ម៉ាថាយ ៤:១៨-២២
រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ។ ម៉ាថាយ ៤:១៩
នៅពេលរសៀលមួយនោះ ភែតធី(Patty) បានចំណាយពេលស្ទូចត្រី នៅមាត់ច្រាំងទន្លេ ក្នុងតំបន់។ គាត់ទើបតែបានផ្លាស់ទីលំនៅមកតំបន់នេះ ក្នុងពេលថ្មីៗនេះ ដូចនេះ គាត់មិនសង្ឃឹមថាអាចស្ទូចបានត្រីទេ តែគាត់ស្ទូចឲ្យបានមិត្តភក្តិថ្មីៗ នៅថ្ងៃនោះ។ គាត់មិនបានដាក់នុយជន្លេន ឬនុយអ្វីទៀត ជាប់ខ្សែសន្ទូចរបស់គាត់ទេ។ តែផ្ទុយទៅវិញ គាត់បានប្រើដងសន្ទូចធំហើយវែង ដោយចងភ្ជាប់កញ្ចប់នំតូចៗនឹងខ្សែសន្ទូច ចែកឲ្យមនុស្សដែលកំពុងជិះទូកលេងតាមខ្សែទឹក នៅពេលថ្ងៃ ក្នុងរដូវក្តៅ។ គាត់បានប្រើមធ្យោបាយដ៏ប៉ិនប្រសប់នេះ ដើម្បីរាប់អានអ្នកជិតខាងថ្មីរបស់គាត់ ដែលហាក់ដូចជាចូលចិត្តញាំនំដ៏ផ្អែមឆ្ងាញ់របស់គាត់។
ការដែលភែតធីបានទៅ “នេសាទឲ្យបានមិត្តភក្តិ” ក្នុងន័យត្រង់យ៉ាងដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការត្រាស់ហៅ ដែលព្រះយេស៊ូវមាន សម្រាប់លោកពេត្រុស និងលោកអនទ្រេ ដើម្បីឲ្យពួកគេដើរតាមព្រះអង្គអស់មួយជីវិត។ បងប្អូនពីរនាក់នេះជាអ្នកនេសាទដែលឧស្សាហ៍ព្យាយាម។ ពួកគេកំពុងទម្លាក់សំណាញ់ចូលទៅក្នុងសមុទ្រកាលីឡេ។ ព្រះយេស៊ូវក៏បានបង្អាក់ការងាររបស់ពួកគេ ដោយការត្រាស់ហៅឲ្យដើរតាមព្រះអង្គវិញ ដោយមានបន្ទូលប្រាប់ពួកគេថា ព្រះអង្គនឹងចាត់ពួកគេឲ្យចេញទៅ “នេសាទមនុស្ស” មិនមែននេសាទត្រីទេ(ម៉ាថាយ ៤:១៩)។ បន្តិចក្រោយមក ព្រះអង្គក៏បានត្រាស់ហៅយ៉ាងដូចនេះ ដល់អ្នកនេសាទពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន។ ពួកគេសុទ្ធតែបានទុកសំណាញ់ និងទូកចោលភ្លាមៗ ដើម្បីដើរតាមព្រះយេស៊ូវ។
ព្រះគ្រីស្ទក៏បានត្រាស់ហៅយើងឲ្យដើរតាមព្រះអង្គ និងផ្ដោតចិត្តទៅលើជីវិតខាងវិញ្ញាណរបស់មនុស្សដែលយើងជួប ពោលគឺធ្វើអ្វីដែលមានតម្លៃអស់កល្បជានិច្ច គឺមិនខុសពីអ្នកនេសាទទាំងនោះ ដែលបានក្លាយជាសាវ័កដំបូងរបស់ព្រះអង្គ។ ចូរយើងនាំមនុស្សនៅជុំវិញយើង ឲ្យទទួលយកអ្វីដែលពិតជាធ្វើឲ្យពួកគេស្កប់ចិត្ត ជាក្តីសង្ឃឹមដ៏ស្ថិតស្ថេរ ក្នុងជីវិតដែលមានការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ(យ៉ូហាន ៤:១៣-១៤)។—Kirsten Holmberg
តើមាននរណាជាមនុស្សទីមួយ ដែលចែកចាយដល់អ្នក អំពីព្រះយេស៊ូវ? តើអ្នកអាចនាំអ្នកដទៃដូចម្តេចខ្លះ ឲ្យពួកគេទទួលយកក្តីសង្ឃឹម ដែលព្រះអង្គបានប្រទាន?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យក្លាយជាអ្នកនេសាទមនុស្ស ដើម្បីឲ្យអ្នកដទៃបានស្គាល់ និងទទួលជឿព្រះអង្គផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ៨-១០ និង ម៉ាថាយ ២៥:៣១-៤៦