រ៉ូម ១០:៩-១១
ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង។ កិច្ចការ ១៦:៣១
កាលខ្ញុំនិងភរិយារបស់ខ្ញុំចេញទៅជិះកង់នៅក្រៅផ្ទះ ជាញឹកញាប់ យើងចង់ដឹងថា យើងធាក់កង់បានចម្ងាយឆ្ងាយប៉ុណ្ណាហើយ។ ដូចនេះ ខ្ញុំក៏បានទៅហាងលក់កង់ ដើម្បីទិញកុងទ័រវាស់ចម្ងាយផ្លូវ តែបែរជាវិលត្រឡប់មកផ្ទះវិញ ជាមួយឧបករណ៍មានលក្ខណៈដូចកូនកុំព្យូទ័រតូចមួយ ដែលក្រោយមក ខ្ញុំក៏បានដឹងថា វាស្មុគស្មាញពេក បានជាខ្ញុំមិនអាចកំណត់កម្មវិធីឲ្យវាវាស់ចម្ងាយផ្លូវបាន។
ពេលខ្ញុំវិលត្រឡប់ទៅហាងលក់កង់នោះវិញ អ្នកលក់ក៏បានធ្វើឲ្យវាមានដំណើរការសម្រាប់ខ្ញុំ ដោយមិនចំណាយពេលយូរ។ ខ្ញុំក៏បានដឹងថា តាមពិត វាមិនពិបាកយល់ទេ។
ក្នុងការរស់នៅ យើងអាចមានអារម្មណ៍ថា រឿងថ្មីៗ និងគំនិតថ្មីៗហាក់ដូចជាមានភាពស្មុគស្មាញ។ ឧទាហរណ៍ សូមយើងគិតអំពីសេចក្តីសង្រ្គោះ។ អ្នកខ្លះប្រហែលជាគិតថា ការក្លាយជាកូនព្រះ គឺជារឿងដ៏ស្មុគស្មាញ ហើយពិបាកយល់។
ប៉ុន្តែ ព្រះគម្ពីរប៊ីបបានបកស្រាយយ៉ាងសាមញ្ញ។នៅពេលដែលមេគុកសួរសាវ័កប៉ុលថា “តើគាត់ត្រូវធ្វើដូចម្តេច ដើម្បីឲ្យបានសេចក្តីសង្គ្រោះ” “គេក៏ប្រាប់គាត់ថា ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។ ដូចនេះ ដើម្បីទទួលសេចក្តីសង្គ្រោះ គ្មានក្បួនច្បាប់ដ៏ស្មុគស្មាញពេក ដែលយើងមិនអាចអនុវត្តន៍តាមនោះទេ។ ហើយក៏គ្មានរឿងអាថ៌កំបាំងដែលយើងត្រូវជីករកដែរ។
យើងគ្រាន់តែត្រូវយល់សេចក្តីពិតដ៏សាមញ្ញ ដូចតទៅ: យើងរាល់គ្នាសុទ្ធតែជាមនុស្សមានបាប(រ៉ូម ៣:២៣)។ ព្រះយេស៊ូវបានយាងមកផែនដី ដើម្បីសង្គ្រោះយើងឲ្យរួចពីទោសរបស់បាប ដែលជាសេចក្តីស្លាប់ និងការដាច់ចេញពីព្រះអង្គអស់កល្បជានិច្ច(ម៉ាថាយ ១:២១ ១ពេត្រុស ២:២៤)។ ព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ(រ៉ូម ១០:៩)។ ហើយយើងក៏បានសង្គ្រោះរួចពីសេចក្តីស្លាប់ ហើយមានជីវិតអស់កល្ប ដោយជឿលើអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង(យ៉ូហាន ៣:១៦)។
ចូរយើងពិចារណាថា តើការដែលយើងគ្រាន់តែជឿ និងទុកចិត្តព្រះយេស៊ូវប៉ុណ្ណោះ មានអត្ថន័យយ៉ាងណាសម្រាប់យើង? ចូរយើងទទួលយកជីវិត ដែលព្រះអង្គសន្យាថា នឹងប្រទានមកយើងឲ្យពេញបរិបូរណ៍(យ៉ូហាន ១០:១០)។—Dave Branon
តើការទទួលសេចក្តីសង្គ្រោះពីព្រះយេស៊ូវ មានអត្ថន័យយ៉ាងណា ចំពោះអ្នក? បើអ្នកបានសង្គ្រោះ តើជំនឿលើព្រះអង្គបាននាំមកនូវការផ្លាស់ប្តូរយ៉ាងណា ក្នុងជីវិតអ្នក?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំដឹងថា ទូលបង្គំជាមនុស្សមានបាប ទូលបង្គំបានធ្វើខុស នៅចំពោះព្រះអង្គ។ ទូលបង្គំក៏បានដឹងផងដែរថា ព្រះអង្គបានចាត់ព្រះយេស៊ូវមកផែនដី ឲ្យសុគតនៅលើឈើឆ្កាង ដើម្បីសង្គ្រោះទូលបង្គំឲ្យរួចពីបាប។ សូមព្រះអង្គអត់ទោសបាបឲ្យទូលបង្គំ និងប្រោសលោះទូលបង្គំ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានសេចក្តីសង្រ្គោះមកទូលបង្គំ។
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ២៦-២៧ និង ម៉ាកុស ២