លោកុប្បត្តិ ២:៤-៩
រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ … ក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង។ លោកុប្បត្តិ ២:៥
គ្រួសាររបស់ខ្ញុំសាងសង់ផ្ទះរបស់យើង នៅចុងផ្លូវលំក្រាលគ្រួស នៅលើដីភក់ ដែលមិនមានដើមឈើដុះ ។ យើងចាំបាច់ត្រូវដាំស្មៅ ដើមឈើ និងគុម្ពផ្កា ឲ្យត្រូវនឹងទេសភាពជើងភ្នំនៅព័ទ្ធជុំវិញ ក្នុងរដ្ឋអូរីហ្គិន។ ខណៈពេលដែលខ្ញុំយកឧបករណ៍កសិកម្មចេញមក ដើម្បីចាប់ផ្តើមធ្វើការដាំដុះ ខ្ញុំក៏បាននឹកចាំ អំពីការដាំដុះដំបូងបំផុត ដែលកំពុងរង់ចាំឲ្យមនុស្សជាតិធ្វើ។ គឺដូចមានសេចក្តីចែងថា “រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង”(លោកុប្បត្តិ ២:៥)។
ក្នុងការពិពណ៌នា អំពីការបង្កើតរបស់សព្វសារពើ បទគម្ពីរលោកុប្បត្តិ ជំពូក១ បានបញ្ជាក់ម្តងហើយម្តងទៀត អំពីការវាយតម្លៃរបស់ព្រះ មកលើស្នាព្រះហស្តដែលព្រះអង្គបានបង្កើតថា ព្រះអង្គបានទតឃើញថា “ល្អហើយ” ឬទតឃើញ “ទាំងអស់ជាការល្អប្រពៃ”(ខ.៤,១០,១២,១៨,២១,២៥,៣១)។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើតនេះមិនទាន់បានចប់សព្វគ្រប់នៅឡើយទេ។ ដីដែលព្រះអង្គបង្កើតត្រូវការឲ្យលោកអ័ដាម និងនាងអេវ៉ាធ្វើការដាំដុះ ដើម្បីអនុវត្តនូវការថែទាំស្នាព្រះហស្តរបស់ព្រះអង្គ(ខ.២៨)។ ព្រះអង្គបានបង្កើតពួកគេមក ក្នុងទីកន្លែងសុខស្រួល ដែលត្រូវការឲ្យពួកគេថែទាំ និងដាំដុះឲ្យចម្រើនឡើងផងដែរ។
តាំងពីដើមដំបូងមក ព្រះទ្រង់បានត្រាស់ហៅមនុស្សឲ្យធ្វើការជាដៃគូជាមួយព្រះអង្គ នៅក្នុងការបង្កើតរបស់ព្រះអង្គ។ ព្រះអង្គបានអនុវត្តដូចនេះ ក្នុងសួនច្បារអេដែន ហើយព្រះអង្គក៏បានបន្តធ្វើដូចនេះ ជាមួយមនុស្សដែលកើតជាថ្មី នៅពេលដែលពួកគេទទួលជឿព្រះគ្រីស្ទ(២កូរិនថូស ៥:១៧)។ នៅពេលដែលយើងបានសង្គ្រោះរួចពីបាប យើងមិនទាន់មានភាពល្អឥតខ្ចោះនោះទេ។ ហេតុនេះហើយសាវ័កប៉ុលបានមានប្រសាសន៍ថា “កុំឲ្យត្រាប់តាមសម័យនេះឡើយ”(រ៉ូម ១២:២)។ ព្រះទ្រង់ធ្វើការក្នុងយើង ខណៈពេលដែលយើងខិតខំរស់នៅ “ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់” ដើម្បីផ្គាប់ព្រះទ័យព្រះអង្គ(៨:២៩)។
ខណៈពេលដែលយើងកំពុងរួមចំណែកក្នុងការថែរក្សាផែនដី ចូរយើងថែទាំជីវិតថ្មីដែលយើងទទួលបានក្នុងព្រះគ្រីស្ទ ជាអំណោយដែលមិនអាចកាត់ថ្លៃបាន ដែលត្រូវការការលូតលាស់ តាមបំណងព្រះទ័យព្រះអង្គ។—Matt Lucas
តើអ្នកចូលចិត្តកិច្ចការអ្វីជាងគេ? តើព្រះទ្រង់កំពុងត្រាស់ហៅអ្នក ឲ្យថែរក្សាអ្វីខ្លះឲ្យចម្រើនឡើង នៅក្នុងសហគមន៍របស់អ្នក?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអញ្ជើញទូលបង្គំឲ្យចូលរួម នៅក្នុងកិច្ចការដែលព្រះអង្គកំពុងធ្វើ ក្នុងលោកិយនេះ និងនៅក្នុងទូលបង្គំ។
For further study, read Worshipping God Means More than Singing at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៣៩-៤០ និង ម៉ាថាយ ២៣:២៣-៣៩