ល្ងាច

ការបន្តក្នុងព្រះគុណព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 25, 2025
“ប៉ុន្តែ ក្នុងពួកអ្នកនោះ មានអ្នកខ្លះ... ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ ដល់ពួកសាសន៍ក្រេកដែរ ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងគេ ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញ ដោយមានសេចក្តីជំនឿ រឿងនោះបានឮដល់ត្រចៀកពួកជំនុំនៅក្រុងយេរូសាឡិម រួចគេចាត់បាណាបាស ឲ្យទៅត្រឹមអាន់ទីយ៉ូក កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្តីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់”។ កិច្ចការ ១១:២០-២៣
ព្រះទ្រង់ធ្វើការតាមរបៀបដ៏អាថ៌កំបាំង និងអស្ចារ្យ។ នៅក្នុងជីវិតនៃពួកជំនុំដំបូង ការបៀតបៀនពួកជំនុំនៅទីក្រុងយេរូសាឡិម ជាពួកជំនុំតែមួយនៅសម័យនោះ បានបណ្តាលឲ្យដំណឹងល្អបានរីកសាយទៅកាន់តែឆ្ងាយ និងឆាប់រហ័សជាងមុន។ ខណៈពេលដែលអ្នកជឿមានការខ្ចាត់ខ្ចាយ ទៅដល់ទីក្រុងភីនីក កោះគីប្រុស និងទីក្រុងអាន់ទីយ៉ូកជាដើម ដំណឹងល្អក៏បានផ្សាយទៅដល់ជនជាតិក្រិក ក្នុងតំបន់ ហើយមនុស្សជាច្រើនក៏បានទទួលជឿព្រះ។
ទោះជាយ៉ាងណាក៏ដោយ ពេលដែលដំណឹងអំពីការប្រែចិត្តរបស់សាសន៍ដទៃ បានឮទៅដល់ពួកជំនុំនៅទីក្រុងយេរូសាឡិម ពួកគេមិនមានការស្វាគមន៍ភ្លាមៗទេ។ ពីដំបូង ការរីកសាយនៃដំណឹងល្អបានកើតមានស្ទើរទាំងស្រុង នៅក្នុងចំណោមជនជាតិយូដា។ ដំណឹងអំពីការប្រែចិត្តរបស់សាសន៍ដទៃ គឺជាការផ្លាស់ប្តូរ ដែលពួកគេមិនបានត្រៀមខ្លួនទទួលយក។ តើពួកគេត្រូវមានចិត្តរីករាយ ឬប្រឆាំង?
ហេតុនេះហើយពួកគេក៏បានជ្រើសរើសលោកបាណាបាស ឲ្យទៅមើល។ លោកបាណាបាសខុសពីអ្នកខ្លះក្នុងពួកជំនុំ។ គាត់ជាអ្នកលើកទឹកចិត្ត និងទទួលស្គាល់ព្រះរាជកិច្ចនៃការប្រោសលោះរបស់ព្រះ ក្នុងជីវិតអ្នកដទៃ ទោះគេមានការភ្ញាក់ផ្អើល ឬគិតថា ចម្លែកក៏ដោយ(កិច្ចការ ៩:២៦-២៨)។ លោកបាណាបាសក៏បានទទួលស្គាល់ថា រឿងដែលបានកើតឡើង គឺជាកិច្ចការដែលព្រះអម្ចាស់កំពុងធ្វើ ហើយមានអំណរចំពោះព្រះគុណព្រះ ដោយគាត់លើកទឹកចិត្តអ្នកជឿថ្មី ឲ្យបន្តរស់នៅក្នុងព្រះគុណ និងនៅតែពិតត្រង់ចំពោះព្រះអង្គ។
បើយើងរស់នៅ ដោយព្យាយាមពឹងផ្អែកព្រះវិញ្ញាណបរិសុទ្ធ តាមក្បួនច្បាប់ដ៏តូចរបស់យើង ដោយកំណត់ថា ព្រះទ្រង់អាចធ្វើការតែនៅកន្លែងណាមួយ ឬតាមរបៀបណាមួយប៉ុណ្ណោះ ចូរយើងគិតឡើងវិញ។ ខណៈពេលដែលព្រះទ្រង់បន្តពង្រីកនគរព្រះអង្គ ហើយចាក់បង្ហូរព្រះវិញ្ញាណព្រះអង្គ មកលើមនុស្សដែលយើងមិនរំពឹងថា ព្រះអង្គនឹងរាប់បញ្ចូល នោះយើងមានឱកាសឆ្លើយតប តាមចិត្តក្លៀវក្លា តាមគំរូលោកបាណាបាសផងដែរ។ ខណៈពេលដែលខ្លឹមសារនៃដំណឹងល្អមិនចេះប្រែប្រួល ពិភពលោក និងកាលៈទេសៈរបស់យើងមានការផ្លាស់ប្តូរជានិច្ច។ តែព្រះទ្រង់បន្តត្រាស់ហៅមនុស្ស ឲ្យចូលមករកអង្គទ្រង់ មកពីគ្រប់ជាតិសាសន៍ គ្រប់ភាសា និងក្រុមមនុស្ស(វិវរណៈ ៧:៩)។
យើងគួរតែរំពឹងថា ព្រះអង្គនឹងធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដោយធ្វើការតាមរបៀបដែលយើងមិនបាននឹកស្មានដល់ និងសម័យដែលខុសពីសម័យយើង។ ហើយពេលណាព្រះអង្គធ្វើការនោះ ចូរយើងត្រៀមខ្លួន ដើម្បីពេញដោយព្រះវិញ្ញាណ និងសេចក្តីជំនឿ ដូចលោកបាណាបាសផងដែរ(កិច្ចការ ១១:២៤) ដោយអរសប្បាយ ក្នុងកិច្ចការថ្មីដែលព្រះទ្រង់បានធ្វើ និងត្រៀមខ្លួនរួមចំណែក ហើយលើកទឹកចិត្តអ្នកដទៃឲ្យបន្តទៅមុខទៀត ក្នុងព្រះគុណព្រះអង្គ។
កិច្ចការ ១០:១-៤៨
អេសាយ ១៤-១៦ និង ម៉ាកុស ៤:២១-៤១