សិស្ស​ពិត​របស់​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ​ករុណា​វិសេស​ព្រះ​អម្ចាស់» (កិច្ចការ ៩:១០)។

ជា​រៀង​រាល់​ថ្ងៃ យើង​កំពុង​បង្កើត​កេរ្តិ៍​ឈ្មោះ​របស់​យើង។ ហើយ​ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ ជា​រៀង​រាល់​ថ្ងៃ យើង​ក៏​កំពុង​បង្កើត​ព្រះ​កិត្តិនាម​ថ្វាយ​ព្រះ​គ្រីស្ទ​ផង​ដែរ។ តើ​ជីវិត​របស់​យើង បាន​ឆ្លុះ​បញ្ចាំង​ដូច​ម្ដេច​ខ្លះ​អំពី​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​យើង​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ?

លោក អាន៉្នានាស ជា​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ ដែល​ប្រហែល​មិន​សូវ​មាន​ឈ្មោះ​ល្បី ប៉ុន្តែ​តែ​គាត់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង មក​លើ​ជីវិត​សាវ័ក ប៉ុល និង​មក​លើ​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​ទាំង​មូល។ នេះ​គឺ​ដោយសារ​គាត់​មាន​ចិត្ត​ស្មោះ​ត្រង់ និង​ប្ដូរ​ផ្តាច់​ជា​រៀង​រាល់​ថ្ងៃ ក្នុង​នាម​គាត់​ជា​សិស្ស​ព្រះ​គ្រីស្ទ។ គាត់​មាន​លក្ខណៈ​ពិសេស​៣​យ៉ាង ជា​សិស្ស​ព្រះ​គ្រីស្ទ​ដែល​អាច​ជួយ​ឲ្យ​យើង​មាន​ចរិត​លក្ខណៈ និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ព្រះ​គ្រីស្ទ​ខណៈ​ពេល​ដែល​យើង​ព្យាយាម​ឲ្យ​ព្រះ​ទ្រង់​ប្រើ​យើង​ក្នុង​នគរ​ព្រះ​អង្គ។

ទី​១ លោក អាន៉្នានាស ជា​សិស្ស​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ពិសេស។ មុន​ពេល​សាវ័ក ប៉ុល (ពីមុន​មាន​ឈ្មោះ​សូល) ទៅ​ទីក្រុង​ដាម៉ាស ឬ​ជួប​លោក​អាន៉្នានាស ព្រះ​ទ្រង់​បាន​រៀប​ចំ​ឲ្យ​មាន​ការ​រីក​សាយ​នៃ​ដំណឹង​ល្អ​មុន​ថ្ងៃ​បុណ្យ​ទី​៥០ នៅ​ទីក្រុង​យេរូសាឡឹម ទៅ​ដល់​ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​នៃ​ទីក្រុង​ដាម៉ាស ដែល​នៅ​ទីនោះ ដែល​នាំ​ឲ្យ​មាន​អ្នក​ជឿ​មួយ​ក្រុម​រាប់​បញ្ចូល​ទាំង​លោក អាន្ន៉ានាស ផង​ដែរ។ បន្ទាប់​មក ព្រះ​អម្ចាស់​បាន​ជ្រើស​រើស​គាត់ នៅ​ក្នុង​ក្រុម​នេះ ឲ្យ​ចេញ​ទៅ​រក​សាវ័ក ប៉ុល បន្ទាប់​ពី​គាត់​បាន​ប្រែ​ចិត្ត​ជឿ​ព្រះ​ហើយ។ ការ​បង្ហាញ​អធិបតេយ្យ​ភាព​របស់​ព្រះ​បាន​បណ្ដាល​ចិត្ត និង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​អាច​ធ្វើ​ការ តាម​របៀប​ដែល​យើង​មើល​មិន​ឃើញ ដើម្បី​រៀប​ចំ និង​ប្រើ​យើង​ឲ្យ​សម្រេច​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។

