អេសេគាល ៣៤:១១-១៦
ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញទាំងស៊ើបសួររកទាល់តែឃើញផង។ អេសេគាល ៣៤:១១
អ៊ែវិន(Evan) មានបញ្ហាញៀនថ្នាំប៉ុន្មានឆ្នាំហើយ ដែលបានរារាំងគាត់ មិនឲ្យចូលមកជិតព្រះ។ គាត់ឆ្ងល់ថា តើធ្វើដូចម្តេចឲ្យគាត់សក្តិសមនឹងទទួលសេចក្តីស្រឡាញ់របស់ព្រះ? ដូចនេះ ខណៈពេលដែលគាត់បន្តទៅព្រះវិហារ គាត់មានអារម្មណ៍ថា មានគម្លាតធំមួយមិនអាចតភ្ជាប់បាន ដែលបានធ្វើឲ្យគាត់ដាច់ចេញពីព្រះ។
ប៉ុន្តែ ពេលណាអ៊ែវិនអធិស្ឋានអស់ពីចិត្ត អំពីរឿងអ្វីមួយ ព្រះអម្ចាស់ហាក់ដូចជាបានឆ្លើយតបចំពោះគាត់។ ព្រះអង្គក៏បានចាត់មនុស្សឲ្យមកលើកទឹកចិត្ត និងកម្សាន្តចិត្តគាត់ ក្នុងពេលដ៏ពិបាក។ ប៉ុន្មានឆ្នាំក្រោយមក អ៊ែវិនក៏បានដឹងថា ព្រះអម្ចាស់បានតាមរកគាត់ជានិច្ច ហើយក៏បានបង្ហាញថា ព្រះអង្គតែងតែស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះគាត់។ ហើយនៅពេលនោះ គាត់ក៏បានចាប់ផ្តើមទុកចិត្តលើការអត់ទោសបាប និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ គាត់ក៏បាននិយាយថា “ឥឡូវនេះ ខ្ញុំដឹងថាព្រះអង្គបានអត់ទោសឲ្យខ្ញុំហើយ ហើយខ្ញុំអាចអនុញ្ញាតឲ្យព្រះអង្គនាំខ្ញុំ ចូលទៅជិតព្រះអង្គ ទោះខ្ញុំកំពុងតែតយុទ្ធនឹងការញៀនថ្នាំក៏ដោយ”។
បទគម្ពីរអេសេគាល ៣៤:១១-១៦ បានពិពណ៌នាអំពីព្រះមួយអង្គ ដែលតាមរករាស្រ្តព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញទាំងស៊ើបសួររកទាល់តែឃើញផង”(ខ.១១)។ រឿងនេះបានកើតឡើងបន្ទាប់ពីអ្នកដឹកនាំរបស់ពួកគេ ដែលជាមនុស្សបានបោះបង់ចោលពួកគេ ហើយពួកគេក៏បានឈប់ស្តាប់បង្គាប់ព្រះអង្គ ដែលជាអ្នកគង្វាលពិត(ខ.១-៦)។ ទោះយើងជាជនរងគ្រោះដែលកំពុងអស់សង្ឃឹម ដោយសារកាលៈទេសៈ ឬកំពុងទទួលរងផលវិបាកនៃអំពើបាបរបស់យើងក្តី ព្រះអង្គនៅតែតាមរកយើង ដោយសេចក្តីស្រឡាញ់។ ព្រះអង្គនាំយើងឲ្យវិលត្រឡប់មករកព្រះអង្គវិញ ដោយព្រះគុណ និងសេចក្តីមេត្តារបស់ព្រះអង្គ។ បើអ្នកបានភ្លេចព្រះអង្គ ចូរវិលត្រឡប់មករកព្រះអង្គវិញ ហើយបន្តដើរជាមួយព្រះអង្គជារៀងរាល់ថ្ងៃ ខណៈពេលដែលព្រះអង្គនឹងដឹកនាំអ្នក។—Leslie Koh
តើព្រះអង្គបានបង្ហាញអ្នកដូចម្តេចខ្លះ ដើម្បីឲ្យអ្នកដឹងថា ព្រះអង្គយកព្រះទ័យទុកដាក់ និងស្រឡាញ់អ្នក?
តើអ្នកអាចអនុញ្ញាតឲ្យព្រះអង្គនាំអ្នកចូលមកជិតព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលតែងតែស្រឡាញ់ទូលបង្គំ ទោះទូលបង្គំមានការសង្ស័យ និងបានព្យាយាមដើរចេញពីព្រះអង្គយ៉ាងណាក៏ដោយ។
សូមព្រះអង្គបង្រៀនទូលបង្គំឲ្យទុកចិត្តលើសេចក្តីស្រឡាញ់របស់ព្រះអង្គ សារជាថ្មី។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១១-១២ និង ម៉ាថាយ ២៦:១-២៥