ការ​បញ្ចេញមតិ​ក្លែងក្លាយ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

អេភេសូរ ៤:១៧,២២-៣២

ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅវិញ​ទៅមក​។ អេភេសូរ ៤:២៥

អតិថិជន​ម្នាក់​របស់​កម្ម​វិធី​កក់​តាក់​ស៊ី​មួយ ក្នុង​ទីក្រុង បាន​ចែកចាយ​ថា គាត់​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​អត់​ធ្មត់​ចំពោះ​ក្លិន​ស្អុយ របស់​ផ្លែឈើ​ដែល​មាន​ក្លិន​ស្អុយ​បំផុត​នៅ​លើ​ពិភពលោក ដែល​អ្នក​បើកបរ​ម្នាក់​បាន​បរិភោគ​ពេល​កំពុង​បើកបរ ហើយ​អ្នក​បើកបរ​ម្នាក់​ទៀត​បាន​ឈ្លោះ​ប្រកែក​តាម​ទូរស័ព្ទ​ជាមួយ​មិត្ត​ស្រី​របស់​គាត់​។ អ្នក​បើកបរ​ម្នាក់​ទៀត​ក៏បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់ ឲ្យ​ដាក់​លុយ​វិនិយោគ នៅ​ក្នុង​គម្រោង​ផុនហ្ស៊ី​ដែល​ជា​គម្រោង​បោក​ប្រាស់។ ក្នុង​ករណី​នីមួយៗ គាត់​មិន​បាន​បញ្ចេញមតិ​មិន​ល្អ​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ឲ្យ​ពិន្ទុ​ផ្កាយ៥ដល់​អ្នក​បើកបរ​នីមួយៗ​។ គាត់​ពន្យល់​ថា “ពួកគេ​ទាំង​អស់​ហាក់​ដូចជា​មនុស្ស​ល្អ​ទេ​។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​លុប​ឈ្មោះ​ពួកគេ​ចេញពី​កម្មវិធី​នេះ ដោយសារ​ការ​បញ្ចេញ​យោបល់​អាក្រក់​របស់​ខ្ញុំ​ទេ”។ ដូច​នេះ ក្នុង​រឿង​នេះ គាត់​បាន​បញ្ចេញមតិ​ក្លែងក្លាយ ដោយ​លាក់​បាំង​ការ​ពិត​មិន​ឲ្យ​អ្នក​បើកបរ និង​អ្នក​ដទៃ​បាន​ដឹង​។

យើង​ប្រហែល​ជា​លាក់​បាំង​ការ​ពិត​​ពី​អ្នក​ដទៃ ដោយសារ​មូល​ហេតុ​ផ្សេងៗ​។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នកជឿ​ព្រះ នៅ​ទីក្រុង​អេភេសូរ ឲ្យ​និយាយ​ពាក្យ​ពិត ចំពោះ​​គ្នា​ទៅវិញ​ទៅមក ដោយ​សេចក្តី​ស្រឡាញ់ ក្នុង​នាម​ជា​មនុស្ស​ដែល​បាន​កើតជា​ថ្មី​ក្នុង​ព្រះគ្រីស្ទ​។ ការ​នេះ​តម្រូវ​ឲ្យ​មាន​ទម្លាប់​នៃ​ការ​រស់​នៅ​ដែល​សុចរិត និង​បរិសុទ្ធ(អេភេសូរ ៤:២៤) ជា​ជីវិត​ដែល​បាន​ញែក​ចេញ​ថ្វាយ​ព្រះអង្គ និង​បង្ហាញ​ឲ្យ​គេ​ស្គាល់​ផ្លូវ​របស់​ព្រះអង្គ តាមរយៈ​ការ​ប្រព្រឹត្ត​របស់​ពួកគេ​។ ពួកគេ​ត្រូវ​ជំនួស​ការ​កុហក ដោយ​ការ​និយាយ​ពាក្យ​ពិត​ដល់​គ្នា​ទៅវិញ​ទៅមក ព្រោះ​ការ​កុហក​ធ្វើ​ឲ្យ​បែក​បាក់ និង​បង្អាក់​ការ​រួបរួម តែ​សេចក្តី​ពិត​ធ្វើ​ឲ្យ​យើង​រួបរួម​គ្នា ក្នុង​នាម​ជា​អ្នកជឿ​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅវិញ​ទៅមក”(ខ.២៥)។

ព្រះ​យេស៊ូវ​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន ដើម្បី​ជៀសវាង​ការ​កុហក និង “ការ​បញ្ចេញមតិ​ក្លែងក្លាយ” ដែល​អាច​បង្អាក់​ការ​រួបរួម​ជា​មួយ​អ្នកជឿ​ដទៃ​ទៀត​។ ការ​រស់នៅ​ដោយ​សេចក្តី​ស្រឡាញ់ តាម​ការ​ដឹកនាំ​របស់​ព្រះអង្គ នឹង​ជួយ​ឲ្យ​យើង​និយាយ​ការ​ពិត ដោយ​ចិត្ត​សប្បុរស និង​សេចក្តី​ស្រឡាញ់(ខ.៣២)។—Marvin Williams

តើ​អ្នក​បាន​ជួប​ការ​ល្បួង​ឲ្យ​លាក់​បាំង​ការ​ពិត​ពីរ​អ្នកជឿ​ដទៃ​ទៀត នៅ​ពេលណា? ហេតុ​អ្វី​អ្នក​ចាំបាច់​ត្រូវ​និយាយ​ពាក្យ​ពិត ដោយ​ចិត្ត​ស្មោះ​ត្រង់?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​មាន​ភាព​ពិត​ត្រង់ ក្នុង​ទំនាក់​ទំនង ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​ព្រះអង្គ និង​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ២៣-២៤ និង​ម៉ាកុស ១:១-២២

More articles