ទី២ លោក អាន៉្នានាស ជា​សិស្ស​ដែល​មាន​ចិត្ត​ក្លាហាន។ គាត់​បាន​ហៅ​ខ្លួន​ឯង​ថា អ្នក​ដើរ​តាម​ព្រះ​អម្ចាស់ ជា​ផ្នែក​មួយ​នៃ​ក្រុម​នៅ​ទីក្រុង​ដាម៉ាស ដែល​សាវ័ក ប៉ុល បាន​ទៅ​បៀតបៀន មុន​ពេល​គាត់​ជឿ​ព្រះ​អង្គ (កិច្ចការ ៩:‌១)។ លោក អាន៉្នានាស មិន​គ្រាន់​តែ​ស្មោះ​ស្ម័គ្រ​ចំពោះ​ពួក​ជំនុំ​ក្នុង​តំបន់​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ស្មោះ​ស្ម័គ្រ​ចំពោះ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ដែរ។ ស្រដៀង​គ្នា​នេះ​ដែរ បើ​ព្រះ​យេស៊ូវ​បាន​គ្រប់​គ្រង​ជីវិត​យើង ហើយ​កែ​ប្រែ​យើង នោះ​យើង​មិន​អាច​លាក់​បាំង​មិន​ឲ្យ​គេ​ដឹង​អំពី​ការ​ផ្លាស់​ប្រែ​នេះ​ទេ។ គឺ​ដូច​ដែល​យើង​និយាយ​ថា ទេ​ចំពោះ​បាប ពេល​យើង​ទទួល​សេចក្តី​សង្គ្រោះ​របស់​ព្រះ​គ្រីស្ទ នោះ​យើង​ក៏​ត្រូវ​និយាយ​ថា ទេ​ចំពោះ​ការ​លាក់​បាំង​ជំនឿ​របស់​យើង​ដែរ។ បើ​ភាព​ជា​សិស្ស​របស់​យើង​នឹង​បំផ្លាញ​ការ​លាក់​បាំង​នេះ នោះ​ការ​លាក់​បាំង​នេះ​នឹង​បំផ្លាញ​ភាព​ជា​សិស្ស​របស់​យើង​ជា​មិន​ខាន។

ទី៣ លោក អាន៉្នានាស ជា​សិស្ស​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត។ ក្រោយ​មក សាវ័ក ប៉ុល បាន​នឹក​ចាំ​ថា លោក អាន៉្នានាស គឺ​ជា «អ្នក​កោត​ខ្លាច​ដល់​ព្រះ​តាម​ក្រឹត្យ​វិន័យ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​សាសន៍​យូដា​ទាំង​អស់​ដែល​នៅ​ទីនោះ» (កិច្ចការ ២២:១២)។ កេរ្តិ៍​ឈ្មោះ​ល្អ​ដូច​នេះ មិន​បាន​កើត​មាន​ក្នុង​រយៈ​ពេល​តែ​៥​នាទី ឬ​៥​ថ្ងៃ​នោះ​ទេ តែ​កើត​មាន​បន្តិច​ម្តងៗ​ក្នុង​ដំណើរ​ជីវិត។ លោក អាន៉្នានាស មាន​កេរ្តិ៍​ឈ្មោះ​ដូច​នេះ ដោយ​សារ​គាត់​បាន​ប្ដេជ្ញា​ចិត្ត​ដើរ​តាម​ព្រះ និង​ព្រះ​បន្ទូល​ពេញ​មួយ​ជីវិត ជា​ការ​ប្ដេជ្ញា​ចិត្ត ដែល​គាត់​ពិត​ជា​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​ការងារ និង​ការ​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​ជា​រៀង​រាល់​ថ្ងៃ។

ជីវិត​របស់​លោក អាន៉្នានាស បាន​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់ តាម​មធ្យោបាយ​ដែល​ហាក់​ដូច​ជា​តូច​តាច​នៅ​ថ្ងៃ​ធម្មតា។ ប្រហែល​ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​ត្រាស់​ហៅ​យើង​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ថ្វាយ​ព្រះ​អម្ចាស់ តែ​មុន​ពេល​នោះ​មក​ដល់ យើង​ត្រូវ​រស់​អស់​ពី​ចិត្ត​ថ្វាយ​ព្រះ​អង្គ។ នេះ​ជា​ការ​អ្វី​ដែល​ពួក​សាវ័ក​បាន​ធ្វើ គឺ​ធ្វើ​ដោយ​ចិត្ត​ក្លាហាន ដោយ​ការ​ប្ដេជ្ញា​ចិត្ត និង​ដោយ​ការ​បន្ទាប​ខ្លួន ក្នុង​ការ​ដើរ​តាម​ព្រះ​អង្គ និង​ទុក​ចិត្ត​ព្រះ​អង្គ​ទាំង​ស្រុង។ ទោះ​យើង​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា មាន​កូន ដេញ​តាម​អាជីព​ណា​មួយ ឬ​កំពុង​ចូល​និវត្តន៍​ក្នុង​វ័យ​ចាស់​ក្តី ចូរ​យើង​ព្យាយាម​ធ្វើ​អ្វីៗ ដោយ​ចិត្ត​ស្មោះ​ត្រង់ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ។ ចូរ​កំណត់​គោល​ដៅ​រស់​នៅ​ឲ្យ​បាន​ធ្វើ​ជា​សិស្ស​ពិត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដូច​លោក អាន្ន៉ានាស ផង​ដែរ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ៩:១-១៩

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៦២-៦៤ និង​ម៉ាកុស ១៤:២៧-៥២

More articles