អ័ដាម និងប្រពន្ធគាត់ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្ដាលដើមឈើក្នុងសួនច្បារ។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរក អ័ដាម ដោយព្រះបន្ទូលថា «ឯងនៅឯណា?» (លោកុប្បត្ដិ ៣:៨-៩)។
ការលេងបិទពួន គឺជាល្បែងកម្សាន្តដ៏ពេញនិយមដែលក្មេងៗចូលចិត្តលេងកម្សាន្ត ទោះពួកគេមានជាតិសាសន៍អ្វី និយាយភាសាអ្វី និងរស់នៅកន្លែងណាក៏ដោយ។ វាជាល្បែងសកល និងស្របច្បាប់។ ប៉ុន្តែ ការលេងបិទពួនដំបូងបំផុតនៅលើផែនដីនេះ មិនមែនជារឿងសប្បាយរីករាយ ឬត្រឹមត្រូវឡើយ។ វាជារឿងធ្ងន់ធ្ងរដែលទាក់ទងនឹងសេចក្តីស្លាប់។
បន្ទាប់ពីលោក អ័ដាម និងនាង អេវ៉ា មិនស្តាប់បង្គាប់ព្រះក្នុងសួនច្បារអេដែន ពួកគេបានព្យាយាមលាក់ខ្លួនពីព្រះនេត្រព្រះដោយការភ័យខ្លាច។ តែព្រះអម្ចាស់បានយាងមករកពួកគេដោយសំណួរដ៏សាមញ្ញថា «ឯងនៅឯណា?»
សំណួរនេះ គឺផ្ទុយនឹងការសន្និដ្ឋានជាទូទៅថា មនុស្សកំពុងស្វែងរកព្រះ ដែលកំពុងលាក់ខ្លួនមិនឲ្យពួកគេឃើញ នៅកន្លែងណាមួយក្នុង ឬនៅក្រៅចក្រវាល។ តាមពិតយើងទេដែលជាអ្នកលាក់ខ្លួន ហើយព្រះទ្រង់ជាអ្នកយាងមកស្វែងរកយើង។
សំណួរនេះអាចហាក់ដូចជាចម្លែក ពីព្រោះតើព្រះទ្រង់បានជ្រាបអំពីអ្វីៗគ្រប់យ៉ាងរួចទៅហើយមែនទេ? ព្រះអង្គសួររក អ័ដាម និងនាង អេវ៉ា មិនមែនដើម្បីទទួលបានព័ត៌មានថ្មីៗ តែដើម្បីជួយពួកគេឲ្យយល់អំពីស្ថានភាពរបស់ខ្លួន។ ព្រះអង្គយាងមក ដើម្បីនាំពួកគេចេញពីកន្លែងលាក់ខ្លួន មិនមែនដើម្បីឲ្យពួកគេគេចមុខពីព្រះអង្គនោះទេ។
សូមយើងស្រមៃអំពីប្រតិកម្មដែលព្រះទ្រង់អាចមាន ចំពោះការបះបោររបស់លោក អ័ដាម និងនាង អេវ៉ា។ បើសិនជាព្រះអង្គឆ្លើយតប ដោយការវិនិច្ឆ័យដ៏តឹងរ៉ឹង ព្រះអង្គអាចកាត់ទោសប្រហារជីវិតពួកគេភ្លាម ដូចដែលព្រះអង្គបានព្រមានពួកគេពីដំបូង (លោកុប្បត្ដិ ២:១៦-១៧)។ ប៉ុន្តែ ចរិតលក្ខណៈរបស់ព្រះអង្គតែងតែមានសេចក្តីមេត្តា បានជាព្រះអង្គយាងមក ដោយគ្រាន់តែសួរសំណួរមួយ។ ការនេះជាការបង្ហើបដំបូងបំផុត ឲ្យយើងឃើញព្រះគុណរបស់ព្រះអង្គ បន្ទាប់ពីមនុស្សជាតិបានបែរខ្នងដាក់ព្រះអង្គ។ ព្រះអង្គមិនបានប្រទានភ្លាមៗនូវអ្វីដែលពួកគេសមនឹងទទួល តែផ្ទុយទៅវិញ ដោយព្រះទ័យសប្បុរសដ៏លើសលប់ ព្រះអង្គប្រទានមកពួកគេនូវអ្វីដែលពួកគេមិនសមនឹងទទួល គឺឱកាសឆ្លើយតប និងងាកបែរមករកព្រះអង្គវិញ។
ក្នុងចំណោមយើង គ្មាននរណាម្នាក់ដែលមានអារម្មណ៍ស្រួលក្នុងចិត្តឡើយ បើសិនជាមនុស្សជិតស្និទ្ធនឹងយើងបំផុតអាចដឹងថា យើងគិត និងបានធ្វើអ្វីខ្លះ។ យើងប្រហែលចង់លាក់បាំងសេចក្តីពិតពីគ្នាទៅវិញទៅមក ហើយប្រហែលលាក់បាំងពីខ្លួនឯងទៀតផង។ តែការលាក់ខ្លួនមិនឲ្យព្រះឃើញ គឺគ្មានប្រយោជន៍ទេ។ យើងមិនអាចលាក់ខ្លួន ឬទម្លាក់កំហុសឲ្យអ្នកដទៃបានទេ។
យើងមិនត្រូវជឿការកុហកដែលថា ព្រះទ្រង់មិនទតឃើញ «បាប»តូចៗ ដែលយើងបានលាក់បាំងមិនឲ្យអ្នកដទៃដឹងនោះឡើយ។ ព្រះអង្គទតឃើញ។ ព្រះទ្រង់ទតឃើញខាងក្នុងវិញ្ញាណយើង ហើយជ្រាបច្បាស់ថា យើងបានធ្វើអ្វី ហើយកំពុងឈរនៅកន្លែងណា។ ពិតជាអស្ចារ្យណាស់ យើងមិនចាំបាច់ត្រូវធ្វើពុតជាពួននោះទេ។ ព្រះអង្គយាងមករកយើង ដោយសេចក្តីមេត្តា មិនមែនដោយការជំនុំជម្រះ ដ្បិត «ព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជម្រះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ» (យ៉ូហាន ៣:១៧)។ តើអ្នកមានបន្ទុកធ្ងន់ ដោយសារបាប ឬភាពអាម៉ាសលាក់កំបាំងណាមួយឬ? តើអ្នកកំពុងព្យាយាមលាក់បាំងពីព្រះនូវអ្វីដែលអ្នកកំពុងលាក់បាំងពីអ្នកដទៃឬ? ពេលនេះជាពេលល្អបំផុត ដែលត្រូវឈប់លាក់ខ្លួនពីព្រះអង្គ។ ចូរបោះជំហានចូលទៅក្នុងពន្លឺ។ ចូរបើកបង្ហាញការអ្វីដែលអ្នកបានលាក់បាំងនោះ នៅចំពោះព្រះអង្គ ដើម្បីឲ្យទ្រង់បានគ្របបាំងវាដោយព្រះលោហិត និងដើម្បីឲ្យអ្នកដឹងថា ព្រះអង្គបានស្គាល់ និងអត់ទោសឲ្យអ្នកហើយ។ ព្រះអង្គជាព្រះសប្បុរស និងសព្វព្រះទ័យនឹងជួយសង្គ្រោះ ហើយមានទំនាក់ទំនងជាមួយយើង។
ព្រះគម្ពីរសញ្ជឹងគិត៖ ១យ៉ូហាន ១:៨-២:២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៣-៤ និង១កូរិនថូស ២