ផែនការ​របស់​យើង និង​ផែនការ​ព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

អេសាយ ៥៥:៨-១២

ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “គំនិត​អញ មិនមែន​ដូចជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិនមែន​ជា​ផ្លូវ​របស់​អញ​ដែរ”។ អេសាយ ៥៥:៨

កាល​ប៉ុន្មាន​ឆ្នាំ​មុន ស្វាមី​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាហ្វ្រិក ជាមួយ​មនុស្ស​មួយ​ក្រុម មកពី​ព្រះវិហារ​របស់​គាត់​។ នៅ​នាទី​ចុង​ក្រោយ ក្រុម​របស់​គាត់​ក៏បាន​ទទួល​ដំណឹង​ថា ពួកគេ​មិន​អាច​ធ្វើ​ដំណើរ​បានទេ​។ ម្នាក់ៗ​មាន​ការ​ខក​ចិត្ត ប៉ុន្តែ ចំពោះ​លុយ​ដែល​ពួកគេ​ប្រមូល​បាន សម្រាប់​បង់​ថ្លៃ​សំបុត្រ​យន្តហោះ ការ​ស្នាក់​នៅ និង​អាហារ ពួកគេ​ក៏​បាន​បរិច្ចាគ​ឲ្យ​ប្រជាជន​នៅ​ភូមិ​នោះ ​ដែល​ពួកគេ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​បាន​។ ប្រជាជន​ក្នុង​ភូមិ​នោះ​ក៏​បាន​ប្រើ​លុយ​នោះ ដើម្បី​សាង​សង់​អាគារ ធ្វើ​ជា​កន្លែង​ស្នាក់​នៅ​សម្រាប់​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​បំពាន។

ថ្មីៗ​នេះ ក្នុង​អំឡុង​ពេល​អធិស្ឋាន ក្នុង​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ជួប​មនុស្ស​ម្នាក់ ដែល​បាន​រស់នៅ​ក្នុង​ភូមិ ដែល​គាត់​ស្ទើរតែ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​កាល​ប៉ុន្មាន​ឆ្នាំ​មុន​។ បុរស​នោះ​ក៏បាន​ប្រាប់​ស្វាមី​ខ្ញុំ​ថា គាត់​ជា​គ្រូ​បង្រៀន​នៅ​ភូមិ​នោះ ហើយ​ថា គាត់​បាន​ដើរ​កាត់​ពីមុខ​អាគារ​នោះ ជា​រៀង​រាល់​ថ្ងៃ​។ គាត់​ក៏​បាន​បញ្ជាក់​ថា ព្រះអម្ចាស់​កំពុង​តែ​ប្រើ​អាគារ​នោះ ដើម្បី​ជួយ​មនុស្ស​ដែល​ងាយ​រង​គ្រោះ​បំផុត ក្នុង​តំបន់​នោះ​។

ផែនការ និង​បំណង​ចិត្ត​របស់​យើង មិន​តែងតែ​សម​ស្រប​នឹង​បំណង​ព្រះទ័យ​របស់​ព្រះ​ទេ​។ ដ្បិត​គំនិត​ព្រះអង្គ មិនមែន​ដូចជា​គំនិត​របស់​យើង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​យើង​រាល់​គ្នា​ក៏​មិនមែន​ជា​ផ្លូវ​របស់​ព្រះអង្គ​ដែរ(អេសាយ ៥៥:៨)។ ផ្លូវ​របស់​ព្រះ​មិន​គ្រាន់តែ​ខុសពី​ផ្លូវ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏ “ខ្ពស់​ជាង” និង​ល្អ​ជាង ព្រោះ​ការ​អ្វី​ដែល​ព្រះអង្គ​ធ្វើ គឺ​តែងតែ​សម​ស្រប​នឹង​​ការ​ពិត​ដែល​ថា ព្រះអង្គ​ជា​នរណា(ខ.៩)។ សេចក្តី​ពិត​នេះ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ក្តី​សង្ឃឹម ពេលណា​ការ​ប្រឹង​ប្រែង​របស់​យើង ក្នុង​ការ​ធ្វើ​ការ​បម្រើ​ព្រះអង្គ មិន​បាន​ទទួល​លទ្ធផល ដូច​ដែល​យើង​បាន​គ្រោង​ទុក​។

កិច្ចការ​ដែល​យើង​ធ្វើ​ថ្វាយ​ព្រះ​ជា​យូរ​មក​ហើយ ប្រហែល​ជា​ទើបតែ​មានផល​ផ្លែ​នៅពេល​ថ្មីៗ​នេះ បានជា​យើង​អាច​ក្រឡេកមក​ក្រោយ មើល​ឃើញ​ឥទ្ធិពល​របស់​ព្រះអង្គ ដែល​បាន​ធ្វើ​ការ​ក្នុង​ស្ថានភាព​នីមួយៗ​។ ប៉ុន្តែ សព្វថ្ងៃ​នេះ ខណៈ​ពេល​ដែល​យើង​បន្ត​ឈោង​ចាប់​លោកិយ ដោយនូវ​ព្រះ​នាម​ព្រះអង្គ យើង​អាច​ចាំ​ថា ព្រះអង្គ​តែងតែ​ធ្វើ​ការ ក្នុង​កាលៈទេសៈ​នីមួយៗ ដោយ​ព្រះ​ចេស្តា​ជានិច្ច(ខ.១១)។—Jennifer Benson Schuldt

តើ​អ្នក​មាន​ការ​ខក​ចិត្ត ចំពោះ​ការ​ជាប់​គាំង​ណាមួយ នៅ​ពេលណា? តើ​ព្រះអង្គ​អាច​ប្រើ​រឿង​នេះ ដើម្បី​បង្រៀន​អ្នក​យ៉ាងណា​ខ្លះ អំពី​អង្គ​ទ្រង់?

ឱ​ព្រះអម្ចាស់ ព្រះអង្គ​ជា​ព្រះ​ដែល​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​។ ពេលណា​ទូល​បង្គំ​មិន​យល់ អំពី​រឿង​ដែល​កំពុង​កើត​ឡើង សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ១៣ និង ម៉ាថាយ ២៦:២៦-៥០

More articles