«ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ។ «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្តីសន្យាផង ដើម្បីឲ្យឯងរាល់គ្នាបានសេចក្តីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ» (អេភេសូរ ៦:១-៣)។
មានពេលពីរដងដែលសាវ័ក ប៉ុល ពិពណ៌នាអំពីផលផ្លែនៃការគោរពប្រតិបត្តិព្រះ ដែលក្នុងនោះយើងឃើញគាត់ប្រើពាក្យ «ចូរស្តាប់បង្គាប់មាតាបិតាខ្លួន» (រ៉ូម ១:៣០ និង ២ធីម៉ូថេ ៣:២)។ ពេលណាអ្នកអានប្រវត្តិសាស្ត្រពួកជំនុំ ត្រង់សម័យដែលមានការភ្ញាក់រឭកខាងវិញ្ញាណ អ្នកនឹងឃើញថា ការគោរពប្រតិបត្តិព្រះដ៏ផុសផុល ក៏បានរាប់បញ្ចូលការចុះចូលរបស់កូនចំពោះអំណាចរបស់ឪពុកម្តាយដែលកោតខ្លាចព្រះផងដែរ។
ការចុះចូលរបស់កូនចំពោះឪពុកម្តាយ មិនគ្រាន់តែជាអ្វីដែលព្រះគម្ពីរបានលើកទឹកចិត្តឲ្យធ្វើតែក៏បានបង្គាប់ផងដែរ។ ព្រះគម្ពីរបានបង្រៀនយើងថា ការស្តាប់បង្គាប់ដូចនេះគឺត្រឹមត្រូវ តាមការរៀបចំរបស់ព្រះ ក្នុងការបង្កើតរបស់សព្វសារពើ ស្របតាមច្បាប់របស់ព្រះអង្គ និងឆ្លើយតបចំពោះដំណឹងល្អ។ ឪពុកម្តាយមិនត្រូវមានការភ័យខ្លាចក្នុងការប្រាប់កូនឲ្យចុះចូល និងស្តាប់បង្គាប់នោះទេ។ ប៉ុន្តែ សាវ័ក ប៉ុល មិនគ្រាន់តែបាននិយាយថា ការស្តាប់បង្គាប់នោះជាទង្វើដ៏ត្រឹមត្រូវ តែក៏បានថា ព្រះទ្រង់នឹងប្រទានរង្វាន់ដល់អ្នកស្តាប់បង្គាប់ឪពុកម្តាយផងដែរ។ ក្នុងព្រះអម្ចាស់យេស៊ូវ មានព្រះពរសម្រាប់អ្នកដែលយកចិត្តទុកដាក់ចំពោះព្រះរាជបញ្ជា និងព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ពេលណាទំនាក់ទំនងរបស់ឪពុកម្តាយជាមួយកូនមានសេចក្តីស្រឡាញ់ ការទុកចិត្ត និងការស្តាប់បង្គាប់ ការទំនាក់ទំនងនោះមិនគ្រាន់តែនាំឲ្យពួកគេមានសុខុមាលភាពល្អប៉ុណ្ណោះទេ តែក៏នាំឲ្យសង្គមមានសុខុមាលភាព និងរបៀបរៀបរយផងដែរ។
ឪពុកម្តាយ ដែលចង់ឲ្យមានការស្តាប់បង្គាប់ដូចនេះ ចាំបាច់ត្រូវចងចាំសេចក្តីពិតសំខាន់ៗ៥យ៉ាង ដែលព្រះគម្ពីរបានបង្រៀនអំពីកូន៖
១. «កូនចៅជាមរដកមកពីព្រះយេហូវ៉ា» (ទំនុកតម្កើង ១២៧:៣)។ ពួកគេជាអំណោយ និងព្រះពរមកពីព្រះ។ ពេលយើងគិតអំពីកូនរបស់យើង យើងគួរតែមានចិត្តដែលដឹងគុណចំពោះព្រះដែលបានប្រទានកូនមកយើង។
