គ្រប់​គ្រាន់​សម្រាប់​ថ្ងៃ​នេះ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ» (លូកា ១១:៣)។

បើ​គេ​ត្រូវ​យក​នំប៉័ង​ធ្វើ​ជា​និមិត្ត​រូប​តំណាង​ឲ្យ​អ្វី​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ នោះ​វា​ជា​តំណាង​ឲ្យ​អាហារ​ប្រចាំ​ថ្ងៃ។ អាហារ​ផ្សេង​ទៀត គឺ​ជា​អាហារ​បន្ទាប់​បន្សំ​ដែល​ពិត​ជា​នាំ​មក​នូវ​ភាព​រីករាយ​ដល់​ការ​រស់នៅ​របស់​យើង ប៉ុន្តែ​ពេលណា​យើង​គិត​អំពី​នំ​ប៉័ង ភាគ​ច្រើន​យើង​គិត​អំពី​តម្រូវ​ការ​មូលដ្ឋាន​បំផុត​របស់​ជីវិត​ខ្លួន​ឯង​ដែល​កំពុង​ទទួល​ការ​បំពេញ។

ការ​គិត​ដូច​នេះ គឺ​ស្រប​តាម​ការ​ផ្គង់​ផ្គង់​ដ៏​ពិសេស​របស់​ព្រះ​អម្ចាស់​សម្រាប់​រាស្ត្រ​ព្រះ​អង្គ។ ក្នុង​គ្រា​សញ្ញា​ចាស់ ការ​រស់​នៅ​របស់​រាស្ត្រ​អ៊‌ីស្រាអែល​វិល​វល់​នៅ​ក្នុង​វាល​រហោស្ថាន តម្រូវ​ឲ្យ​ពួក​គេ​ពឹង​ផ្អែក​ទាំង​ស្រុង​មក​លើ​ព្រះ​អង្គ​បំពេញ​តម្រូវការ​របស់​ពួក​គេ។ ព្រះ​អង្គ​បាន​បង្រៀន​ពួក​គេ​ឲ្យ​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​អង្គ ដោយ​ប្រទាន​នំម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ​ជា​រៀង​រាល់​ថ្ងៃ ដែល​ការ​ផ្គត់ផ្គង់​នេះ​ស្ថិត​ក្នុង​ចំណោម​ការ​ផ្គត់ផ្គង់​ដែល​ពួកគេ​អាច​មើល​ឃើញ​ច្បាស់​បំផុត។

ព្រះ​អង្គ​បាន​ប្រាប់​រាស្ត្រ​ព្រះ​អង្គ​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​នឹង​ផ្គត់​ផ្គង់​នំម៉ាណា​ជា​រៀង​រាល់​ថ្ងៃ សម្រាប់​តែ​ថ្ងៃ​នីមួយៗ​ប៉ុណ្ណោះ។ ពួក​គេ​មិន​ត្រូវ​ទុក​នំម៉ាណា​សម្រាប់​បរិភោគ​នៅ​ថ្ងៃ​ស្អែក​ឡើយ (និក្ខមនំ ១៦:១៩)។ គោល​បំណង​របស់​ព្រះ​អង្គ​ក្នុង​ការ​ប្រទាន​មួយ​ថ្ងៃ​មួយ​ដង​ស្មើ​នឹង​ការ​ប្រទាន​នំ​ប៉័ង​ប្រចាំ​ថ្ងៃ គឺ​ដើម្បី​បង្រៀន​ពួក​គេ​ឲ្យ​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​អង្គ។ គួរ​ឲ្យ​ស្តាយ​ណាស់ ពួក​អ៊‌ីស្រាអែល​ខ្លះ​បាន​សង្ស័យ​ថា ព្រះ​អង្គ​នឹង​មិន​ប្រទាន​តាម​ការ​សន្យា ហើយ​ក៏​បាន​បះបោរ​ទាស់​នឹង​ព្រះ​អង្គ ដោយ​រក្សា​ទុក​នំម៉ាណា​នៅ​ថ្ងៃ​បន្ទាប់ (ការ​សង្ស័យ​មក​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ តែង​តែ​នាំ​ទៅ​រក​ការ​មិន​ស្តាប់​បង្គាប់​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ)។ នៅ​ថ្ងៃ​បន្ទាប់ ពួក​គេ​ឃើញ​នំម៉ាណា​ដែល​នៅ​សល់​មាន​ដង្កូវ​ស៊ី មាន​ក្លិន​ស្អុយ (ខ.២០)។ ព្រះ​ទ្រង់​បាន​បង្រៀន​ពួក​គេ​ឲ្យ​ពឹង​ផ្អែក​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ។ វា​ជា​មេរៀន​ដែល​ពួក​គេ​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​រៀន​សូត្រ។

