និក្ខមនំ ៣:១-១០
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានឃើញសេចក្តីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ។ និក្ខមនំ ៣:៧
នៅក្នុងផ្ទាំងគំនូរដ៏ល្បីល្បាញ ដែលលោកអើរ៉ុន ដូក្លាស(Aaron Douglas) បានគូរមានចំណងជើងថា “ចូរដោះលែងរាស្រ្តរបស់ព្រះ” គាត់បានដាក់ពណ៌ស្វាយ បៃតង និងពណ៌មាស យ៉ាងស្រស់ស្អាត ជាមួយរូបស្រមោលតាមប្រពៃណីជនជាតិអាហ្វ្រិក ដើម្បីចែកចាយអំពីរឿងរបស់លោកម៉ូសេ ក្នុងព្រះគម្ពីរប៊ីប ដោយតភ្ជាប់ជាមួយនឹងរឿងនៃការតស៊ូទាមទារសេរីភាព និងយុត្តិធម៌របស់ជនជាតិអាមេរិកស្បែកខ្មៅ។
ផ្ទាំងគំនូរនេះបានពិពណ៌នា អំពីពេលដែលព្រះទ្រង់បង្ហាញអង្គទ្រង់ឲ្យលោកម៉ូសេឃើញ ក្នុងគុម្ពបន្លាឆេះ ដោយមានបន្ទូលថា ព្រះអង្គបានទតឃើញទុក្ខវេទនារបស់ប្រជាជនអ៊ីស្រាអែល ជារាស្រ្តព្រះអង្គ ក្នុងទឹកដីអេស៊ីព្ទហើយ។ វិចិត្រកររូបនេះបានប្រើរូបភាពបាច់ពន្លឺ ជាសញ្ញាតំណាងឲ្យព្រះ និងព្រះរាជសាររបស់ព្រះអង្គ ដែលបានមានបន្ទូលថា “ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅផារ៉ោន ដើម្បីឲ្យឯងបាននាំរាស្ត្រអញ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក”(និក្ខមនំ ៣:១០)។
ក្នុងផ្ទាំងគំនូរនេះ លោកម៉ូសេបានលត់ជង្គង់ដោយការបន្ទាបខ្លួនស្តាប់បង្គាប់ព្រះរាជបញ្ជារបស់ព្រះ ប៉ុន្តែ ភ្នែកគាតមើលទៅទឹករលកធំៗ និងទ័ពសេះនៅព័ទ្ធជុំវិញគាត់ ជាទិដ្ឋភាពដែលបានរំឭកទស្សនិកជន អំពីទុក្ខលំបាកដែលពួកអ៊ីស្រាអែលបានជួប នៅពេលដែលពួកគេចាកចេញពីទឹកដីអេស៊ីព្ទ។ ប៉ុន្តែ បាច់ពន្លឺបានចែងចាំងភ្លឺច្បាស់ ជាការរំឭកថា ព្រះអង្គនឹងគង់នៅជាមួយរាស្រ្តអ៊ីស្រាអែល។
អារម្មណ៍ដែលបានបង្ហាញនៅក្នុងផ្ទាំងគំនូរនេះ អាចធ្វើឲ្យយើងប៉ះពាល់ចិត្តផងដែរ ព្រោះក្នុងពេលបច្ចុប្បន្ន មនុស្សជាច្រើននៅតែបន្តស្វែងរកយុត្តិធម៌ ដោយមនុស្សជាច្រើនបានប្រើអំណាចរបស់ខ្លួន ដើម្បីកៀបសង្កត់មនុស្សប្រុសស្រី និងកុមារ នៅទូទាំងពិភពលោក។ នៅពេលដែលមនុស្សរងទុក្ខស្រែករកព្រះ សូមព្រះអង្គធ្វើ “ជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងនៅគ្រាលំបាក”(ទំនុកដំកើង ៩:៩) យើងអាចអធិស្ឋានទូលអង្វរ សូមព្រះអង្គឆ្លើយតប ចំពោះសម្រែករបស់ពួកគេ។ ហើយយើងក៏អាចស្ម័គ្រចិត្តជួយមនុស្សដែលត្រូវគេសង្កត់សង្កិន តាមគំរូលោកម៉ូសេផងដែរ។—Lisa M. Samra
តើអ្នកអាចអធិស្ឋានឲ្យមនុស្សដែលគេសង្កត់សង្កិនដូចម្តេចខ្លះ? តើអ្នកអាចស្វែងយល់បន្ថែមដូចម្តេចខ្លះ
អំពីរបៀបជួយមនុស្សដែលកំពុងរងទុក្ខ ដោយសារអំពើអយុត្តិធម៌?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គបង្ហាញព្រះវត្តមានព្រះអង្គ ដល់មនុស្សដែលកំពុងរងទុក្ខ ដោយអំពើអយុត្តិធម៌។
Visit ODBU.org/SF120 to learn more about how to pray for others.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៤៩-៥០ និង ម៉ាថាយ ១៣:៣១-៥៨