២. កូនមិនមែនជាកម្មសិទ្ធិរបស់យើងទេ តែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ ព្រះអង្គបានផ្ញើកូននឹងយើង ជាបណ្ដោះអាសន្ន។
៣. កូនមានភាពខ្វះចន្លោះតាំងពីពេលពួកគេចាប់កំណើតក្នុងផ្ទៃម្តាយ ដោយមានបាប និងមិនមានភាពសក្ដិសមនឹងទទួលជីវិតអស់កល្បជានិច្ច គឺមិនខុសពីយើងរាល់គ្នាទេ (ទំនុកតម្កើង ៥៨:៣, រ៉ូម ៣:២៣)។
៤. ដោយសារកូនជាមនុស្សមានបាប ពួកគេត្រូវការព្រះរាជបញ្ជារបស់ព្រះ។ ក្នុងនាមយើងជាឪពុកម្តាយ យើងមានការទទួលខុសត្រូវនៅក្នុងការប្រៀនប្រដៅពួកគេឲ្យកាន់តាមក្រឹត្យវិន័យរបស់ព្រះ ចាប់តាំងពីក្មេងមក។
៥. កូនរបស់យើងអាចទទួលការសង្គ្រោះដោយសារព្រះគុណព្រះតែប៉ុណ្ណោះ។ ដូចនេះ យើងត្រូវបង្រៀនពួកគេ ឲ្យមើលទៅព្រះយេស៊ូវ ហើយទទួលជឿព្រះអង្គ ដើម្បីឲ្យបានសង្គ្រោះ។
មនុស្សជាច្រើនកំពុងរស់នៅក្នុងវប្បធម៌ដែលប្រឆាំងនឹងសេចក្តីពិតទាំងនេះ។ ម្យ៉ាងទៀត គេយល់ឃើញថា ក្មេងៗមានសេចក្តីល្អពីកំណើត ហើយគេបានចាត់ទុកការអប់រំ សុខភាព ឬសុភមង្គល ជាចំណុចសំខាន់បំផុត។ ម្យ៉ាងទៀត ជាញឹកញាប់ ក្មេងៗគឺជាគោលដៅនៃការនិយាយកំប្លែង ឬការត្អូញត្អែររបស់មនុស្សធំ។ ជួនកាល សូម្បីតែនៅក្នុងពួកជំនុំក៏គេមិនបានបង្រៀនច្បាស់លាស់ អំពីរបៀបចិញ្ចឹមកូនតាមព្រះគម្ពីរដែរ។ ប៉ុន្តែ ព្រះអម្ចាស់មានបន្ទូលថា ក្មេងៗដែលចម្រើនវ័យធំឡើងក្នុងគ្រួសារត្រូវស្តាប់បង្គាប់ឪពុកម្តាយ ហើយឪពុកម្តាយត្រូវចិញ្ចឹមកូនឲ្យស្គាល់ក្រឹត្យវិន័យ និងព្រះគុណរបស់ព្រះ។ បើយើងចង់ចិញ្ចឹមមនុស្សមួយជំនាន់ក្នុងគ្រួសារ និងពួកជំនុំរបស់យើង ឲ្យកោតខ្លាច និងឧស្សាហ៍ខាងវិញ្ញាណជាងយើង យើងចាំបាច់ត្រូវចិញ្ចឹមកូនយើង ក្នុងបរិបទនៃសេចក្តីពិតរបស់ព្រះ។ គ្រីស្ទបរិស័ទជាច្រើនជាឪពុកម្តាយដែលមានកូនក្នុងគ្រួសារ។ យើងរាល់គ្នាជាសមាជិកពួកជំនុំ ដែលមានកុមារក្នុងចំណោមយើង ដូចនេះ តើអ្នកចង់រួមចំណែកដូចម្ដេចខ្លះ នៅក្នុងការជួយក្មេងជំនាន់ក្រោយឲ្យមានសុខុមាលភាពខាងវិញ្ញាណ?
ព្រះគម្ពីរសញ្ជឹងគិត៖ សុភាសិត ២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ៤-៦ និងម៉ាកុស ១៥:២៦-៤៧