ថ្ងៃ​ឈប់​សម្រាក​របស់​ព្រះ​អង្គ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ ព្រម​ទាំង​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ពីព្រោះ​នៅ​ថ្ងៃ​នោះ ទ្រង់​បាន​ឈប់​សម្រាក​ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​បង្កើត​បាន​ធ្វើ» (លោកុប្បត្ដិ ២:៣)។

មនុស្ស​ជាតិ​ជា​ស្នា​ព្រះ​ហស្ត​ដែល​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ។ យើង​មិន​មែន​ជា​សត្វ​ស្វា​ដែល​មាន​ការ​វិវត្តន៍​ខ្ពស់​ជាង​គេ​នោះ​ទេ។ មាន​តែ​មនុស្ស​យើង​ទេ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ (លោកុប្បត្ដិ ១:២៧)។ យើង​ជា​ស្នា​ព្រះ​ហស្ត​ព្រះ​អាទិករ ព្រោះ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក តែ​យើង​ក៏​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ស្នា​ព្រះ​ហស្ត​ទាំង​អស់ ព្រោះ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ។ មនុស្ស​ជាតិ​មាន​ភាព​ថ្លៃថ្នូរ​រ​ដែល​មិន​អាច​កាត់​ផ្តាច់​បាន ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​គោរព​ព្រះ​អាទិករ​នៃ​យើង ហើយ​រស់​នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។

បើ​មនុស្ស​ជា​ស្នា​ព្រះ​ហស្ត​ដែល​ខ្ពង់ខ្ពស់​បំផុត នោះ​គោលដៅ​ធំ​បំផុត​នៃ​ការ​បង្កើត​របស់​ព្រះ​អង្គ គឺ​ដើម្បី​ឲ្យ​យើង​បាន​សម្រាក។ កាល​ព្រះ​អង្គ​បញ្ចប់​ព្រះ​រាជ​កិច្ច​នៃ​ការ​បង្កើត​ព្រះ​អង្គ​ក៏​បាន​សម្រាក។ ការ​នេះ​មិន​មាន​ន័យ​ថា ព្រះ​អង្គ​ឈប់​មាន​ព្រះ​វត្ត​មាន ឬ​សកម្មភាព​នៅ​ក្នុង​ពិភពលោក​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ឈប់​សម្រាក​ពី​ការ​បង្កើត។ ព្រះ​អង្គ​មិន​ត្រូវ​ការ​ការ​កែ​លម្អ ឬ​បន្ថែម​បន្ថយ​អ្វី​ឡើយ។ គ្មាន​អ្វី​ដែល​ត្រូវ​កែ​សម្រួល និង​ធ្វើ​ឡើង​វិញ​ទេ។ ហើយ​ការ​រៀប​ចំ​ដ៏​ធំ​របស់​ព្រះ​អង្គ ដែល​ជា​បំណង​ព្រះ​ទ័យ​សម្រាប់​មនុស្ស​ជាតិ គឺ​ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ជា​មួយ​ព្រះ​អង្គ ក្នុង​ថ្ងៃ​ឈប់​សម្រាក​ដ៏​អស្ចារ្យ ដែល​នៅ​តែ​បន្ត​មាន។

ក្នុង​រឿង​នៃ​ការ​បង្កើត ក្នុង​បទ​គម្ពីរ​លោកុប្បត្ដិ ជំពូក១ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នីមួយៗ ក្នុង​រយៈ​ពេល​៦​ថ្ងៃ​ដំបូង​សុទ្ធ​តែ​មាន​ឃ្លា «នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង»។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៧ មិន​មាន​ឃ្លា​នេះ​ទៀត​ទេ។ យើង​អាច​កាត់​ស្រាយ​ថា ថ្ងៃ​ទី​៧ ជា​ថ្ងៃ​ដែល​នៅ​តែ​បន្ត​មាន ដែល​ក្នុង​នោះ ព្រះ​អង្គ​កំពុង​ជ្រើស​រើស​រាស្ត្រ​មួយ​សម្រាប់​អង្គ​ទ្រង់។ ព្រះ​អង្គ​កំពុង​នាំ​មនុស្ស​ជាតិ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ ដោយ​ផ្គត់​ផ្គង់ និង​ការពារ​ពួក​គេ ហើយ​ប្រទាន​ការ​ប្រកប​គ្នា និង​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​អំណាច​មក​លើ​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ។

