“សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”។ ទំនុកដំកើង ៩០:១២
ក្នុងសៀវភៅដែលលោកម៉ាស លេវី(Marc Levy)បាននិពន្ធមានចំណងជើងថា បើសិនជាពិតមែន គាត់បានលើកទឹកចិត្តអ្នកអានរបស់គាត់ ឲ្យស្រមៃថា មានធនាគារមួយបានដាក់លុយចូលកុងរបស់យើង ៨៦៤០០ដុល្លា នៅពេលព្រឹក ជារៀងរាល់ថ្ងៃ។ តែកុងនោះមិនអាចសន្សំលុយបន្តពីថ្ងៃមួយទៅថ្ងៃមួយទៀតបានទេ ហើយត្រូវលប់ចោលទឹកប្រាក់ដែលនៅសល់។ តើអ្នកនឹងធ្វើដូចម្តេច? អ្នកមុខជានឹងទៅដកលុយឲ្យអស់ជារៀងរាល់ថ្ងៃមិនខាន!
បន្ទាប់មក គាត់ក៏បានចង្អុលបង្ហាញថា យើងម្នាក់ៗសុទ្ធតែមានធនាគារដូចនេះ ដែលយើងហៅវាថា ពេលវេលា។ រៀងរាល់ពេលព្រឹក យើងមានពេល៨៦៤០០វិនាទី ហើយរៀងរាល់ពេលយប់ យើងក៏អស់ពេល ដែលយើងមិនបានប្រើ ដោយប្រាជ្ញា។ យើងគ្មានពេលនៅសល់ ឬពេលដែលលើសទេ ហេតុនេះហើយ យើងគ្រាន់តែអាចរស់នៅ ក្នុងពេលវេលានៅថ្ងៃនេះ ហើយសង្ឃឹមថា ប្រើពេលដែលនៅសល់ឲ្យមានប្រយោជន៍បំផុត។
ទោះគ្រីស្ទបរិស័ទមានក្តីសង្ឃឹមដ៏ច្បាស់ថា នឹងបានជីវិតអស់កល្ប ពេលវេលារបស់យើងនៅលើផែនដីនេះ នៅតែមានកំណត់។ ហេតុនេះហើយ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៩០ លោកម៉ូសេបានរំឭកយើង ឲ្យរាប់ចំនួនអាយុរបស់យើង ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យយើងមានចិត្តប្រកបដោយប្រាជ្ញា ដោយដឹងថា ជីវិតជាមនុស្សមានភាពរួញខ្លី ហើយព្រះទ្រង់មានភាពអស់កល្បជានិច្ច។
ក្នុងវប្បធម៌ដ៏មមាញឹក យើងប្រហែលមានចិត្តងប់ងុលយ៉ាងខ្លាំង នឹងការរស់នៅក្នុងពេលបច្ចុប្បន្ន បានជាយើងមិនទទួលស្គាល់ទំនាក់ទំនងរវាងការស្លាប់ និងអំពើបាបរបស់យើង។ បើយើងគ្មានចម្លើយ សម្រាប់សេចក្តីស្លាប់ ហើយមិនចង់រស់នៅ ដោយភ័យខ្លាចសេចក្តីស្លាប់ នោះយើងប្រហែលមិនចង់អើពើនឹងវា ហើយរស់នៅ ធ្វើមើលតែថ្ងៃអាយុយើងគ្មានកំណត់។
ប៉ុន្តែ នៅក្នុងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ យើងពិតជាមានចម្លើយសម្រាប់សេចក្តីស្លាប់ ហើយមិនចាំបាច់ត្រូវខ្លាចវាទេ។ យើងអាចថ្វាយជីវិតយើងដល់ព្រះអង្គ ហើយដកពិសោធន៍នឹងការថែរក្សារបស់ព្រះអង្គ ដែលផ្តល់ឲ្យយើងនូវគ្រឹះ និងជួយឲ្យជីវិតយើងមានន័យ។ យើងត្រូវការព្រះអង្គជួយឲ្យសេចក្តីពិតនេះ បានជ្រួតជ្រាបក្នុងចិត្ត និងគំនិតយើង។
ដើម្បីឲ្យយើងអាចរាប់ចំនួនថ្ងៃអាយុយើងឲ្យបានត្រឹមត្រូវ ជាដំបូងយើងត្រូវមានការផ្លាស់ប្រែខាងក្នុង ដែលព្រះវិញ្ញាណបរិសុទ្ធបណ្តាលឲ្យកើតមាន ពេញមួយជីវិត ហើយមានការខិតខំប្រើពេលវេលាឲ្យបានល្អ អស់ពីចិត្ត ដោយនឹកចាំភាពអស់កល្បជានិច្ច។ ហើយការរាប់ចំនួនថ្ងៃអាយុ ឲ្យបានត្រឹមត្រូវ គួរតែចាប់ផ្តើមពីថ្ងៃនេះទៅ។ ពេលណាអ្នកបានជួបគ្រីស្ទបរិស័ទដែលជាចាស់ទុំ ដែលមានប្រាជ្ញាស៊ីជម្រៅក្នុងព្រះគម្ពីរ ហើយមានការស្កប់ចិត្ត ចំពោះការរស់នៅរបស់ពួកគេ គឺដោយសារការប្ដេជ្ញាចិត្តដែលពួកគេមាន ក្នុងវ័យចាស់។ គំរូរបស់ពួកគេគួរតែបានបណ្តាលចិត្តយើង ឲ្យដើរតាមការបង្រៀនក្នុងកណ្ឌគម្ពីរសាស្តាដែលបានចែងថា “ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា អញអស់សប្បាយហើយ”(សាស្តា ១២:១)។
ចូរយើងប្ដេជ្ញាចិត្តថា នឹងជៀសវាងការខ្ជះខ្ជាយពេលវេលា ក្នុងជីវិតនេះ ដូចដែលអ្នកបានជៀសវាងការខ្ជះខ្ជាយលុយ ដែលមានក្នុងកុងធនាគាររបស់អ្នកផងដែរ។ ចូរឲ្យតម្លៃមកលើពេលធម្មតា ដែលហាក់ដូចជាមិនសំខាន់ ហើយសូមព្រះអង្គប្រើពួកវា ដើម្បីនាំមកនូវការផ្លាស់ប្តូរ ក្នុងវិញ្ញាណអ្នក និងមនុស្សនៅក្បែរអ្នក។ ចូរយើងប្រើពេលគ្រប់វិនាទីឲ្យមានតម្លៃ ថ្វាយព្រះគ្រីស្ទ។
២ធីម៉ូថេ ៤:១-៨
អេសាយ ១-២ និង ម៉ាកុស ១:១-២២