គ្មាននាមណាផ្សេងទៀតឡើយ

“គ្មាន​សេចក្តីសង្គ្រោះ ដោយសារ​អ្នកណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ”។ កិច្ចការ ៤:១២

នៅ​ក្បែរ​បរិវេណ​របស់​សាកល​វិទ្យាល័យ​នតវេសស្ទើន នៅ​ជាយ​ក្រុង​ឈីកាហ្គោ មាន​ព្រះវិហារ​ធំ​សម្បើម​មួយ ដែល​សាសនា​បាហៃ​បាន​សាងសង់​ឡើង​។ សំណង់អាគារ​ដ៏​ឆើតឆាយ​មួយ​នេះ មាន​ច្រក​ចូល៩ សម្រាប់​សាសនា​ធំៗ​ទាំង៩ នៅ​លើ​ពិភពលោក​។ ច្រក​ចូល​នីមួយៗ​សុទ្ធតែ​មាន​ផ្លូវ​ដើរ​ចូល​ទៅ​រក​កន្លែង​ជួប​ជុំ​តែមួយ នៅ​ចំ​កណ្តាល​អាគារ​។ ស្ថាបត្យកម្ម​នេះ​ត្រូវ​បាន​គេ​សាងសង់​ឡើង ក្នុង​គោលបំណង​ដើម្បី​ប្រកាស​ថា មាន​ផ្លូវ​ជា​ច្រើន​ដែល​នាំ​មនុស្ស​ទៅ​រក “សេចក្តី​ពិត” ដែល​សាសនិក​បាហៃ​ជឿ​ថា គេ​មិន​អាច​រក​ឃើញ​សេចក្តី​ពិត​នេះ នៅ​ក្នុង​ទ្រឹស្ដី​សាសនា មនុស្ស ឬ​អង្គ​ការ​ណា​ឡើយ​។

ផ្នត់​គំ​និត​ដូច​នេះ មិន​សូវ​ខុសពី​បរិយាកាស​វប្បធម៌ របស់​សង្គម​ដែល​សាវ័ក​ប៉ុល​កំពុង​រស់នៅ​នោះ​ទេ​។ ចក្រភព​រ៉ូម៉ាំង​មាន​ការ​បើកចំហ​យ៉ាង​ខ្លាំង ហើយក៏​គាំទ្រ​ឲ្យ​មាន​គំនិត​ទូលំ​ទូលាយ ហើយ​ត្រៀម​ខ្លួន​ទទួលយក​សាសនា​គ្រប់​ប្រភេទ​។ ជា​ការ​ពិត​ណាស់ ទីក្រុង​រ៉ូម​ជា​កន្លែង​ប្រមូល​ផ្តុំ​រូប​ព្រះ និង​ព្រះ​ក្លែងក្លាយ​ជា​ច្រើន នៅ​ក្នុង​ព្រះវិហារ​ធំ​របស់​ខ្លួន សម្រាប់​គោរព​បូជា តាម​ផ្លូវ​ចម្រុះ​ឆ្ពោះ​ទៅ​រក​សេចក្តី​ពិត​។ ដូច​នេះ ហេតុ​អ្វី​បានជា​វប្ប​ធម៌​បើក​ចំហ និង​ថ្វាយបង្គំ​ព្រះ​ចម្រុះ​នេះ ក៏បាន​ចាប់​គ្រីស្ទបរិស័ទ ឲ្យ​សត្វ​តោ​ស៊ី​ជា​ចំណី នៅ​ក្នុង​ទីលាន​ប្រយុទ្ធ? ហេតុ​អ្វី​អធិរាជ​នេរ៉ូ បាន​ចាត់​ទុក​អ្នកជឿ​ព្រះ​ជា​មុខ​សញ្ញា ហើយ​ថែម​ទាំង​ដល់​ថ្នាក់​យក​រូបកាយ​របស់​ពួកគេ ទៅ​ដុត​ធ្វើ​ជា​ភ្លើង បំភ្លឺ​កន្លែង​ជប់​លៀង​របស់​ទ្រង់?

