បង្ហាញ​ឲ្យ​គេ​ស្គាល់​សេចក្តី​មេត្តា​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ម៉ាថាយ ៧:៧-១២

ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹងគេ​ដូច្នោះ​ដែរ​។ ម៉ាថាយ ៧:១២

ទាហាន​ហ្វាំងឡង់​ម្នាក់ បាន​ដេកដួល​មាន​របួស​ក្នុង​សមរ​ភូមិ ក្នុង​អំឡុង​សង្គ្រាម​រដូវរងា រយៈ​ពេល៣ខែ រវាង​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​រុស្ស៊ី(ឆ្នាំ១៩៣៩ ដល់ ១៩៤០)។ មាន​ទាហាន​រុស្ស៊ី​ម្នាក់​បាន​ដើរមក ឃើញ​គាត់​ដេក​នៅ​លើ​ដី​ដូច​នេះ ក៏បាន​ភ្ជង់​កាំភ្លើង​ដាក់​គាត់​។ ទាហាន​ហ្វាំងឡង់​ដឹង​ច្បាស់​ថា ជីវិត​គាត់​ត្រូវ​អស់​ពេល​នោះ​ហើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ទាហាន​រុស្ស៊ី​ក៏​បាន​ហុច​កញ្ចប់​ថ្នាំ​ឲ្យ​គាត់ រួច​បន្ត​ដើរទៅ​មុខ​ទៀត​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ ទាហាន​ហ្វាំងឡង់​រូប​នោះ​ក៏​បាន​ជួប​រឿង​ដូច​ទាហាន​រុស្ស៊ី​ផង​ដែរ​ ដោយ​លើក​នេះ គាត់​បាន​ឃើញ​ទាហាន​រុស្ស៊ី​ម្នាក់​កំពុង​ដេកដួល​មាន​របួស នៅ​លើ​ដី ដោយ​គ្មាន​នរណា​ជួយ​ក្នុង​សមរ​ភូមិ​។ គាត់​ក៏បាន​ប្រគល់​កញ្ចប់​ថ្នាំ​ពេទ្យ​ឲ្យ​ទៅ​ទាហាន​រុស្ស៊ី​នោះ ហើយក៏​បាន​បន្ត​ដើរទៅ​មុខ​ទៀត​។

ព្រះយេស៊ូវ​បាន​ប្រទាន​យើង នូវ​គោលការណ៍​សម្រាប់​ដឹកនាំ​ជីវិត​យើង ដោយ​មាន​បន្ទូល​ថា “អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹងគេ​ដូច្នោះ​ដែរ”(ម៉ាថាយ ៧:១២)។ តើ​អ្នក​អាច​ស្រមៃ​​ថា ពិភពលោក​នឹង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា បើសិន​ជា​អ្នកជឿ​ព្រះ​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​ដ៏​សាមញ្ញ​នេះ? តើ​យើង​អាច​រំពឹង​ថា ការ​កៀបសង្កត់​នឹង​បាន​បញ្ចប់ ក្នុង​កំរិត​ណា បើ​សិន​ជា​យើង​រួម​គ្នា​ដើរ​តាម​ប្រាជ្ញា​របស់​ព្រះយេស៊ូវ? អ្វីៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង បើសិន​ជា​យើង​ដើរ​តាម​ការ​ដឹកនាំ​របស់​ព្រះអង្គ ដោយ​ផ្តល់​ឲ្យ​អ្នក​ដទៃ នូវ​សេចក្តី​អាណិត និង​សេចក្តី​មេត្តា​ដែល​យើង​សង្ឃឹមថា គេ​នឹង​ផ្តល់​ឲ្យ​យើង​។ ពេល​ណា​យើង​ឲ្យ “អំណោយ​ដ៏​ល្អ” ដល់​អ្នក​ដទៃ គឺ​យើង​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​បាន​ស្គាល់​ដួង​ព្រះទ័យ​របស់ “ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់អ្នក” ដែល​ព្រះអង្គ​ស្រឡាញ់(ខ.១១)។

យើង​ចាំបាច់​ត្រូវ​មើល​ឃើញ​អ្នក​ដទៃ មិនមែន​ជា​ខ្មាំង​សត្រូវ អ្នក​ក្រៅ ឬ​មនុស្ស​ដែល​យើង​ប្រកួត​ប្រជែង ដើម្បី​ដណ្តើម​ឱកាស ឬអ្វី​មួយ​នោះ​ទេ​។ ផ្ទុយ​ទៅវិញ យើង​គួរតែ​ដឹង​ថា ពួកគេ​ក៏​ត្រូវ​ការ​សេចក្តី​មេត្តា និង​សេចក្តី​សប្បុរស ដូច​យើង​ផង​ដែរ​។ ហើយ​ពេលណា​យើង​មើល​ឃើញ​ដូច​នេះ ឥរិយាបថ និង​ទស្សនៈ​របស់​យើង​នឹង​មាន​ការ​ផ្លាស់​ប្តូរ​។ បន្ទាប់មក យើង​អាច​ផ្តល់​ឲ្យ​ពួក​គេ​នូវ​សេចក្តី​ស្រឡាញ់ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង​។—Winn Collier

ហេតុ​អ្វី​យើង​ចាំបាច់​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដូច​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង? តើ​ព្រះ​យេស៊ូវ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ល្អ​ចំពោះ​គេ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យចេះ​​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​មើល​ឃើញ​សេចក្តី​មេត្តា និង​សេចក្តី​ស្រឡាញ់ តាមរយៈ​របៀប​ដែល​ទូល​បង្គំ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ១៩-២០ និង ម៉ាថាយ ២៧:៥១-៦៦

More articles