រ៉ូម ៥:៦-១១
ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨
លោករេមប្រិន(Rembrandt) គឺជាវិចិត្រករជនជាតិហូឡង់ ដែលបានគូររូបគំនូរដ៏ល្បីល្បាញនៅឆ្នាំ១៦៣៣ មានចំណងជើងថា ការបញ្ឈរឈើឆ្កាង។ អត្ថន័យរបស់ផ្ទាំងគំនូរនេះ ហាក់ដូចជាកំពុងតែសួរយើងថា “តើបាបរបស់អ្នក គឺជាមូលហេតុដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាងដែរឬទេ?” គាត់បានគូររូបព្រះយេស៊ូវនៅចំកណ្តាលផ្ទាំងគំនូរ ដោយព្រះអង្គជាប់នៅឈើឆ្កាង ដែលមនុស្សបួននាក់កំពុងលើកបញ្ឈរ ប៉ុន្តែ ក្នុងចំណោមពួកគេ មានម្នាក់ដែលលេចធ្លោជាងគេ នៅកន្លែងដែលមានពន្លឺភ្លឺ។ គាត់មានសំលៀកបំពាក់ខុសពីគេ តាមរចនាបថរបស់មនុស្សនៅសម័យលោករេមប្រិន ដោយគាត់ពាក់មួកកាតឹប ដែលជាងគំនូរច្រើនតែពាក់។ ពេលគេមើលរូបបុរសនោះឲ្យបានជិត គេក៏បានដឹងថា តាមពិតលោករេមប្រិនបានគូររូបគាត់ នៅក្នុងផ្ទាំងគំនូរនោះ ហាក់ដូចជាក្នុងន័យថា “បាបរបស់ខ្ញុំបានរួមចំណែក នៅក្នុងការសុគតរបស់ព្រះយេស៊ូវ”។
ប៉ុន្តែ មានម្នាក់ទៀត ដែលលេចធ្លោជាងគេផងដែរ។ អ្នកនោះកំពុងជិះសេះ សម្លឹងមើលមកខាងក្រៅផ្ទាំងគំនូរ។ អ្នកខ្លះយល់ឃើញថា នេះជារូបទីពីរតំណាងឲ្យលោករេមប្រិន ដែលកំពុងទំនាក់ទំនងមកអ្នកទស្សនាផ្ទាំងគំនូរនោះ ដែលហាក់ដូចជាកំពុងសួរថា “តើបាបរបស់អ្នកមានចំណែកក្នុងការសុគតរបស់ព្រះអង្គដែរឬទេ?”
សាវ័កប៉ុលក៏បានដឹងថា បាបរបស់គាត់មានវត្តមាននៅទីនោះ ហើយយើងក៏អាចដឹងដូចគាត់ ព្រោះព្រះយេស៊ូវបានរងទុក្ខ និងសុគត ដើម្បីយើងផងដែរ។ ក្នុងបទគម្ពីររ៉ូម ៥:១០ គាត់បានហៅខ្លួនគាត់ និងយើងថា “ខ្មាំងសត្រូវរបស់ព្រះ”។ ប៉ុន្តែ ទោះបាបរបស់យើងបានបណ្តាលឲ្យព្រះយេស៊ូវសុគតក៏ដោយ ក៏ការសុគតរបស់ព្រះអង្គ បានផ្សះផ្សាឲ្យយើងជាជាមួយព្រះ។ “តែឯព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(ខ.៨)។
យើងក៏មិនខុសពីលោករេមប្រិន ឬសាវ័កប៉ុលឡើង ព្រោះយើងសុទ្ធតែជាមនុស្សមានបាប ដែលត្រូវការការអត់ទោសបាប។ តាមរយៈការសុគតនៅលើឈើឆ្កាង ព្រះយេស៊ូវបានផ្តល់ឲ្យយើងនូវអ្វី ដែលយើងមិនអាចធ្វើសម្រាប់ខ្លួនឯងបាន ហើយក៏បានបំពេញតម្រូវការជ្រាលជ្រៅបំផុត គឺការចាប់ផ្តើមជាថ្មីជាមួយព្រះអម្ចាស់។—James Banks
កាលអ្នករស់នៅជាខ្មាំងសត្រូវរបស់ព្រះ តើជីវិតអ្នកមានលក្ខណៈដូចម្តេចខ្លះ? តើអ្នកអាចរស់នៅជាមិត្តសំឡាញ់របស់ព្រះអង្គ ដូចម្តេចខ្លះនៅថ្ងៃនេះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការលះបង់ព្រះជន្មដើម្បីទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំ ឲ្យរស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៣៦-៣៨ និង ម៉ាថាយ ១០:២១-៤២