ផល​វិបាក​នៃ​ការ​រអ៊ូរទាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ពួក​បណ្តាជន​គេ​រទូរទាំ ហើយ​សេចក្តី​នោះ​ក៏​អាក្រក់ នៅ​ព្រះ​កាណ៌​នៃ​ព្រះ​យេហូវ៉ា កាល​ទ្រង់​បាន​ឮ នោះ​សេចក្តី​ខ្ញាល់​ទ្រង់​ក៏​កាត់​ឡើង» (ជន​គណនា ១១:១)។

ជីវិត​គ្រីស្ទ​បរិស័ទ​មិន​គួរ​មាន​ការ​រអ៊ូ​រទាំ​ឡើយ។ នេះ​ជា​មេរៀន​ដែល​ប្រជាជន​អ៊‌ីស្រាអែល​បាន​រៀន​សូត្រ តាម​របៀប​ដ៏​ពិបាក (និង​បាន​រៀន​សូត្រ​បន្តិច​ម្តងៗ)។ បន្ទាប់​ពី​ព្រះ​ទ្រង់​បាន​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ភាព​ជា​ទាសករ ក្នុង​ទឹក​ដី​អេស៊ីព្ទ ពួក​គេ​ក៏​បាន​ទទួល​ក្រឹត្យ​វិន័យ និង​ព្រះ​រាជ​បញ្ជា​ពី​ព្រះ​អង្គ ហើយ​ក៏​បាន​ដឹង​អំពី​គោល​ដៅ​ដែល​ពួក​គេ​ត្រូវ​ទៅ។ ពួក​គេ​មាន​ចិត្ត​អន្ទះសា​ចង់​ឲ្យ​ឆាប់​ទៅ​​ដល់​ទឹក​ដី​សន្យា ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​មិន​ទាន់​បាន​មួយ​កំណាត់​ផ្លូវ​ផង ពួក​គេ​ក៏​បាន​ចាប់​ផ្ដើម​រអ៊ូរទាំ។ ពួក​គេ​ចង់​បរិភោគ​សាច់ ជា​ជាង​បរិភោគ​នំម៉ាណា​ជា​រៀង​រាល់​ថ្ងៃ ហើយ​ពួក​គេ​ថែម​ទាំង​ចង់​វិល​ត្រឡប់​ទៅ​ទឹក​ដី​អេស៊ីព្ទ​វិញ​ទៀត​ផង (ជន​គណនា ១១:៤-៦)។ ពី​ដំបូង ពួក​គេ​យល់​ឃើញ​ថា ការ​ប្រទាន​របស់​ព្រះ​នូវ​នំម៉ាណា​ជា​រៀង​រាល់​ថ្ងៃ គឺ​ជា​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ តែ​ឥឡូវ ពួក​គេ​រអ៊ូរទាំ​អំពី​អាហារ​ដែល​ពួកគេ​ត្រូវ​បរិភោគ​ដដែលៗ។

ការ​រអ៊ូរទាំ​ហាក់​ដូច​មិនមែន​ជា​រឿង​តូច​តាច​ទេ ប៉ុន្តែ​វា​ជា​សញ្ញា​បង្ហាញ​អំពី​អវត្តមាន​នៃ​ការ​ដឹង​គុណ​ព្រះ។ ពេល​ណា​ការ​ខ្វះ​ជំនឿ និង​ការ​ខ្វះ​ការ​ដឹង​គុណ បាន​ក្លាយ​ជា​សញ្ញា​សម្គាល់​នៃ​ជីវិត​របស់​កូន​ព្រះ ពួក​គេ​ត្រូវ​ទទួល​ផល​វិបាក​ដោយ​ជៀស​មិន​រួច។ យើង​ប្រហែល​មិន​ទទួល​ផល​វិបាក​ដូច​ពួក​អ៊‌ីស្រាអែល ដោយ​ត្រូវ​រស់​នៅ​វិលវល់​ក្នុង​វាល​រហោស្ថាន​អស់​៤០​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​ការ​រអ៊ូ​រទាំ​របស់​យើង​នឹង​នាំ​ឲ្យ​យើង​ទទួល​ផល​វិបាក។

