អំណោយ​នៃ​ទុក្ខ​លំបាក

១ពេត្រុស ៤:១២-១៩

គឺជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ​។ ១ពេត្រុស ៤:១៤

បង​ប្អូន​ត្រកូល​រ៉ាយ(Wright) បាន​ក្លាយ​ជា​មនុស្ស​ដំបូង ដែល​បាន​បើកបរ​យន្តហោះ​ដោយ​ជោគជ័យ​មុនគេ ប៉ុន្តែ ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នេះ មិន​មាន​ភាព​ងាយ​ស្រួល​ទេ​។ ទោះ​បង​ប្អូន​ពីរ​នាក់​នេះ​បាន​ទទួល​បរាជ័យ​ជា​ច្រើនដង​រាប់​មិន​អស់ ត្រូវ​គេ​ចំអក​ឲ្យ មាន​ការ​ខ្វះខាត​ថវិកា ហើយ​ក្នុង​ចំណោម​ពួកគេ មាន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ក៏ដោយ ពួកគេ​មិន​បាន​បោះបង់ចោល​ការ​តស៊ូ ដោយសារ​ទុក្ខ​លំបាក​ទាំង​អស់​នេះ​ទេ​។ គឺ​ដូច​ដែល​លោក​អូវីល រ៉ាយ(Orville Wright) បាន​កត់​សំគាល់​ឃើញថា “គ្មាន​សត្វ​បក្សី​ណា​អាច​ហោះ​ហើរ​បាន​ខ្ពស់ នៅ​កន្លែង​ដែល​ស្ងប់​ខ្យល់​នោះ​ឡើយ”។ លោក​ដាវីឌ មែកខូឡូ(David McCullough) ដែល​ជា​អ្នក​និពន្ធ​ជីវប្រវត្តិ​របស់​អ្នក​ទាំង​ពីរ បាន​ធ្វើ​ការ​បក​ស្រាយ​អត្ថន័យ​របស់​សម្រង់​សម្តី​នេះ​ថា ជា​ញឹក​ញាប់ ទុក្ខ​លំបាក​ច្រើនតែ​អាច​ធ្វើ​ជា​កត្តា​ជំរុញ ដែល​ជួយ​ឲ្យ​អ្នក​ឡើង​ខ្ពស់​ជាមុន​។ ហើយ​អ្នក​ឡើង​ភ្នំ​មាន​អំណរ មិនមែន​ដោយសារ​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​នោះ​ទេ តែ​ដោយសារ​ពួកគេ​បាន​ឡើង​ភ្នំ​។

សាវ័ក​ពេត្រុស​បាន​បង្រៀន​អំពី​គោលការណ៍​ខាង​វិញ្ញាណ​ស្រដៀង​នេះ​ផង​ដែរ ទៅ​កាន់​ពួក​ជំនុំ​ដំបូង ដែល​កំពុង​ជួប​ការ​បៀតបៀន​។ គាត់​ប្រាប់​ពួក​គេ​ថា “ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុងតែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូចជា​កើត​មាន​សេចក្តី​ចំឡែក​នោះ​ឡើយ”(១ពេត្រុស ៤:១២)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​បង្រៀន​យើង​ឲ្យ​បដិសេធ​ថា ទុក្ខ​លំបាក​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ​។ តែ​គាត់​ដឹង​ថា ក្តី​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ​មាន​ការ​ចម្រើន​ឡើង នៅ​ក្នុង​ការ​ទុកចិត្ត​ព្រះ នៅពេល​មាន​ទុក្ខ​លំបាក​។

នេះ​ជា​ការ​ពិតមែន ជា​ពិសេស នៅពេល​ដែល​យើង​រង​ទុក្ខ ដោយសារ​យើង​ជឿ​ព្រះយេស៊ូវ ដូច​ពួក​ជំនុំ​ដំបូង​ដែរ​។ សាវ័ក​ពេត្រុស​បាន​សរសេរ​សំបុត្រ​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “ត្រូវ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេកអរ​រីករាយ​ជា​ខ្លាំង ក្នុង​កាលដែល​សិរី​ល្អ​ទ្រង់​លេច​មក”(ខ.១៣)។ គាត់​មាន​ប្រសាសន៍​ទៀត​ថា “បើសិន​ជា​គេ​តិះដៀល​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះគ្រីស្ទ នោះ​មាន​ព​រហើយ ពីព្រោះ​ព្រះ​វិញ្ញាណ​ដ៏​មាន​សិរី​ល្អ គឺជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ”(ខ.១៤)។

អ្នក​និពន្ធ​ជីវប្រវត្តិ​របស់​បង​ប្អូន​ត្រកូល​រ៉ាយ បាន​កោត​សរសើរ​ចារិក​លក្ខណៈ​របស់​ពួកគេ ដោយសារ​ពួកគេ​មាន​ការ​តស៊ូ​។ ចូរ​យើង​រស់នៅ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​មើល​ឃើញ​ចារឹក​លក្ខណៈ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ធ្វើ​ការ​ក្នុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក​ផង​ដែរ​។ ព្រះអង្គ​ប្រើ​ទុក្ខ​លំបាក​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​ចម្រើន​ឡើង​ពី​មួយ​កំរិត ទៅ​មួយ​កំរិត​ទៀត​។—Patricia Raybon

តើ​អ្នក​បាន​រង​ទុក្ខ​ថ្វាយ​ព្រះគ្រីស្ទ​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ការ​រង​ទុក្ខ​របស់​អ្នក​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទុក្ខ​លំបាក​បាន​ល្បងល​សេចក្តី​ជំនឿ​របស់​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ប្រទាន​ក្តី​សង្ឃឹម ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ១-៣ និង ម៉ាថាយ ១៤:១-២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles