អេសាយ ៤០:២៥-៣១
គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ។ អេសាយ ៤០:២៨
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កែវយឺតមើលផ្កាយអវកាស ចេមស៍ វេប បានធ្វើការរុករកឃើញរឿង ដែលគួរឲ្យកត់សំគាល់មួយទៀត។ តាមរយៈកែវយឺតធំមួយគ្រឿងនេះ អ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញកាឡាក់ស៊ី៦ទៀត ដែលពីមុនមក មនុស្សជាតិមិនទាន់អាចរកឃើញ នៅក្នុងចក្រវាលដ៏ធំល្វឹងល្វើយ។ ការរុករកឃើញនេះ បាននាំឲ្យមានការក្រឡាប់ចក្រនៅក្នុងការយល់ដឹងរបស់មនុស្ស អំពីអវកាស។ អវកាសយានិកម្នាក់បានធ្វើការកត់សំគាល់ឃើញថា “យើងបានរកឃើញបាតុភូតអ្វីម្យ៉ាង ខុសពីការរំពឹងគិតរបស់យើង ហើយវាក៏ពិតជាបានបណ្តាលឲ្យមានបញ្ហានៅក្នុងវិទ្យាសាស្ត្រ”។ អ្នកជំនាញផ្នែករូបវិទ្យាអវកាស បានមានប្រសាសន៍ក្នុងលក្ខណៈបន្ទាបខ្លួនថា “ពេលខ្លះ ការមិនបានដឹង គឺមិនមែនជាកំហុសឆ្គងអ្វីទេ”។
រឿងនេះបានបង្ហាញថា ព្រះទ្រង់ហាក់ដូចជាបន្តធ្វើឲ្យយើងគ្រប់គ្នាមានការភ្ញាក់ផ្អើល។ កាលប៉ុន្មានពាន់ឆ្នាំ មុនសម័យដែលមនុស្សមានកែវយឺតមើលផ្កាយ ហោរាអេសាយ ហាក់ដូចជាកំពុងនិយាយដោយផ្ទាល់ទៅកាន់អ្នកវិទ្យាសាស្ត្រ ក្នុងពេលបច្ចុប្បន្នថា “តើឯងមិនបានដឹង តើមិនបានឮទេឬអី ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត”(អេសាយ ៤០:២៨)។ គាត់ក៏បានបន្តមានប្រសាសន៍ទៀតថា “គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ”(ខ.២៨)។ អ្នកវិទ្យាសាស្ត្ររូបនោះក៏បានទទួលស្គាល់ផងដែរថា មានរឿងជាច្រើនណាស់ នៅក្នុងទីអវកាស ដែលមនុស្សមិនបានដឹង។
ប៉ុន្តែ បទគម្ពីរនេះមានចំណុចជាច្រើនដែលយើងត្រូវយល់ដឹងផងដែរ។ ព្រះដែលយើងមិនអាចស្ទង់ប្រាជ្ញារបស់ទ្រង់ គឺជាអង្គបុគ្គល ដែលមានសេចក្តីស្រឡាញ់ចំពោះមនុស្ស។ ព្រះដែលបានបង្កើតកាឡាក់ស៊ីទាំង៦នោះ ដែលគេទើបតែរកឃើញនិងកាឡាក់ស៊ីដទៃទៀត(ខ.២៦) គឺជាព្រះដែល “រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(ខ.២៩)។ ព្រះនៃចក្រវាល ក៏ជាព្រះដែលមានរូបអង្គ ដែលបានជួយមនុស្ស ដែលសង្ឃឹមដល់ព្រះអង្គ ឲ្យពួកគេបានហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី ហោះឡើងដូចសត្វឥន្ទ្រី(ខ.៣១)។ ចូរទុកចិត្តថា ព្រះដែលមនុស្សស្ទង់ប្រាជ្ញាទ្រង់មិនបាន គឺជាព្រះដែលយើងអាចស្គាល់បាន ជាព្រះដែលមានបន្ទូលចូលក្នុងជីវិតយើង ដោយអំណាចចេស្តា។—Kenneth Petersen
តើការដែលព្រះមានប្រាជ្ញាដែលមនុស្សមិនអាចវាស់បាន និងពេញដោយសេចក្តីស្រឡាញ់
មានអត្ថន័យយ៉ាងណាចំពោះអ្នក? តើព្រះអង្គមានទំនាក់ទំនងជាមួយអ្នកយ៉ាងណាខ្លះ?
ឱព្រះនៃចក្រវាល ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាព្រះវរបិតារបស់ទូលបង្គំ។
សូមព្រះអង្គប្រទានទូលបង្គំនូវប្រាជ្ញា និងកម្លាំង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ៣៤-៣៦ និង ម៉ាកុស ៩:៣០-៥០