ទំនុកដំកើង ១
អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក។ ទំនុកដំកើង ១:៣
លោកប៊ីល(Bill) ជាមនុស្សចាស់ ដែលបានចូលនិវត្តន៍។ គាត់រស់នៅម្នាក់ឯង ហើយថ្មីៗនេះ ត្រូវបង្ខំចិត្តឈប់បើកបររថយន្ត។ គាត់ត្រូវការឲ្យគេជួយទិញអាហារ និងថ្នាំពេទ្យឲ្យគាត់ ព្រមទាំងជូនគាត់ទៅព្រះវិហារ នៅថ្ងៃអាទិត្យ។ ប៉ុន្តែ លោកប៊ីលមានប្រសាសន៍ថា “តើអ្នកដឹងទេ ខ្ញុំចូលចិត្តចំណាយពេលនៅផ្ទះ។ ខ្ញុំមានអំណរ ក្នុងការស្តាប់បទចម្រៀងថ្វាយបង្គំនៅតាមអនឡាញ និងការបង្រៀនព្រះគម្ពីរប៊ីបតាមទូរទស្សន៍ ពេញមួយថ្ងៃ”។ ដូចនេះ លោកប៊ីលបានចំណាយពេលជារៀងរាល់ថ្ងៃ ហ៊ុមព័ទ្ធដោយការសិក្សាព្រះគម្ពីរ ការអធិស្ឋាន និងការសរសើរដំកើងព្រះ។
ទម្លាប់ដែលយើងមានក្នុងការរស់នៅ មានឥទ្ធិពលមកលើរបៀបដែលចិត្តរបស់យើងបានដុះឡើង។ បទគម្ពីរទំនុកដំកើងជំពូក១ បានពិពណ៌នាអំពីមនុស្សដែលព្រះសព្វព្រះទ័យ ដែលមានទម្លាប់ត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះអង្គ ជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ថ្ងៃ ហើយមិនដើរតាមគំរូនៃការបះបោររបស់លោកិយទេ(ខ.១-២)។ ទុក្ខលំបាកនឹងកើតមានចំពោះមនុស្សម្នាក់ៗ តែមនុស្សដែលមានជីវិតដែលដើរតាមផ្លូវរបស់ព្រះ “អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ”(ខ.៣)។ អាស្រ័យទៅលើរដូវកាលនៃជីវិតរបស់យើង យើងប្រហែលមិនអាចចំណាយពេលរាប់ម៉ោងក្នុងការសិក្សាព្រះគម្ពីរប៊ីបទេ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនឹងប្រទានការស្កប់ចិត្តដល់អ្នកណា ដែលស្រេកទឹក និងចូលមករកព្រះអង្គ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងចាក់បំពេញអ្នកដើរតាមព្រះអង្គឲ្យហូរហៀរដូចទឹកទន្លេ(យ៉ូហាន ៧:៣៧-៣៩)។ យើងអាចឲ្យចិត្តយើងជ្រួតជ្រាប ដោយទឹករស់ តាមរយៈការសរសើរដំកើង និងព្រះគម្ពីរប៊ីប ក៏ដូចជាតាមរយៈការយកអសារអ្នកដទៃ ការជជែកជាមួយព្រះ ពេលយើងកំពុងធ្វើការងារ និងទូលសូមការអត់ទោសបាប នៅពេលណាយើងធ្វើអំពើបាប។
ការដើរតាមប្រាជ្ញារបស់ព្រះ ជួយឲ្យចិត្តយើងបានដាំនៅក្នុងដីដែលមានជីជាតិ ហើយចម្រើនឡើងយ៉ាងរឹងមាំ។ ព្រះអង្គនឹងហៅយើងជាអ្នកជឿព្រះអង្គ ថាជាមនុស្សសុចរិត ហើយព្រះអង្គក៏នឹងថែរក្សាជីវិតយើង(ទំនុកដំកើង ១:៦)។—Karen Pimpo
តើមានទម្លាប់ល្អអ្វីខ្លះ ដែលជួយឲ្យចិត្តអ្នកដុះឡើង ដោយទឹករស់របស់ព្រះយេស៊ូវ? តើទម្លាប់របស់អ្នកមានការផ្លាស់ប្តូរ ទៅតាមរដូវកាលនៃជីវិត ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមចូលមករកព្រះអង្គ ពេលណាទូលបង្គំស្រេកទឹក ហើយមានភាពស្ងួតហែង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ៧-៨ និង ម៉ាកុស ៤:២១-៤១