ចម្លើយ​ដ៏​សាមញ្ញ​នោះ​គឺ វប្ប​ធម៌​រ៉ូម៉ាំង​មិន​អាច​ទ្រាំ​ទ្រជំនឿ​គ្រីស្ទបរិស័ទ​បានទេ ព្រោះ​គ្រីស្ទបរិស័ទ​មិន​ព្រម​បញ្ចូល​ព្រះគ្រីស្ទ ក្នុង​ចំណោម​ព្រះ​ជា​ច្រើន​អង្គ ដែល​ពួក​រ៉ូម៉ាំង​គោរព​ថ្វាយបង្គំ​។ ផ្ទុយ​ទៅវិញ ពួកគេ​បាន​ប្រកាន់​ខ្ជាប់​សេចក្តី​ជំនឿ គឺ​ដូច​កាល​ដែល​សាវ័ក​ពេត្រុស និង​សាវ័ក​ប៉ុល ប្រឈម​មុខ​ដាក់​ក្រុម​ជំនុំជម្រះ​របស់​សាសនា​យូដា ដែល​ធ្លាប់​កាត់​ទោស​ប្រហារ​ព្រះ​ជន្ម​ព្រះអម្ចាស់យេស៊ូវ​កាលពី​មុន​។ កាល​នោះ ពួកគេ​បាន​ប្រកាស​ថា នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ​។ ក្នុង​វប្ប​ធម៌​រ៉ូម៉ាំង​ក្នុង​សតវត្សរ៍ទី១ ពេលណា​មាន​នរណា​ម្នាក់​ប្រកាស​ថា ខ្លួន​មាន​ជំនឿ​ដូច​នេះ ពួកគេ​នឹង​ត្រូវ​គេ​ប្រមាថ​មើលងាយ និង​ចំអក​ឲ្យ ហើយ​ជួនកាល ថែម​ទាំង​ត្រូវ​គេ​សម្លាប់​ទៀត​ផង​។

ជំនឿ​បែប​ពហុ​ភាព​និយម មិន​អាច​ទ្រាំទ្រ​ជំនឿ​របស់​គ្រីស្ទាន​បានទេ ព្រោះ​ជា​ញឹក​ញាប់ ជំនឿ​បែប​នេះ​ច្រើនតែ​ប្រឆាំង ដោយ​គ្មាន​មេត្តា​ចំពោះ​អ្នក​ដែល​បដិសេធ​ទស្សនៈ​របស់​ខ្លួន ដែល​ជឿ​ថា ផ្លូវ​ទាំង​អស់​សុទ្ធតែ​ត្រឹម​ត្រូវ​ដូច​គ្នា​។ ជាង២ពាន់​ឆ្នាំ​ក្រោយមក យើង​ត្រូវតែ​ទទួល​ស្គាល់​ថា យើង​កំពុង​រស់នៅ​ក្នុង​បរិយាកាស​មួយ ដែល​មិន​ខុសពី​ចក្រភព​រ៉ូម៉ាំង​ឡើយ ទោះ​វា​មិន​មាន​ការ​បៀតបៀន​ដែល​សាហាវ​ដូច​នោះ​ក៏ដោយ​។ ជំនឿ​គ្រីស្ទាន​តាម​ព្រះ​គម្ពីរប៊ីប មាន​ព្រះគ្រីស្ទ​ដែល​នឹង​យាង​មកវិញ​ក្នុង​សិរី​ល្អ មាន​ព្រះ​គម្ពីរប៊ីប​ដែល​គ្មាន​កន្លែង​ខុស​មាន​ព្រះត្រៃឯក គឺជា​ជំនឿ​ដែល​ទាស់​ប្រឆាំង​នឹង​លោកិយ​បែប​ពហុ​ភាព​និយម​។

