១កូរិនថូស ១៣:៤-១៣
សេចក្តីស្រឡាញ់មិនដែលផុតឡើយ។ ១កូរិនថូស ១៣:៨
នៅក្នុងពិធីមង្គលការរបស់អ្នកស្រី មេរេឌិត(Meredith) ម្តាយរបស់គាត់បានអានខគម្ពីរ ក្នុងកណ្ឌគម្ពីរ១កូរិនថូស។ ជាញឹកញាប់ គេច្រើនតែហៅជំពូកទី១៣ នៃកណ្ឌគម្ពីរនេះថា “ជំពូកនៃសេចក្តីស្រឡាញ់” ក្នុងព្រះគម្ពីរប៊ីប។ កណ្ឌគម្ពីរនេះគឺជាកណ្ឌគម្ពីរដែលសក្ដិសមបំផុត សម្រាប់ពិធីមង្គលការរបស់គាត់។ គឺដូចដែលបទគម្ពីរនេះបានចែងថា “ឯសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង”(ខ.៤)។ ពេលខ្ញុំស្តាប់ឮគាត់អានខគម្ពីរនេះ ខ្ញុំឆ្ងល់ថា តើគូរស្វាមីភរិយាក្នុងសម័យបច្ចុប្បន្ន បានដឹងទេថា មានអ្វីបណ្តាលចិត្តសាវ័កប៉ុលឲ្យសរសេរបទគម្ពីរនេះ។ បទគម្ពីរនេះមិនមែនជាកំណាព្យស្នេហាទេ។ តែសាវ័កប៉ុលបានសរសេរពាក្យពេចន៍ទាំងអស់នេះ ដើម្បីបង្រៀនពួកជំនុំដែលកំពុងជួបការបាក់បែក ក្នុងគោលបំណងដើម្បីជួយពួកគេឲ្យមានការរួបរួម។
និយាយឲ្យស្រួលស្តាប់ ពួកជំនុំនៅទីក្រុងកូរិនថូស “កំពុងស្ថិតក្នុងភាពរញ៉េរញ៉ៃ”។ បញ្ហាដែលកំពុងក្តៅគគុកមានដូចជា អំពើអសីលធម៌ផ្លូវភេទ អំពើពេស្យាចារ និងការប្រជែងគ្នារវាងអ្នកដឹកនាំ។ ការប្តឹងផ្តល់រវាងសមាជិកពួកជំនុំ បានកើតឡើងជាធម្មតា។ ការថ្វាយបង្គំច្រើនតែគ្មានសណ្ដាប់ធ្នាប់ ដោយអ្នកដែលចេះនិយាយភាសាដទៃបានប្រជែង ដើម្បីឲ្យបាននិយាយមុនគេ ហើយអ្នកខ្លះទៀតបានថ្លែងទំនាយ ដើម្បីឲ្យគេស្ងើចសរសើរខ្លួន(មើល១កូរិនថូស ជំពូក១៤)។
ភាពរញ៉េរញ៉ៃក្នុងពួកជំនុំនៅទីក្រុងកូរិនថូសបានកើតមានឡើង ដោយសារពួកគេខកខានមិនបានប្រកបគ្នា ដោយសេចក្តីស្រឡាញ់។ ហេតុនេះហើយ សាវ័កប៉ុលក៏បានបង្ហាញផ្លូវដ៏ប្រសើរ ដោយបង្រៀនពួកគេអំពីសេចក្តីស្រឡាញ់ ព្រោះ “សេចក្តីស្រឡាញ់មិនដែលផុតឡើយ”។ ប៉ុន្តែ ការថ្លែងទំនាយនឹងលែងមានទៀត ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏នឹងសាបសូន្យដែរ តែសេចក្តីស្រឡាញ់មិនដែលផុតឡើយ(១៣:៨)។
ការក្រើនរំឭករបស់សាវ័កប៉ុល អំពីសេចក្តីស្រឡាញ់ពិតជាអាចផ្តល់ឲ្យនូវការលើកទឹកចិត្ត ក្នុងពិធីមង្គលការ។ សូមបទគម្ពីរនេះបានបណ្តាលចិត្តយើងឲ្យរស់នៅ ដោយសេចក្តីស្រឡាញ់ និងចិត្តសប្បុរសផងដែរ។—Patricia Raybon
តើអ្នកបង្ហាញសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ ក្នុងទំនាក់ទំនងរបស់អ្នកដូចម្តេចខ្លះ?
តើអ្នកអាចបង្ហាញសេចក្តីស្រឡាញ់ ក្នុងរូបកាយព្រះគ្រីស្ទដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់របស់ព្រះអង្គមិនដែលចប់ឡើយ។
សូមព្រះអង្គដឹកនាំទូលបង្គំ ក្នុងទំនាក់ទំនងជាមួយមនុស្សទាំងអស់ ដោយសេចក្តីស្រឡាញ់អស់ពីចិត្ត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១៥-១៦ និង ម៉ាថាយ ២៧:១-២៦