ក្រោកឈរ​ឡើង​វិញ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សុភាសិត ២៤:១៥-២២

ដ្បិត​មនុស្ស​សុចរិត ទោះបើ​គេ​ដួល​ដល់៧ដង​ក៏ដោយ គង់តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទំលាក់ ទៅ​ក្នុង​សេចក្តី​អន្តរាយ​វិញ​។ សុភាសិត ២៤:១៦

កាល​នៅ​វ័យ​ជំទង់ ខ្ញុំ​មាន​ការ​ចាប់ចិត្ត​នឹង​កីឡា​ជិះ​ស្គី​រាំ​នៅ​លើ​ទឹកកក​។ ខ្ញុំ​ចូល​ចិត្ត​មើល​ការ​គួប​ផ្សំ​រវាង​សិល្បៈ និង​កីឡា​នៅ​លើ​ទឹកកក ដែល​មាន​ការ​បង្វិល​ខ្លួន​ដ៏​រហ័ស ការ​លោត​ខ្ពស់ៗ និង​ជំហរ​ដ៏​ល្អ​ឥត​ខ្ចោះ​។ បន្ទាប់ពី​ខ្ញុំ​បាន​មើល​ការ​សម្ដែង​របស់​អ្នក​ជិះ​ស្គី​អាជីព​ជា​ច្រើន​អ្នក ទី​បំផុត​ខ្ញុំ​ក៏​មាន​ឱកាស​ជិះ​ស្គី​លើ​ទឹកកក ហើយ​បាន​ចូល​រៀន​នៅ​ក្នុង​ក្រុម​មួយ​។ ក្រៅពី​ការ​រៀន​ជិះ​ស្គី​ទៅមុខ និង​ចាប់​ហ្វ្រាំង ហើយក៏​បាន​រៀន​ជំនាញ​សំខាន់​បំផុត ដែល​អ្នក​ជិះ​ស្គី​គ្រប់​កំរិត​ទាំង​អស់​ត្រូវ​រៀន គឺ​រៀន​​ក្រោកឈរ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស នៅ​ពេល​យើង​ដួល​។ ក្រោយមក ខ្ញុំ​ក៏បាន​រៀន​បង្វិល​ខ្លួន និង​លោត​ឡើង​ទៅលើ​ជា​ច្រើន​ប្រភេទ ក្នុង​មេរៀន​ឯកជន ប៉ុន្តែ ជានិច្ច​ជា​កាល ខ្ញុំ​នៅតែ​ត្រូវ​ពឹង​ផ្អែក​ទៅលើ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ជិះ​ស្គី ដែល​ជា​ការ​ក្រោកឈរ បន្ទាប់ពី​ខ្ញុំ​បាន​ដួល​ចុះ​។

ទោះ​យើង​គឺជា​កីឡាករ​ឬ​អត់ យើង​សុទ្ធតែ​អាច​ដឹង​ថា “ការ​ដួល​ចុះ” គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​។ យើង​ដួល​ចុះ ប្រហែល​ជា​ដោយសារ​យើង​បាន​ធ្វើ​អំពើបាប ហើយ​ជំពប់​ដួល ដោយសារ​យើង​មាន​កំហុស ឬ​យើង​បាន​ដួល​ចុះ ដោយសារ​កាលៈទេសៈ​ដែល​ពិបាក​ខ្លាំង​ពេក​។ យើង​ប្រហែល​ជា​ទទួលរង​ការ​វាយ​ប្រហារ​ពី​វិញ្ញាណ​អាក្រក់ ឬ​ពី​បញ្ហា​អ្វី​ផ្សេង​ទៀត​។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្តី​វិលវល់ តែ​មិន​ទ័ល​គំនិត​ទេ មាន​គេ​ធ្វើទុក្ខ តែ​មិនមែន​ត្រូវ​ចោល​នៅ​ម្នាក់ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ”(២កូរិនថូស ៤:៨-៩)។ ទោះ​ដោយសារ​មូល​ហេតុ​អ្វី​ក៏ដោយ យើង​រាល់​គ្នា​សុទ្ធតែ​មាន​ពេល​ដែល​យើង​ដួល​ចុះ និង​ទទួល​បរាជ័យ​ក្នុង​ជីវិត​។

ប៉ុន្តែ យើង​មិន​ត្រូវ​រស់នៅ ក្នុង​បរាជ័យ ភាព​អា​ម៉ាស និង​ការ​ស្តាយ​ក្រោយ​នោះ​ឡើយ​។ ពេលណា​ខ្មាំង​សត្រូវ​កំពុង​ក្រវែល​នៅ​ក្បែរ​យើង ហើយ​ព្យាយាម​បំផ្លាញ​យើង(សុភាសិត ២៤:‌១៥) យើង​ចាំបាច់​ត្រូវ​ចាំ​ថា ព្រះ​ទ្រង់​កំពុង​ប្រយុទ្ធ​ជំនួស​យើង ហើយ​នឹង​ជួយ​យើង​ឲ្យ​ក្រោកឈរ​ឡើង “ដ្បិត​មនុស្ស​សុចរិត ទោះបើ​គេ​ដួល​ដល់៧ដង​ក៏ដោយ គង់តែ​នឹង​ក្រោក​ឡើង​វិញ​បាន”(ខ.១៦)។

ពេលណា​យើង​ដួល​ចុះ ចូរ​យើង​ប្រញាប់​ងាក​បែរ និង​មើលទៅ​ព្រះអង្គ ដែល​ជា​អ្នក​ប្រទាន​កម្លាំង ឲ្យ​យើង​ក្រោកឈរ​ឡើង​។—Nancy Gavilanes

តើ​អ្នក​ធ្វើ​ដូច​ម្តេច នៅពេល​ដែល​អ្នក​ដួល​ចុះ ក្នុង​ជីវិត? តើ​ព្រះ​អង្គ​បាន​ជួយ​អ្នក​ក្រោកឈរ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ជួយ​ទូល​បង្គំ ឲ្យ​ក្រោកឈរ​បន្ទាប់​ពី​ទូល​បង្គំ​បាន​ដួល​ចុះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ១-៣ និង ម៉ាកុស ៣

More articles