សុភាសិត ២៩:៤-១១,២០
ឯងដែលឃើញមនុស្សរហ័សនឹងបញ្ចេញសំដី ឬមានសេចក្តីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។ សុភាសិត ២៩:២០
បន្ទាប់ពីកងទ័ពខាងត្បូងបានទទួលបរាជ័យធ្ងន់ធ្ងរ នៅតំបន់ហ្កេធីស្បឺក ក្នុងសម័យសង្គ្រាមស៊ីវិលអាមេរិក(១៨៦៣) ឧត្តមសេនីយ៍ រ៉ូបឺត អ៊ី លី(Robert E. Lee) ក៏បានដឹកនាំទ័ពដ៏ត្រដាបត្រដួសរបស់គាត់ ឲ្យដកថយមកតំបន់ខាងត្បូងវិញ។ ពេលនោះ ភ្លៀងបានធ្លាក់មកខ្លាំងធ្វើឲ្យជន់លិចទន្លេផូតូម៉ាក បានជាគាត់មិនអាចឆ្លងមកតំបន់ខាងត្បូងបាន។ លោកប្រធានាធិបតីអេប្រាហាំ លីនខិន(Abraham Lincoln) ក៏បានជំរុញឧត្តមសេនីយ៍ ចច មីដ(George Meade) ឲ្យធ្វើការវាយសម្រុក។ ប៉ុន្តែ កងទ័ពរបស់លោកមីដក៏កំពុងមានភាពត្រដាបត្រដួសមិនខុសពីកងទ័ពរបស់លោកលីឡើយ។ ដូចនេះ គាត់ក៏បានឲ្យទាហានគាត់សម្រាកសិន។
លោកលីនខិន ក៏បានចាប់កាន់ប៉ាកកាសរសេរសំបុត្រ ដែលក្នុងនោះ គាត់បានសារភាពថា កាលនោះគាត់កំពុងមាន “ភាពតានតឹងក្នុងចិត្តជាទីបំផុត” ចំពោះការស្ទាក់ស្ទើររបស់លោកមីដ នៅក្នុងការដេញតាមកងទ័ពរបស់លោកលី។ នៅលើស្រោមសំបុត្រនោះ លោកប្រធានាធិបតីក៏បានសរសេរដោយផ្ទាល់ថា “ផ្ញើទៅកាន់លោកឧត្តមសេនីយ៍មីដ។ មិនបានផ្ញើ ឬចុះហត្ថលេខាឡើយ”។ ជាការពិតណាស់ គាត់មិនបានចុះហត្ថលេខា ឬផ្ញើសំបុត្រនោះទៅលោកមីដឡើយ។
មុនសម័យរបស់លោកលីនខិន ជាយូរមកហើយ មានអ្នកដឹងនាំដ៏អស្ចារ្យម្នាក់ ដែលបានដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ កំហឹងរបស់មនុស្សគឺជាអំណាចដ៏គ្រោះថ្នាក់ ទោះគេមានហេតុផលយ៉ាងណាក៏ដោយ។ ស្តេចសាឡូម៉ូនបានសួរថា “ឯងដែលឃើញមនុស្សរហ័សនឹងបញ្ចេញសំដី ឬមានសេចក្តីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត”(សុភាសិត ២៩:២០)។ ស្តេចសាឡូម៉ូនជ្រាបថា ស្តេចដែលមានយុត្តិធម៌ អាចផ្តល់ឲ្យនូវស្ថេរភាពដល់ប្រទេសរបស់ខ្លួនបាន(ខ.៤)។ ទ្រង់ក៏ជ្រាបផងដែរថា “ពួកល្ងីល្ងើ សំដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ចេញវិញ”(ខ.១១)។
ហើយទីបំផុត លោកលីនខិន មិនបានផ្ញើសំបុត្ររបស់គាត់ចេញទៅទេ។ ហើយការនេះបានបញ្ចៀសការបំបាក់ទឹកចិត្តមេទ័ពកំពូលរបស់គាត់ និងបានជួយឲ្យឈ្នះសង្គ្រាមដ៏ចាំបាច់នោះ ហើយបានរួមចំណែកក្នុងការផ្សះផ្សាប្រទេសជាតិរបស់គាត់។ ការដែលគាត់ចេះទប់អារម្មណ៍របស់ខ្លួនឯងប្រកបដោយប្រាជ្ញា ដោយមិនបានផ្ញើសំបុត្រនោះ គឺបានផ្តល់ឲ្យយើងនូវមេរៀនដ៏សំខាន់ ក្នុងការគ្រប់គ្រងអារម្មណ៍។—Tim Gustafson
ហេតុអ្វីការមិនធ្វើអ្វីៗតាមអារម្មណ៍ មានសារៈសំខាន់? តើអ្នកនឹងធ្វើដូចម្តេច នៅពេលដែលអ្នកមានកំហឹងនៅពេលក្រោយ?
ឱព្រះវរបិតា ទូលបង្គំសូមថ្វាយអារម្មណ៍របស់ទូលបង្គំដល់ព្រះអង្គ ដើម្បីឲ្យវិញ្ញាណរបស់ព្រះអង្គ ជួយទូលបង្គំឲ្យជៀសវាងចេញពាក្យសំដីលឿនពេក។
For further study, read Why Am I Angry? Understanding Anger’s Roots at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ២១-២២ និង ម៉ាថាយ ២៨