គោល​បំណង​នៃ​ថ្ងៃ​ឈប់​សម្រាក ឬ​សប្ប័ទ ដូច​ដែល​បាន​បង្គាប់​ក្នុង​ក្រឹត្យ​វិន័យ​ដប់​ប្រការ គឺ​ដើម្បី​ឲ្យ​ពួក​អ៊‌ីស្រាអែល មាន​ការ​យល់​ដឹង អំពី​ការ​រៀប​ចំ​ខ្ពស់​បំផុត ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ជីវិត​មនុស្ស (លោកុប្បត្ដិ ២០:៨-១១)។ តាម​រយៈ​ការ​សម្រាក និង​ការ​សញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ ពួក​គេ​អាច​គិត​អំពី​អត្ថន័យ​នៃ​ការ​រស់នៅ​ជា​រាស្ត្រ​របស់​ព្រះ​នៅ​ក្រោម​ការ​ដឹក​នាំ និង​ព្រះ​ពរ​របស់​ព្រះ​អង្គ។

កាល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ហៅ​រាស្ត្រ​ព្រះ​អង្គ ឲ្យ​ចូល​មក​រក​ព្រះ​អង្គ ព្រះ​អង្គ​មាន​បន្ទូល​ថា «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង» (ម៉ាថាយ ១១:២៨-២៩)។ អ្វីៗ​ដែល​ព្រះ​ទ្រង់​បាន​រចនា ក្នុង​ភាព​ស្រស់​ស្អាត​នៃ​សួន​ច្បារ​អេដែន ហើយ​បាន​ខូច​ដោយ​សារ​មនុស្ស​ធ្លាក់​ចូល​ក្នុង​បាប នឹង​ទទួល​ការ​ស្អាង​ឡើង​វិញ នៅ​ថ្ងៃ​ណា​មួយ ដែល​យើង​បាន​ចូល​ក្នុង​ព្រះ​វត្ត​មាន​ព្រះ។ សព្វ​ថ្ងៃ​នេះ យើង​ដក​ពិសោធន៍​នឹង​ការ​សម្រាក ដោយ​ផ្ទេរ​បាប​យើង​ទៅ​ព្រះ​យេស៊ូវ​ឲ្យ​ព្រះ​អង្គ​លាង​ជម្រះ និង​ថ្វាយ​ការ​ព្រួយ​បារម្ភ​ដល់​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​អង្គ​ជួយ​យើង។ ថ្ងៃ​មួយ យើង​នឹង​បាន​ដក​ពិសោធន៍​នឹង​ការ​សម្រាក​ដ៏​ឥត​ខ្ចោះ ក្នុង​ជីវិត​ដែល​រស់​ឡើង​វិញ ក្នុង​លោកីយ៍​ដែល​ព្រះ​អង្គ​បាន​ស្អាង​ឡើង​វិញ​ដោយ​សេចក្តី​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ល្អ​ឥត​ខ្ចោះ។ ភ្នែក​របស់​យើង​ត្រូវ​ផ្ចង់​ទៅ​រក​សេចក្តី​នេះ ហើយ​ចិត្ត​របស់​យើង​ក៏​ត្រូវ​រៀប​ចំ​ស្រប​តាម​សេចក្តី​នេះ នៅ​ថ្ងៃ​ល្អ​បំផុត និង​អាក្រក់​បំផុត​ក្នុង​លោកីយ៍​នេះ។ ថ្ងៃ​មួយ យើង​នឹង​មាន​ការ​សម្រាក​ពិត​ប្រាកដ នៅ​ក្នុង​សន្តិភាព​របស់​ព្រះ​អង្គ។

ខណៈ​ពេល​ដែល​យើង​ដើរ​ឆ្ពោះ​ទៅ​រក​ពេល​អនាគត នោះ​គំរូ​របស់​ព្រះ​អង្គ គឺ​ជា​គំរូ​ដែល​យើង​ត្រូវ​យក​តម្រាប់​តាម។ ដូច​ដែល​ព្រះ​អង្គ​បាន​បង្គាប់ យើង​ត្រូវ​គោរព​ថ្ងៃ​ឈប់​សម្រាក​របស់​ព្រះ​អង្គ ហើយ​ចំណាយ​ពេល​ពិចារណា អំពី​ការ​ទាំង​អស់​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ គឺ​ដើម្បី​ឲ្យ​យើង​អរ​សប្បាយ​នឹង​ជីវិត​ដែល​ប្រកប​ជា​មួយ​ព្រះ​អង្គ ហើយ​ចូល​រួម​ជា​មួយ​ព្រះ​អង្គ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ​គេ​ឲ្យ​ធ្វើ​ជា​រាស្ត្រ​ព្រះ​អង្គ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ៨

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៥០-៥២ និង​ម៉ាកុស ១២:២៨-៤៤

More articles