លូកា ៦:៣១-៣៨
ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ។ លូកា ៦:៣៨
កាលលីឌា(Lydia) បានទទួលអំណោយជាទឹកប្រាក់១ម៉ឺនដុល្លា ពីសប្បុរសជនដែលមិនបានបញ្ចេញឈ្មោះ នាងក៏បានយកប្រាក់នោះទៅចំណាយតែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ខ្លួនឯង។ ផ្ទុយទៅវិញ នាងបានឲ្យអំណោយសប្បុរសធម៌ដល់មិត្តរួមការងារ ក្រុមគ្រួសារ ជនរងគ្រោះដោយសារទឹកជំនន់ និងអង្គការមនុស្សធម៌។ លីឌាមិនបានដឹងថា ហេតុអ្វីគេឲ្យអំណោយច្រើនយ៉ាងនេះមកនាងទេ។ តាមពិត ការឲ្យអំណោយនេះ គឺជាផ្នែកមួយនៃការសិក្សា អំពីរបៀបដែលមនុស្ស២រយនាក់បានឆ្លើយតប ចំពោះអំណោយឥតសំណង១ម៉ឺនដុល្លា ដែលគេបានផ្តល់ឲ្យតាមរយៈការផ្ទេរប្រាក់តាមធនាគារ។ ការសិក្សានេះបានរកឃើញថា អ្នកទទួលអំណោយទាំងនោះ បានចែករំលែកជាង២ភាគ៣នៃអំណោយជាទឹកប្រាក់នេះ ធ្វើជាអំណោយដល់អ្នកដទៃ។ លោកគ្រីស អ៊ែនឌ័រសិន(Chris Anderson) ជាប្រធានអង្គការប្រព័ន្ធផ្សព្វផ្សាយTED ដែលមិនរកប្រាក់ចំណេញ បានធ្វើការសន្និដ្ឋានថា “តាមពិត … មនុស្សជាតិមាននិស្ស័យពីកំណើតមក ដែលចូលចិត្តឆ្លើយតបចំពោះអំពើសប្បុរសធម៌ ដោយអំពើសប្បុរសធម៌”។
ក្នុងព្រះគម្ពីរប៊ីប យើងឃើញថា ពេលណាមនុស្សរស់នៅដោយចិត្តសប្បុរស គឺពួកគេកំពុងឆ្លុះបញ្ចាំងអំពីព្រះទ័យរបស់ព្រះ ដែលបានបង្កើតពួកគេមក។ ព្រះទ្រង់មានព្រះទ័យសប្បុរស និងមេត្តា មិនគ្រាន់តែចំពោះអ្នកខ្លះ តែក៏ចំពោះមនុស្សទាំងអស់ សូម្បីតែ “មនុស្សរមិលគុណ និងមនុស្សអាក្រក់”ក៏ដោយ(លូកា ៦:៣៥)។ ដូចនេះ ព្រះយេស៊ូវបានបង្គាប់អ្នកដែលមានចិត្តចង់បង្ហាញឲ្យគេស្គាល់ចារិតលក្ខណៈរបស់ព្រះ ឲ្យ “ស្រឡាញ់”ខ្មាំងសត្រូវ “ធ្វើការល្អទៅកាន់” ពួកគេ និង “ឲ្យគេខ្ចី” ដោយមិនរំពឹងថានឹងបានអ្វីមកវិញ(ខ.៣២-៣៥)។
ពេលណាយើងឲ្យអ្វីដល់គេ ដោយមិនសង្ឃឹមថា នឹងបានអ្វីមកវិញ យើងនឹងបានដឹងថា អំពើសប្បុរសធម៌ដូចនេះ នឹងមិនធ្វើឲ្យយើងខាតបង់អ្វីទេ។ ព្រះយេស៊ូវក៏បានចង្អុលបង្ហាញផងដែរថា “ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ …ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ”(ខ.៣៨)។ ពេលណាយើងឆ្លើយតប ចំពោះសេចក្តីសប្បុរសរបស់ព្រះ ដោយរស់នៅមានចិត្តសប្បុរស យើងនឹងបានដឹងថា ព្រះអង្គក៏នឹងប្រទានពរយើងជាបរិបូរ ទាំងខាងផ្លូវកាយ ផ្លូវវិញ្ញាណ និងផ្លូវចិត្ត។—Monica La Rose
តើអ្នកបានរកឃើញក្តីអំណរតាមរយៈការឲ្យ យ៉ាងដូចម្តេចខ្លះ? តើការដែលអ្នកដទៃឲ្យអ្វីដល់អ្នក បានជួយឲ្យជីវិតអ្នកមានការចម្រើនឡើងដូចម្តេចខ្លះ?
ឱព្រះប្រកបដោយព្រះគុណ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានក្តីអំណរ នៅក្នុងការឲ្យ។
For further study, read The Benefits of Generosity at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ១២-១៤ និង ម៉ាកុស ៥:២១-៤៣