ពេល​ណា​យើង​សិក្សា​អំពី​រឿង​នេះ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​ពិចារណា​អំពី​ពាក្យ «សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ជា​រាល់​ថ្ងៃ» យើង​នឹង​បាន​ដឹង​ថា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់​ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​កំពុង​បង្រៀន​យើង​ថា ក្នុង​គ្រប់​សម័យ​កាល​ទាំង​អស់ ព្រះ​ទ្រង់​បាន​បង្រៀន​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ​ដែល​ផ្គត់​ផ្គង់​តម្រូវការ​គ្រប់​យ៉ាង​របស់​យើង គឺ​មិន​ឲ្យ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​ផ្គត់ផ្គង់​នោះ​ឡើយ។

ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ក្រោក​ឡើង ហើយ​រក​ឃើញ​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ​ប្រចាំ​ថ្ងៃ​សារ​ជា​ថ្មី។ ហេតុ​នេះ​ហើយ ព្រះ​អង្គ​បាន​បង្រៀន​ពួក​អ៊‌ីស្រាអែល «ឲ្យ​ប្រមូល​នំម៉ាណា​មួយ​ចំណែក​តូច សម្រាប់​ដាក់​តាំង​ទុក​សម្រាប់​កូន​ចៅ​ពួក​គេ​ត​ទៅ​មុខ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​នំ​ដែល​ព្រះ​អង្គ​បាន​ឲ្យ​ពួក​គេ​បរិភោគ​នៅ​ទី​រហោស្ថាន» (និក្ខមនំ ១៦:៣២)។ ក្នុង​ការ​អនុវត្ត​តាម​ការ​បង្គាប់​នេះ ពួក​អ៊‌ីស្រាអែល​នៅ​ជំនាន់​នីមួយៗ ត្រូវ​និយាយ​ប្រាប់​មនុស្ស​ជំនាន់​ក្រោយ​អំពី​ការ​ពិត និង​ភាព​អស្ចារ្យ​នៃ​ការ​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ​របស់​ព្រះ​អង្គ។

ព្រះ​វរបិតា ដែល​យើង​ស្គាល់​តាម​រយៈ​ព្រះ​យេស៊ូវ ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​តម្រូវការ​ផ្ទាល់​ខ្លួន ជាក់​ស្តែង និង​តម្រូវការ​ខាង​សាច់ឈាម​របស់​យើង។ អ្នក​ប្រហែល​ជា​ក្រោក​ឡើង នៅពេល​ព្រឹក​នេះ ដោយ​ចិត្ត​ថប់​បារម្ភ អំពី​បញ្ហា​ដែល​បន្ត​កើត​មាន ឬ​ព្រឹត្តិការណ៍​ដែល​នឹង​មកដល់​ក្នុង​ជីវិត​អ្នក។ សូម​ចាំ​ថា ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អ្នក ហើយ​អ្នក​អាច​ចូល​ទៅ​រក​ព្រះ​អង្គ​ដោយ​ទំនុក​ចិត្ត ដោយ​ទូល​សូម​ព្រះ​អង្គ​ប្រទាន​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។ ហើយ​បន្ទាប់​មក អ្នក​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ប្រទាន​អ្វី​ដែល​អ្នក​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក និង​ជា​រៀង​រហូត។ អ្នក​អាច​ផ្ទេរ​បន្ទុក​នៃ​ការ​ថប់​បារម្ភ​របស់​អ្នក​ដល់​ព្រះ​អង្គ ដ្បិត​ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អ្នក និង​ផ្គត់ផ្គង់​អ្នក (១ពេត្រុស ៥:៧)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ និក្ខមនំ ១៦

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៣៩-៤០ និង​ម៉ាកុស ១០:១-៣១

More articles