ព្រឹក

អត្ថន័យនៃភួងបន្លា (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយKenneth Petersen
February 2, 2025
ម៉ាថាយ ៥:១-១២
មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត។ ម៉ាថាយ ៥:៤
លោកអ៊ីសាក វ៉ាត់(Isaac Watts) ស្ថិតក្នុងចំណោមអ្នកនិពន្ធទំនុកសកល ដែលល្បីល្បាញបំផុត ក្នុងប្រវត្តិសាស្រ្តពួកជំនុំ។ គាត់បាននិពន្ធបទ “កាលខ្ញុំនឹកពីឈើឆ្កាងអស្ចារ្យ”។ ក្នុងល្បះដំបូងរបស់បទចម្រៀងនេះ គាត់បានធ្វើការពិពណ៌នា អំពីភាពខុសប្លែកគ្នា ក្នុងន័យថា គាត់បានចាត់ទុកវត្ថុមានតម្លៃបំផុតដែលគាត់រកបាន ជាការខាតបង់ ហើយក៏បានស្អប់ខ្ពើមសេចក្តីអំនួតរបស់គាត់។ ជួនកាល ក្នុងភាសានិយាយ យើងសង្កេតឃើញគេប្រើពាក្យផ្សំពីពាក្យពីរដែលមានន័យផ្ទុយគ្នាក្នុងន័យលេងសើច ដូចជាពាក្យ “សប្បាយចង់ងាប់” ។ ក្នុងបទទំនុកសកលរបស់លោកវាត់ គាត់បានប្រើពាក្យផ្សំពីពាក្យដែលមានន័យផ្ទុយគ្នា មិនមែនក្នុងន័យលេងសើច តែមានអត្ថន័យដ៏ជ្រាលជ្រៅណាស់។
ព្រះយេស៊ូវក៏បានប្រើពាក្យដែលមានន័យផ្ទុយគ្នា ជាញឹកញាប់ផងដែរ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “មានពរហើយ អស់អ្នកដែលមានសេចក្តីកំសត់ខាងឯវិញ្ញាណ”(ម៉ាថាយ ៥:៣) ក្នុងន័យថា មនុស្សដែលអស់សង្ឃឹម នឹងទទួលបានលើសពីអ្វីដែលពួកគេធ្លាប់សង្ឃឹមថានឹងបាន។ ពេលណាយើងសោកសង្រេង ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ ហើយយើងយំសោក ព្រះយេស៊ូវមានបន្ទូលថា យើងបានទទួលបាន “ការកម្សាន្តចិត្ត”(ខ.៤)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងបង្ហាញថា នៅក្នុងនគរព្រះការរស់នៅរបស់មនុស្ស នឹងមានភាពផ្ទុយស្រឡះពីជីវិតនៅផែនដី។
តាមរយៈភាពផ្ទុយគ្នានេះ យើងអាចរៀនសូត្របានថា ជីវិតក្នុងព្រះគ្រីស្ទខុសពីការរំពឹងគិតគ្រប់យ៉ាងរបស់លោកិយ។ ជាក់ស្តែង យើងដែលជាមនុស្សដែលគេមិនឲ្យតម្លៃនៅផែនដី តែយើងជាមនុស្សមានតម្លៃក្នុងព្រះអង្គ។ កាលព្រះយេស៊ូវកំពុងជាប់នៅលើឈើឆ្កាង ព្រះអង្គបានបង្ហាញពីភាពខុសគ្នានេះ តាមរយៈមកុដធ្វើពីភួងបន្លា ដែលគេបានបំពាក់ពីលើព្រះកេសព្រះអង្គ ដើម្បីសើចចំអកឲ្យព្រះអង្គ។ លោកអ៊ីសាក វ៉ាត់ ក៏បានប្រើនិមិត្តសញ្ញានៃការសើចចំអកនេះ ក្នុងបទចម្រៀងរបស់គាត់ ដើម្បីបកស្រាយអំពីអត្ថន័យរបស់សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ ក្នុងន័យថា ព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់ នៅក្នុងការរងទុក្ខរបស់ព្រះអង្គ ដោយមានមកុដធ្វើពីបន្លា បានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ។ យើងអាចមានចិត្តរំភើប ចំពោះអត្ថន័យនេះ តែយើងក៏ត្រូវមានការប្រុងប្រយ័ត្ន ពេលយើងច្រៀងបន្ទាត់ចុងក្រោយ នៃទំនុកសកលនេះ ដែលបានក្រើនរំឭកយើងថា សេចក្តីស្រឡាញ់របស់ព្រះអង្គអស្ចារ្យ ជាសេចក្តីស្រឡាញ់មកពីព្រះ បានតម្រូវឲ្យខ្ញុំថ្វាយវិញ្ញាណ ជីវិត និងអ្វីៗគ្រប់យ៉ាងដល់ព្រះអង្គ។—Kenneth Petersen
តើក្នុងព្រះបន្ទូលអំពីព្រះពរ នៅក្នុងបទគម្ពីរម៉ាថាយ ជំពូក៥ មានចំណុចមួយណា ដែលត្រូវនឹងជីវិតអ្នកជាងគេ?
តើព្រះបន្ទូលនោះមានទំនាក់ទំនងនឹងបទពិសោធន៍នៃជីវិតរបស់អ្នក ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការលះបង់នៅលើឈើឆ្កាង និងបានធ្វើឲ្យទូលបង្គំក្លាយជាមនុស្សមានតម្លៃ ក្នុងនគរព្រះអង្គ។
Visit ODBU.org/NT035 to dive deeper into the Beatitudes of Jesus.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៩-៣០ និង ម៉ាថាយ ២១:២៣-៤៦