តើ​អ្នក​ចាំ​ពេល​ដែល​អ្នក​មាន​ចិត្ត​រំភើប​រីករាយ ចំពោះ​ជំនឿ​ដែល​អ្នក​ទើប​តែ​មាន​ចំពោះ​ព្រះ​យេស៊ូវ​ទេ? ពេល​នោះ អ្នក​ប្រហែល​ជា​ទទួល​បាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​យល់​ឃើញ​ថា អ្វីៗ​ដែល​អ្នក​រក​ឃើញ​ក្នុង​ព្រះ​គម្ពីរ​សុទ្ធតែ​អស្ចារ្យ។ អ្នក​អាន​ព្រះ​គម្ពីរ​នោះ​គ្រប់​ទី​កន្លែង។ បន្ទាប់​មក អ្នក​បាន​ជួប​បញ្ហា​ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ ព្រោះ​ព្រះ​គម្ពីរ​ដែល​អ្នកអាន ហាក់​ដូច​ជា​គ្មាន​អ្វី​ប្លែក ហើយ​អ្នក​ចង់​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ការ​អ្វី​មួយ ដែល​រំភើប​រីក​រាយ​ជាង​មុន និង​ប្រសើរ​ជាង​មុន។ តើ​អ្នក​ចាំ​ពេល​ដែល​អ្នក​ផ្សាយ​ដំណឹង​ល្អ ដែល​ហាក់​ដូចជា​មាន​ឯកសិទ្ធិ​ដ៏​រំភើប​រីករាយ ប៉ុន្តែ​ពេល​នេះ​អ្នក​មាន​អារម្មណ៍​ថា វា​ជា​បន្ទុក ឬ​ជា​ភារៈ​កិច្ច? តើ​អ្នក​នៅ​ចាំ​ពេល​ដែល​អ្នក​មាន​ចិត្ត​ពេញ​ដោយ​ការ​ដឹង​គុណ ចំពោះ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង ប៉ុន្តែ​ឥឡូវ អ្នក​ផ្ដោត​ចិត្ត​ខ្លាំង​ជាង​ទៅ​លើ​ការ​ដែល​ព្រះ​ទ្រង់​មិន​បាន​ដឹក​នាំ​អ្នក​ទៅ​តាម​ផ្លូវ ឬ​ទៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ?

កាល​សាវ័ក ប៉ុល សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ដំបូង គាត់​បាន​រំឭក​ពួក​គេ​អំពី​រឿង​របស់​ពួក​អ៊‌ីស្រាអែល ដើម្បី​ដាស់​តឿន​ពួក​គេ​កុំ​ឲ្យ «ល្បង​ព្រះ​គ្រីស្ទ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ល្បង​ទ្រង់ ហើយ​ត្រូវ​វិនាស​ទៅ ដោយ​ពស់​ចឹក ក៏​កុំ​ឲ្យ​ត្អូញត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ រីឯ​ការ​ទាំង​នោះ​បាន​កើត​មក​ដល់​គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក​សម្រាប់​ជា​សេចក្តី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា ដែល​យើង​នៅ​គ្រា​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប» (១កូរិនថូស ១០:៩-១១)។

បើ​យើង​មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ យើង​បាន​រួច​ផុត​ពី​ភាព​ជា​ទាសករ​របស់​បាប​ក៏​ដូច​ជា​ការ​រួច​ផុត​ពី​ការ​រអ៊ូរទាំ​របស់​យើង​ផង​ដែរ។ ព្រះ​អង្គ​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព​តាម​រយៈ​ដង្វាយ​លោះ​បាប ដែល​ជា​ការ​ខ្ចាយ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង។ ហើយ​យើង​ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​មិន​មែន​ទៅ​រក​ទឹក​ដី​កាណាន តែ​ទៅ​រក​នគរ​ស្ថាន​សួគ៌។ ហេតុ​នេះ​ហើយ ព្រះ​ទ្រង់​បាន​ប្រទាន​យើង នូវ​ព្រះ​បន្ទូល​សន្យា​ដ៏​អស្ចារ្យ និង​ការ​ដាស់តឿន​ដ៏​ចាំបាច់។ ចូរ​យើង​កុំ​បាន​ចិត្ត ដោយ​សារ​ព្រះ​អង្គ​ផ្គត់​ផ្គង់​យើង​ឬ​មាន​ការ​រអ៊ូរទាំ ចំពោះ​ផ្លូវ​ដែល​ព្រះ​អង្គ​បាន​ដឹក​នាំ​យើង​ទៅ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​មាន​ការ​ដឹង​គុណ​ចំពោះ​ការ​ផ្គត់ផ្គង់​គ្រប់​យ៉ាង​របស់​ព្រះ​អង្គ​ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ។ ឈើ​ឆ្កាង​នៅ​ពី​ក្រោយ​អ្នក នគរ​ស្ថាន​សួគ៌​នៅ​ពី​មុខ​អ្នក ហើយ​ព្រះ​វិញ្ញាណ​គង់នៅ​ក្នុង​អ្នក។ យើង​មិន​មាន​លេស ឬ​មិន​ចាំ​បាច់​ត្រូវ​រអ៊ូរទាំ​ឡើយ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ៩៥

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ៩-១១ និង​១ថែស្សាឡូនិច ១

More articles