មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​ព្រះ​យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​ព្រះ​បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ» (ម៉ាកុស ១០:៤២-៤៣)។

ក្នុង​ចំណោម​ការ​ភូត​កុហក​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជំនាន់​មនុស្ស​ស្ទើរ​តែ​ទាំង​អស់ គេ​បាន​កុហក​ថា មនុស្ស​នឹង​ឈោង​ចាប់​អ្នក​មិន​ជឿ​ដែល​រស់​នៅ​ជិត​ខាង​ពួក​គេ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង បើ​សិន​ជា​ពួក​គេ​មាន​រូប​សម្បត្តិ ចេះ​និយាយ​ស្តី ធ្វើ​កាយ​វិការ និង​រស់​នៅ​ដូច​អ្នក​ទាំង​នោះ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​គាំទ្រ​ទស្សនៈ​នេះ​ទេ ហើយ​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​ក៏​មិន​បាន​គាំទ្រ​ដែរ។ ផ្ទុយ​ទៅ​វិញ ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​បាន​បង្ហាញ​ដូច​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ថា រាស្ត្រ​របស់​ព្រះ​តែង​តែ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ឈោង​ចាប់​មនុស្ស​បាត់​បង់​ក្នុង​វប្បធម៌​លោកីយ៍ ពេល​ណា​ជីវិត និង​របៀប​នៃ​ការ​រស់​នៅ​របស់​ពួក​គេ មាន​ការ​ប្រាស​ចាក​នឹង​វប្បធម៌​របស់​លោកីយ៍​យ៉ាង​ច្បាស់​លាស់ (១ពេត្រុស ២:១១-១២)។

មាន​ពេល​មួយ សាវ័ក យ៉ាកុប និង​សាវ័ក យ៉ូហាន «ដែល​ជា​កូន​នៃ​ផ្គរ​លាន់» បាន​ទៅ​រក​ព្រះ​យេស៊ូវ ដើម្បី​ទូល​សូម​កន្លែង​កិត្តិយស​ក្នុង​នគរ​ព្រះ​អង្គ (ម៉ាកុស ១០:៣៥-៤៥)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បំណង​ចិត្ត​របស់​ពួក​គេ​មិន​បាន​កើត​ចេញពី​ចិត្ត​ស្មោះ​ត្រង់​នោះ​ទេ តែ​កើត​ចេញ​ពី​មហិច្ឆតា ដែល​ស្រដៀង​នឹង​អ្នក​ដឹក​នាំ​ចក្រភព​រ៉ូម៉ាំង​ក្នុង​អំឡុង​សម័យ​នោះ ដែល​ចូល​ចិត្ត​លើក​តម្កើង​ខ្លួន​ឯង។

ព្រះ​យេស៊ូវ​មិន​បាន​ឆ្លើយ​តប​ពួក​គេ ដោយ​ការ​វាយ​ប្រហារ​នោះ​ទេ។ ព្រះ​បន្ទូល​ព្រះ​អង្គ​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ្ញាក់​ផ្អើល។ ពួក​សាវ័ក​គឺ​ជា​អ្នក​ដើរ​តាម​ព្រះ​អង្គ ហើយ​ត្រូវ​រស់​នៅ​ខុស​ប្លែក​ពី​លោកីយ៍។ ពួក​គេ​ចាំ​បាច់​ត្រូវ​ដឹង​ថា ក្នុង​នគរ​ព្រះ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​លើក​យើង​ឡើង យើង​ត្រូវ​បន្ទាប​ខ្លួន។ កិត្តិយស​កើត​ចេញ​ពី​ការ​លះបង់ មិន​មែន​ពី​ការ​ទទួល​នោះ​ទេ។

គេ​អាច​រក​ឃើញ​ភាព​ធំ​ប្រសើរ​នៅ​ក្នុង​ការ​បម្រើ​គេ មិន​មែន​នៅ​ក្នុង​ការ​ដែល​គេ​បម្រើ​យើង​នោះ​ទេ។ ព្រះ​យេស៊ូវ​គឺ​ជា​គំរូ​ដ៏​ប្រសើរ​បំផុត​សម្រាប់​គោល​ការណ៍​នេះ ដែល​ទ្រង់ «គង់​តែ​មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់​មក​យក​រូប​ភាព​ជា​បាវ​បម្រើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់​រហូត​ដល់ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង» (ភីលីព ២:៦-៨)។

