«កាលណាមានសេចក្តីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្តីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ» (យ៉ាកុប ១:១៣)។
ពេលណាយើងទទួលជឿព្រះយេស៊ូវគ្រីស្ទ ហើយចំណងនៃអំពើបាបបានដាច់ មានរឿងមួយចំនួនកើតឡើងចំពោះយើងភ្លាម។ ព្រះអង្គបានចម្លងយើងចេញពីសេចក្តីស្លាប់ចូលទៅក្នុងជីវិត ហើយព្រះវិញ្ញាណក៏បានចូលគង់ក្នុងយើង។ ព្រះអង្គទទួលយើងចូលក្នុងមហាគ្រួសាររបស់ព្រះអង្គ។ យើងបានទទួលការប្រោសលោះ ការផ្លាស់ប្រែ និងការកើតជាថ្មី។ បាបមិនអាចសោយរាជ្យក្នុងជីវិតយើងទៀតទេ។
ប៉ុន្តែ យើងនៅតែជាមនុស្សមានបាប។
នៅក្នុងការជឿព្រះគ្រីស្ទ យើងមិនរស់នៅដោយភាពសុខស្រួលគ្រប់ពេល ដោយជៀសផុតពីការវាយប្រហាររបស់អារក្ស ឬជៀសផុតពីការល្បួងឡើយ។ ផ្ទុយទៅវិញ ចាប់តាំងពីពេលដែលគ្រីស្ទបរិស័ទប្រែចិត្តជឿព្រះរហូតដល់ពេលបានឃើញព្រះគ្រីស្ទ និងបានផ្លាស់ប្រែឲ្យមានលក្ខណៈដូចព្រះអង្គ ពួកគេនៅជាប់ក្នុងសង្គ្រាមប្រឆាំងការល្បួងជាប់ជានិច្ច1។
ព្រះគម្ពីរមានពេញទៅដោយការដាស់តឿនអំពីការល្បួងដែលនាំយើងទៅរកបាប និងការអាក្រក់ ដែលយើងរាល់គ្នាសុទ្ធតែបានជួប។ ការល្បួងមិនគ្រាន់តែជាការលួងលោមយើងឲ្យធ្វើការអាក្រក់ និងធ្វើរឿងហួសចិត្ត តែក៏នាំយើងឲ្យប្រើការល្អដែលព្រះទ្រង់ប្រទានយើង ហើយប្រើវាក្នុងផ្លូវខុសទាស់ប្រឆាំងនឹងព្រះ។ ក្នុងសៀវភៅរឿង សំបុត្ររបស់អារក្ស Screwtape លោក ស៊ី អេស លូវីស (C.S. Lewis) បានលើកឡើងអំពីការល្បួងឲ្យប្រព្រឹត្តបាប ដែលក្នុងនោះអារក្សបានជំរុញកូនចៅវា ឲ្យ «លើកទឹកចិត្តមនុស្សឲ្យសប្បាយនឹងការល្អជាច្រើន ដែលព្រះទ្រង់បានប្រទានមក តែសប្បាយក្នុងផ្លូវ និងក្នុងកម្រិតដែលព្រះអង្គបានហាមឃាត់»2។
ព្រះគម្ពីរបានចែងច្បាស់ថា ព្រះអម្ចាស់មិនដែល និងមិនអាចធ្វើជាប្រភពនៃការល្បួងទេ។ នៅពេលដែលកណ្ឌគម្ពីរយ៉ាកុបបានចែងថា ព្រះទ្រង់មិនដែលល្បួងនរណាម្នាក់សោះឡើយ គឺបានចែងដោយផ្អែកទៅលើចារិកលក្ខណៈរបស់ព្រះអង្គ។ ព្រះទ្រង់មិនអាចល្បួងនរណាម្នាក់ឲ្យធ្វើការអាក្រក់ ព្រោះការអាក្រក់មិនមានឥទ្ធិពលមកលើព្រះអង្គឡើយ។ ដើម្បីល្បួងនរណាម្នាក់ឲ្យធ្វើការអាក្រក់ មេល្បួងត្រូវមានចិត្តអរសប្បាយក្នុងការអាក្រក់ តែព្រះអង្គមិនមានចារិកលក្ខណៈដូចនេះទេ។
ពាក្យដែលប្រែមកថា «ល្បួង» ក៏អាចប្រែមកថា «ល្បងល»។ ដូចនេះ ការល្បួងមកលើចិត្តរបស់យើងដែលមានបាប ក៏ជាការល្បងលដែលអាចពង្រឹងជំនឿយើងផងដែរ។ ពេលយើងជួបការល្បងល ដែលព្រះទ្រង់អនុញ្ញាតឲ្យកើតមាន យើងគួរតែនឹកចាំថា គោលបំណងរបស់ព្រះអង្គមិនមែនដើម្បីឲ្យយើងចាញ់ការល្បួង ឬការល្បងលនោះទេ តែដើម្បីជាប្រយោជន៍ដល់យើងវិញ។ អារក្សចង់ឲ្យយើងចាញ់ល្បួង តែព្រះអង្គសព្វព្រះទ័យឲ្យយើងមានជ័យជម្នះ។ ព្រះអង្គកាន់ខាងយើង ហើយព្រះអង្គផ្សំការគ្រប់យ៉ាង សូម្បីតែការល្បងល និងការល្បួង ដើម្បីជាប្រយោជន៍យើង។
ដូចនេះ ជាប្រចាំ តើអ្នកតយុទ្ធនឹង (ឬចាញ់)ការល្បួងអ្វីខ្លះ? ចូរយើងចាត់ទុកការល្បួងទាំងនោះ ជាឱកាស ដើម្បីសម្រេចចិត្តស្តាប់បង្គាប់ព្រះ ដើម្បីផ្គាប់ចិត្តព្រះវរបិតា ដើម្បីចម្រើនឡើងឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ ដើម្បីមានជ័យជម្នះ ក្នុងសង្គ្រាមខាងឯវិញ្ញាណ។ «ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ» (យ៉ាកុប ៤:៧)។
ព្រះគម្ពីរសញ្ជឹងគិត៖ ១ពេត្រុស ១:១៣-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ១-២ និង១កូរិនថូស ១
1The Westminster Confession of Faith 8.2.
2The Screwtape Letters (ឆ្នាំ១៩៤២; HarperCollins, ឆ្នាំ២០០១), ទំព័រ៤៤។