លោកុប្បត្តិ ២៩:២៨-៣៥
ព្រះយេហូវ៉ាទ្រង់ឃើញថា យ៉ាកុបស្អប់លេអា។ លោកុប្បត្តិ ២៩:៣១
កាលពីក្មេង នៅពេលគេសួរប៊ែន(Ben)ថា “តើឯងចង់ធ្វើការងារអ្វី នៅពេលឯងធំឡើង?” គាត់ក៏បានឆ្លើយថា គាត់ចង់ធ្វើការងារដូចបងដេវ(Dave)។ ដេវជាបងប្រុសរបស់ប៊ែន។ ដេវជាសិស្ស ដែលចេះលេងកីឡា ពូកែទំនាក់ទំនង និងបានទទួលបណ្ណសរសើរពីសាលាទៀតផង។ ចំណែកឯងប៊ែនវិញ គាត់ចូលចិត្តនិយាយថា “ខ្ញុំមិនចេះលេងកីឡា អៀនច្រើន ហើយរៀនខ្សោយ។ ខ្ញុំតែងតែចង់មានភាពជិតស្និទ្ធជាមួយបងដេវ តែគាត់មិនចង់នៅក្បែរខ្ញុំទេ។ គាត់បានហៅខ្ញុំថា “មនុស្សរំខាន”។
ប៊ែនបានព្យាយាមធ្វើឲ្យបងប្រុសគាត់ស្រឡាញ់គាត់តាំងពីក្មេងមក តែគាត់ទទួលបានតែការខកចិត្ត។ ទាល់តែប៊ែនបានក្លាយជាអ្នកដើរតាមព្រះយេស៊ូវ ទើបគាត់បានរៀនទទួលសេចក្តីស្រឡាញ់ពីព្រះអង្គសង្គ្រោះរបស់គាត់វិញ។
នាងឡេអា ជាប្រពន្ធទីមួយរបស់លោកយ៉ាកុប បានចំណាយពេលពេញមួយជីវិត ក្នុងការដេញតាមសេចក្តីស្រឡាញ់របស់លោកយ៉ាកុប(លោកុប្បត្តិ ២៩:៣២-៣៥)។ ទោះជាយ៉ាងណាក៏ដោយ លោកយ៉ាកុបនៅតែមានការប្តូរផ្តាច់ចំពោះនាងរ៉ាជែល។ ប៉ុន្តែ ព្រះទ្រង់បានទតឃើញទុក្ខវេទនារបស់នាងឡេអា ហើយក៏បានប្រទាននូវការប៉ះប៉ូវ សម្រាប់ការបដិសេធន៍ដ៏ជូរចត់ដែលនាងបានជួបក្នុងជីវិតនាង។ ព្រះអង្គបានប្រទានពរនាង ឲ្យមានកូន ជាការដែលមានតម្លៃយ៉ាងខ្លាំង ក្នុងវប្បធម៌នៅសម័យនោះ(ខ.៣១)។ លោកយ៉ាកុបបានមើលរំលង និងមិនអើពើ តែព្រះអម្ចាស់បានទតឃើញ ហើយឮទំនួញរបស់នាង(ខ.៣២-៣៣)។ នាងបង្កើតបានកូនស្រីម្នាក់ និងកូនប្រុស៦នាក់ ដែលរាប់បញ្ចូលទាំងលោកយូដា ដែលជាបុព្វបុរសរបស់ព្រះយេស៊ូវ។ កាលលោកយូដាចាប់កំណើត នាងក៏បានពោលថា លើកនេះ នាងនឹងសរសើរដំកើងព្រះអម្ចាស់(ខ.៣៥)។ នាងឡេអាក៏បានរស់នៅមានអាយុវែង ក្នុងទឹកដីកាណាន ហើយក៏គេបានបញ្ចុះសពនាង ក្នុងកន្លែងដែលមានកិត្តិយស ជាមួយគ្រួសាររបស់លោកយ៉ាកុប(៤៩:២៩-៣២)។
ពេលណាយើងទទួលរងការបដិសេធន៍ យើងអាចស្វែងរកការកម្សាន្តចិត្ត ក្នុងរឿងរបស់នាងឡេអា។ យើងអាចទុកចិត្តលើសេចក្តីស្រឡាញ់របស់ព្រះ ដែលជួយបំពេញចំណុចខ្វះខាតរបស់យើង។—Karen Huang
តើអ្នកអាចទុកចិត្តចិត្តលើសេចក្តីស្រឡាញ់របស់ព្រះដូចម្តេច នៅពេលអ្នកត្រូវគេបដិសេធ? តើអ្នកអាចថ្វាយការឈឺចាប់របស់អ្នក ដល់ព្រះអង្គដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតសេចក្តីស្រឡាញ់របស់ព្រះអង្គបានប្រោសទូលបង្គំឲ្យជា នៅកន្លែងណាដែលទូលបង្គំត្រូវគេបដិសេធន៍។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ២៥ និង ម៉ាកុស ១:២៣-៤៥