នេះ​ជា​បញ្ហា​ប្រឈម ព្រោះ​យើង​កំពុង​រស់​នៅ​ក្នុង​វប្បធម៌​មួយ ដែល​មនុស្ស​ផ្ដោត​ទៅ​លើ​ការ​ទុក​ចិត្ត​លើ​សមត្ថ​ភាព​ខ្លួន​ឯង ការ​លើក​តម្កើង​ខ្លួន​ឯង និង​ការ​ស្វែង​រក​មុខ​មាត់។ ប៉ុន្តែ បើ​យើង​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ព្រះ​បន្ទូល​ព្រះ​អង្គ​ត្រង់​ចំណុច​នេះ បាន​រំឭក​យើង​ថា យើង​ក្លាយ​ជា​សិស្ស​ព្រះ​អង្គ មិន​មែន​ដោយ​សារ​វប្បធម៌​លោកីយ៍ តែ​ដោយ​សារ​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ។

យើង​ងាយ​នឹង​មាន​ការ​ផ្ដោត​ចិត្ត​មិន​ត្រឹម​ត្រូវ ដោយ​ចង់​ឲ្យ​គេ​ចាត់​ទុក​យើង​ជា​មនុស្ស​សំខាន់ មាន​ការ​ចេះ​ដឹង​ខ្ពស់ និង​ចូល​ក្នុង​ចំណោម​គេ​ចុះ។ តើ​ចំណុច​ទាំង​អស់​នេះ បាន​ក្លាយ​ជា​យុទ្ធ​សាស្ត្រ​ផ្សាយ​ដំណឹង​ល្អ យ៉ាង​មាន​ប្រសិទ្ធភាព​តាំង​ពី​ពេល​ណា? យើង​មាន​ជម្រើស​ដ៏​ច្បាស់​លាស់​មួយ​គឺ តើ​យើង​នឹង​ធ្វើ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ឬ​យើង​ធ្វើ​តាម​វប្បធម៌​របស់​លោកីយ៍?

យើង​មិន​ត្រូវ​បន្ទាប​អំណាច​នៃ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ឬ​មិន​អើពើ​ចំពោះ​ព្រះ​បន្ទូល​ព្រះ​អង្គ​នោះ​ឡើយ។ ប៉ុន្តែ យើង​ក៏​មិន​ចាំបាច់​ត្រូវ​អស់​សង្ឃឹម​ឡើយ ព្រោះ​យើង​អាច​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​ការ​ពិត​ដែល​ថា សាវ័ក យ៉ូហាន ក៏​បាន​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​យ៉ាង​ត្រឹម​ត្រូវ។ នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​គាត់ គាត់​បាន​សរសេរ​ថា «ដោយ​សារ​សេចក្តី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្ដូរ​ព្រះ​ជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ​គួរ​ឲ្យ​យើង​ប្ដូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ» (១យ៉ូហាន ៣:១៦)។ ចូរ​យើង​ស្តាប់​ព្រះ​បន្ទូល​នៃ​ព្រះ​គុណ ទោះ​យើង​ពិបាក​ទទួល​ក៏​ដោយ គឺ​ព្រះ​បន្ទូល​ដែល​ប្រាប់​យើង មិន​ឲ្យ​ត្រាប់​តាម​លោកីយ៍ តែ​ឲ្យ​រស់​នៅ​​ស្រប​តាម​រូប​អង្គ​របស់​ព្រះ​យេស៊ូវ​វិញ ដោយ​ស្ម័គ្រ​ចិត្ត​លះ​បង់​សិទ្ធិ និង​កេរ្តិ៍​ឈ្មោះ ដើម្បី​បម្រើ និង​ស្រឡាញ់​អ្នក​ដទៃ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ភីលីព ២:១-១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ១៤-១៥ និង​១ថែស្សាឡូនិច ៣

More articles