«ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សម្រាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតឯង ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន» (លេវីវិន័យ ១៧:១១)។
កាលព្រះទ្រង់សង្គ្រោះពួកអ៊ីស្រាអែលឲ្យរួចផុតពីនគរអេស៊ីព្ទ ការប្រោសលោះរបស់ពួកគេបាននាំឲ្យពួកគេមានទំនាក់ទំនងជាមួយព្រះអង្គ។ ពួកគេបានរស់នៅក្រោមក្រឹត្យវិន័យរបស់ព្រះអង្គ ដោយអរសប្បាយនឹងព្រះវត្តមានព្រះអង្គក្នុងរោងឧបោសថ។ ប៉ុន្តែ ចាប់តាំងពីដំបូងមក ពួកអ៊ីស្រាអែលមិនអាចកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គបានទេ។ ដូចនេះ យើងអាចសួរថា តើព្រះដ៏បរិសុទ្ធអាចគង់នៅជាមួយមនុស្សមានបាបដោយរបៀបណា?
នៅថ្ងៃពិសេស ជារៀងរាល់ឆ្នាំ គឺនៅថ្ងៃធួននឹងបាប សម្ដេចសង្ឃរបស់ពួកអ៊ីស្រាអែលត្រូវបានព្រះអង្គបង្គាប់ឲ្យចូលទីបរិសុទ្ធបំផុតក្នុងរោងឧបោសថ ដែលមានព្រះវត្តមានព្រះអង្គគង់នៅ ដើម្បីថ្វាយយញ្ញបូជាលោះបាបរបស់ពួកបណ្តាជន។ គាត់ត្រូវយកសត្វពពែឈ្មោលពីរក្បាល មកធ្វើយញ្ញបូជា ដោយជាដំបូង គាត់ថ្វាយពពែនោះ ធ្វើជាដង្វាយលោះបាបពួកបណ្តាជន ហើយបន្ទាប់មក គាត់យកឈាមពពែ មកប្រោះនៅទីសន្តោសប្រោស។ ពួកអ៊ីស្រាអែលសមនឹងស្លាប់ដោយសារបាបរបស់ពួកគេ តែព្រះទ្រង់បានប្រទានសត្វពពែនោះឲ្យស្លាប់ជំនួសពួកគេវិញ។ មនុស្សអាចរស់ដោយសារសត្វនោះបានស្លាប់ហើយ។ ហើយលទ្ធផលនៃការប្រោសលោះនេះអាចឃើញមាន នៅក្នុងរឿងដែលកើតឡើង មកលើសត្វពពែទី២ សម្ដេចសង្ឃត្រូវដាក់ដៃទាំង២នៅលើក្បាលពពែនោះ ដោយលន់តួពីអស់ទាំងសេចក្តីទុច្ចរិត និងអស់ទាំងសេចក្តីរំលងរបស់ពួកកូនចៅអ៊ីស្រាអែលពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន។ បន្ទាប់មក សម្ដេចសង្ឃអាចឈរប្រកាសនៅពីមុខពួកបណ្តាជនថា «បាបរបស់អ្នករាល់គ្នាត្រូវបានប្រោសលោះហើយ។ ឈាមបានខ្ចាយហើយ ហើយដោយសារការខ្ចាយឈាមនេះ យើងមានការលោះបាប។ សត្វពពែមួយក្បាលទៀត ខ្ញុំបានដេញវាទៅវាលរហោស្ថានហើយ ហេតុនេះហើយ អ្នកមិនចាំបាច់ត្រូវព្រួយបារម្ភអំពីបាបរបស់អ្នក ឬរែកពន្ធវាធ្វើជាបន្ទុកនៅលើស្មាអ្នកទៀតទេ»។ ព្រះទ្រង់ក៏បានបង្ហាញសេចក្តីពិតដ៏សំខាន់នេះ យ៉ាងជាក់លាក់ថា៖ ព្រះអង្គស្ម័គ្រព្រះទ័យធ្វើការអ្វីដែលចាំបាច់ ដើម្បីនាំមនុស្សមានបាបចូលព្រះវត្តមានព្រះអង្គ។ ដោយសាររាស្ត្រព្រះអង្គនៅតែមិនគោរពក្រឹត្យវិន័យ (តាំងពីដើមមក) ព្រះអង្គត្រូវប្រទានដង្វាយសម្រាប់លោះបាបពួកគេ ដោយបើកផ្លូវឲ្យពួកគេចូលទៅរកព្រះអង្គរៀងៗខ្លួន ដោយសារកិច្ចការដែលអង្គបុគ្គលម្នាក់បានធ្វើសម្រេច។ គឺការលះបង់ដ៏ឥតខ្ចោះរបស់ព្រះគ្រីស្ទដោយការសុគតនៅលើឈើឆ្កាង ដើម្បីផ្តល់ដំណោះស្រាយសម្រាប់អំពើបាបមួយដងជាសម្រេច។ ជាលទ្ធផល យើងអាចអរសប្បាយចំពោះទំនុកចិត្ត ដែលយើងមាននៅចំពោះព្រះអង្គ។ តែទំនុកចិត្តនេះមិនមែនជាការទុកចិត្តខ្លួនឯងនោះទេ ផ្ទុយទៅវិញ «បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធដោយសារព្រះលោហិតនៃព្រះយេស៊ូវតាមផ្លូវដែលទ្រង់ បានតាំងសម្រាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់» (ហេព្រើរ ១០:១៩-២០)។
ពេលណាអ្នកជួបការល្បួងឲ្យមានចិត្តរេរា និងសង្ស័យ ហើយនាំឲ្យពឹងផ្អែកទៅលើការប្រព្រឹត្ត សូមចាំអំពីសត្វពពែពីរក្បាលដែលសុទ្ធតែបានចង្អុលបង្ហាញអ្នក ឲ្យងាកទៅរកព្រះរាជកិច្ចរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង។ ព្រះអង្គបានបង់ថ្លៃលោះបាបអ្នក និងដកបាបអ្នកចេញហើយ។ ការប្រព្រឹត្តរបស់អ្នក មិនបានបន្ថែម ឬបន្ថយសេចក្តីសង្គ្រោះដែលអ្នកមាននៅចំពោះព្រះអង្គបានទេ។ ដូចនេះ អ្នកអាចទុកចិត្តថា៖
ដោយសារព្រះអង្គមានជន្មរស់
ហើយបានសុគតជំនួសខ្ញុំ
នោះខ្ញុំសូមថ្វាយជីវិតខ្ញុំដល់ព្រះអង្គ
អស់កល្បជានិច្ច1។
ព្រះគម្ពីរសញ្ជឹងគិត៖ ហេព្រើរ ១០:១១-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៦៥-៦៦ និងម៉ាកុស ១៤:៥៣-៧២
1លោក Horatius Bonar, “Christ for Us” ឆ្នាំ១៨៨១។