជឿជាក់របស់ពួកគេ។ ប៉ុន្តែ ពួកគេក៏ឃើញកាលៈទេសៈរបស់ពួកគេ ហាក់ដូចជាមិនមានភាពស្របគ្នានឹងការជឿជាក់របស់ពួកគេទេ។ ការអ្វីដែលពួកគេបានបញ្ជាក់ដល់គ្នាទៅវិញទៅមក និងបានចែកចាយដល់មិត្តភក្តិ និងអ្នកជិតខាង តាមអ្វីដែលកណ្ឌវិវរណៈបានចែង ហាក់ដូចជាមិនកំពុងតែកើតឡើង ក្នុងសម័យរបស់ពួកគេទេ។ មានមនុស្សកាន់តែច្រើនសើចចំអកឲ្យពួកគេ។ តាមពិត សាវ័កពេត្រុសបានដាស់តឿនអ្នកជឿថា “នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា តើសេចក្តីសន្យាពីព្រះអង្គយាងមកនៅឯណា ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែលដូចជាពីកំណើតលោកីយ៍រៀងមកដែរ”(២ពេត្រុស ៣:៣-៤)។
កាលនោះ ពួកជំនុំនៅមានទំហំតូចនៅឡើយ ហើយក៏ស្ថិតក្នុងការឡោមព័ទ្ធរបស់ខ្មាំងសត្រូវផង ហើយចក្រភពជាច្រើនកំពុងលូតលាស់កាន់តែមានភាពរឹងមាំ។ ការបៀតបៀនមានការកើនឡើង កាន់តែខ្លាំង ហើយអារក្សមុខជាមកបោះសម្តីស៊កសៀត ដាក់គ្រីស្ទបរិស័ទដែលកំពុងរងទុក្ខទាំងនោះថា ពួកគេកំពុងត្រូវដើរតាមការស្រមើស្រមៃដ៏ធ្ងន់ធ្ងរ។ ពួកគេត្រូវការព្រះយេស៊ូវប្រទានពូកគេ នូវទស្សនៈរបស់ព្រះអង្គ ដើម្បីកុំឲ្យពួកគេបាក់ទឹកចិត្ត ភាន់ភាំង ឬមានអារម្មណ៍ថាពិបាកពេកនោះឡើយ។ ពួកគេចាំបាច់ត្រូវដឹងថា ព្រះយេស៊ូវនៅតែជាព្រះអម្ចាស់ និងមហាក្សត្រដ៏មានជ័យជម្នះ។ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គបានប្រកាស អំពីអំណាច និងភាពត្រឹមត្រូវរបស់ព្រះអង្គ។ រាស្រ្តរបស់ព្រះអង្គអាចថ្វាយជីវិត និងអនាគតរបស់ពួកគេ ដាច់ដល់ព្រះអង្គ។
ក្នុងលោកិយដែលបន្តបៀតបៀនរាស្រ្តរបស់ព្រះ កណ្ឌគម្ពីរវិវរណៈ គឺជាអ្វីដែលពួកជំនុំសព្វថ្ងៃត្រូវការ។ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ការខ្វះខាតផ្នែកសម្ភារៈ បញ្ហាសីលធម៌ធ្លាក់ចុះ និងអត្តសញ្ញាណផ្ទាល់ខ្លួន កំពុងគំរាមកំហែង ធ្វើឲ្យខូចគំនិតរបស់មនុស្សប្រុសស្រី សំណេររបស់សាវ័កយ៉ូហានបានរំឭកយើងថា ជំនឿរបស់យើងជាគ្រីស្ទបរិស័ទ មានភាពគ្រប់គ្រាន់ល្មមសម្រាប់បញ្ហាប្រឈម និងសំណួរដែលយើងកំពុងជួបប្រទះ។ តើកាលៈទេសៈរបស់អ្នកកំពុងនាំឲ្យអ្នកមានការសង្ស័យមកលើការបង្រៀនក្នុងព្រះគម្ពីរ ដែលអ្នកបានជឿឬទេ? ចូរជឿជាក់លើការធានានេះ : ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវសោយរាជ្យ ហើយទីបំផុត ព្រះយេស៊ូវមានជ័យជម្នះ។
វិវរណៈ ១:១-៨
លោកុប្បត្តិ ៣៩-៤០ និង រ៉ូម ១៣