ហេព្រើរ ៤:១២-១៦
ដូច្នេះ ដែលមានសំដេចសង្ឃយ៉ាងធំ១អង្គ …ទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ។ ហេព្រើរ ៤:១៤-១៥
អ្នករចនាផ្នែកខាងក្នុង ដែលកំពុងធ្វើការកែលំអផ្ទះមួយខ្នង បានបង្ហាញការកោតស្ញប់ស្ញែង ចំពោះឥដ្ឋការ៉ូសេរ៉ាមិចដែលគេបានផលិតដោយដៃ ហើយត្រូវបានជ្រើសរើស សម្រាប់ការកែលំអបន្ទប់ទឹករបស់ផ្ទះនោះ។ ឥដ្ឋការ៉ូទាំងនោះត្រូវបានគេផលិតដោយផ្ទាល់ដៃ “មិនល្អឥតខ្ចោះ តែបានធ្វើឲ្យគាត់មានការពេញចិត្តឥតខ្ចោះ”។ ពួកវាមានភាពខុសប្លែកពីឥដ្ឋការ៉ូដែលគេបានផលិតក្នុងរោងចក្រ ដែលប្រើពុម្ពតែមួយ។ ភាពមិនគ្រប់លក្ខណ៍នេះបានផ្តល់ឲ្យពួកវានូវសម្រស់ ដោយបន្ថែមនូវភាពទាក់ទាញ និងរចនាបថ ដល់សំណង់អគារដែលគេប្រើប្រាស់ជាប្រចាំ។
ខ្ញុំមានការយល់ដឹងតិចតួច អំពីរចនាបថ ឬភាពទាក់ទាញរបស់ឥដ្ឋការ៉ូ ដូចនេះ ខ្ញុំមិនដឹងថា ឥដ្ឋការ៉ូមានផលប៉ះពាល់ជាវិជ្ជមាន ឬអវិជ្ជមានយ៉ាងណា ចំពោះការរចនាបន្ទប់ទឹកនោះទេ។ ប៉ុន្តែ នៅពេលដែលខ្ញុំគិតអំពីភាពមិនល្អឥតខ្ចោះ ខ្ញុំក៏បាននឹកចាំអំពីភាពល្អឥតខ្ចោះនៃការប្រសូតរបស់ព្រះយេស៊ូវ ដោយយាងចុះពីស្ថានសួគ៌ មកប្រសូតជាមនុស្ស។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានបញ្ជាក់ថា “ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកម្សោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ”(ហេព្រើរ ៤:១៥)។ ក្នុងអំឡុងពេលព្រះអង្គកំពុងបំពេញព្រះរាជកិច្ចនៅលើផែនដី ព្រះអង្គមិនដែលមានបន្ទូល ឬធ្វើអ្វីមួយដែលជាអំពើបាបនោះទេ។ ព្រះអង្គល្អឥតខ្ចោះ។
កណ្ឌគម្ពីរហេព្រើរបានលើកទឹកចិត្តយើង ឲ្យប្រកាន់ខ្ជាប់តាមសេចក្តីជំនឿ ដែលយើងមានចំពោះព្រះយេស៊ូវ(ខ.១៤) ព្រោះព្រះអង្គជ្រាប និងមានព្រះទ័យអាណិត ចំពោះទុក្ខលំបាកដែលយើងបានរងទ្រាំ។ ព្រះអង្គក៏ធ្លាប់ជួបទុក្ខលំបាកដោយផ្ទាល់ផងដែរ តែព្រះអង្គមិនដែលធ្វើអំពើបាបសោះឡើយ។ ព្រះអង្គសង្គ្រោះនៃយើងដែលល្អឥតខ្ចោះ អាចជួយយើង ក្នុងគ្រប់បញ្ហាទាំងអស់។—Bill Crowder
តើអ្នកបានឃើញភាពខ្វះចន្លោះរបស់អ្នក ក្នុងការប្រព្រឹត្តនៅពេលណា? តើអ្នកអាចថ្វាយការអរព្រះគុណដូចម្តេចខ្លះ ដល់ព្រះអង្គសង្គ្រោះដ៏ឥតខ្ចោះ ដែលបានរងទ្រាំទុក្ខលំបាកគ្រប់យ៉ាង ក្នុងនាមជាសម្តេចសង្ឃដ៏ឥតខ្ចោះរបស់យើង នៅចំពោះព្រះវរបិតា?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់បានចាត់ព្រះយេស៊ូវឲ្យយាងចុះមកប្រសូតជាមនុស្ស ដោយព្រះអង្គបានមានព្រះជន្មរស់នៅ បានដើរ និងធ្វើការក្នុងលោកិយដែលមានបាប តែព្រះអង្គមិនដែលប្រព្រឹត្តអំពើបាបសោះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១៧-១៨ និង ម៉ាថាយ ២៧:២៧-៥០