ទោះ​លោកិយ​មាន​ជំនឿ​ដូច​ម្តេច​ក៏ដោយ ក៏​ព្រះយេស៊ូវ​មិន​ស្ថិត​ក្នុង​ចំណោម​ព្រះ​ក្លែងក្លាយ ឬ​អ្នក​ដឹកនាំ​សាសនា​ធំៗ​ឡើយ​។ ព្រះអង្គ​ក៏​មិនមែន​ជា​ផ្លូវ​មួយ ក្នុង​ចំណោម​ផ្លូវ​ជា​ច្រើន​ឆ្ពោះ​ទៅ​រក​សេចក្តី​ពិតដែរ​។ ដូច​ដែល​រូប​ព្រះ​ដាហ្កុន​របស់​សាសន៍​ភីលីស្ទីន បាន​ដួល​ផ្កាប់​មុខ ហើយ​បែក​បាក់ នៅ​ចំពោះ​ហិប​សញ្ញា​របស់​ព្រះអម្ចាស់​ជា​យ៉ាងណា(១សាំយ៉ូអែល ៥:១-៤) នោះ​ការ​ពិត​នឹង​បង្ហាញថា ព្រះ​ដទៃ​ទៀត​ក៏​គ្មាន​អ្វី​ដែល​អាច​ប្រៀបធៀប​នឹង​ព្រះអង្គ​បាន​ឡើយ​។

មនុស្ស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ការ​បង្រៀន​នេះ​ទេ តែ​ការ​បង្រៀន​នេះ​នៅតែ​ពិត ហើយ​អស្ចារ្យ ព្រោះ​បើ​គ្មាន​ព្រះ​សង្រ្គោះ​សុគត​នៅ​លើ​ឈើ​ឆ្កាង​ទេ នោះ​ក៏​គ្មាន​ផ្លូវ​ឆ្ពោះ​ទៅ​រក​ជីវិត​អស់​កល្ប​ដែរ ព្រោះ​ផ្លូវ​ផ្សេង​ទៀត​សុទ្ធតែ​នាំ​ទៅ​រក​សេចក្តី​ស្លាប់​។ ថ្ងៃ​ណាមួយ ព្រះ​និង ហោរា​ក្លែងក្លាយ​ទាំង​អស់ នឹង​ក្រាប​នៅ​ទាប​ព្រះ​បាទ​ព្រះយេស៊ូវ ហើយ​ប្រកាស​ថា ព្រះអង្គ​ជា​ព្រះអម្ចាស់ ជា​សិរី​ល្អ​របស់​ព្រះវរបិតា​។ មុន​ថ្ងៃ​នោះ​មកដល់ ចូរ​យើង​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត ហើយ​ស្វែងរក​ឱកាស​នាំ​មនុស្ស​ងាក​ទៅ​រក​ព្រះ ដែល​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត ដែល​យើង​រាល់​គ្នា​ត្រូវ​ការ(យ៉ូហាន ១៤:៦)។ ចក្រភព​រ៉ូម៉ាំង​មាន​ការ​ផ្លាស់​ប្តូរ ដោយសារ​គ្រីស្ទបរិស័ទ​យក​តម្រាប់​តាម​សាវ័ក​យ៉ូហាន និង​ពេត្រុស ដែល​បាន​បដិសេធ​មិន​ព្រម​បោះបង់​ជំនឿ ឬ​ឈប់​និយាយ​អំពី​ព្រះអង្គ​។ ដូច​គ្នា​នេះ​ដែរ ដោយ​ព្រះគុណ​ព្រះ យើង​ក៏​អាច​កែ​ប្រែ​ពិភពលោក​សព្វថ្ងៃ ខណៈ​ពេល​ដែល​យើង​យក​គំរូ​តាមពួក​សាវ័ក​។

កិច្ចការ ៤:១-២២

លោកុប្បត្តិ ៤៩-៥០ និង រ៉ូម ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles