«លោកក៏មិនបានសង្ស័យ ចំពោះសេចក្តីសន្យារបស់ព្រះដោយចិត្តមិនជឿឡើយ គឺរឹតតែមានសេចក្តីជំនឿខ្លាំងឡើងទាំងសរសើរតម្កើងដល់ព្រះវិញ» (រ៉ូម ៤:២០)។
មុនពេលលោក អ័ប្រាហាំមានកូន ព្រះអង្គបានសន្យាថា កូនចៅជំនាន់ក្រោយរបស់គាត់ នឹងមានគ្នាច្រើនសន្ធឹក។ ជាច្រើនឆ្នាំក្រោយមក លោក អ័ប្រាហាំ និងនាង សារ៉ា មានអារម្មណ៍ថា ពួកគេហាក់ដូចជាមិនអាចមានកូនឡើយ។ ព្រះបន្ទូលសន្យាហាក់ដូចជាមិនអាចសម្រេចបានទេ ដូចនេះ អ្នកទាំងពីរក៏បានសម្រេចចិត្តធ្វើអ្វីៗដោយចិត្តឯង។ នាង សារ៉ា ក៏បានប្រគល់នាងហាការជាអ្នកបម្រើ ឲ្យទៅលោក អ័ប្រាហាំ ដើម្បីបង្កើតកូនឲ្យគាត់។ ហើយ ហាការ បង្កើតបានកូនប្រុសម្នាក់ឈ្មោះ អ៊ីសម៉ាអែល។ តែព្រះទ្រង់បានបញ្ជាក់ច្បាស់ថា កូនចៅជំនាន់ក្រោយដែលព្រះអង្គសន្យាប្រទានដល់គាត់ មិនមែនកើតចេញពីខ្សែលោហិតរបស់ អ៊ីសម៉ាអែល ទេ។ ព្រះទ្រង់កំពុងបង្ហាញលោក អ័ប្រាហាំ និងនាង សារ៉ា ថា មានតែព្រះអង្គទេដែលអាចធ្វើឲ្យព្រះបន្ទូលសន្យាបានសម្រេច។ អ្វីដែលលោក អ័ប្រាហាំ ត្រូវធ្វើគឺត្រូវទុកចិត្ត ព្រះបន្ទូលសន្យាដែលជួបការលំបាកដ៏លើសលប់ បានជាមានតែព្រះដ៏មានគ្រប់ព្រះចេស្ដាទេដែលអាចសម្រេចបាន។
ជាច្រើនឆ្នាំក្រោយមក នាងសារ៉ានៅតែមិនមានកូន។ ព្រះទ្រង់ក៏បានយាងមកជួបលោក អ័ប្រាហាំ ម្តងទៀត ដោយធានាគាត់ជាថ្មីថា ទោះនាងមានវ័យចាស់យ៉ាងណា ក៏នាងនឹងនៅតែមានកូនប្រុសមួយ។ ទីបំផុត នាងក៏មានកូនម្នាក់ ក្នុងវ័យ៩០ឆ្នាំ។ កូនប្រុសនោះឈ្មោះ អ៊ីសាក ដែលមានន័យថា «គាត់សើច»។ លោក អ័ប្រាហាំ ដែលធ្លាប់សើចដោយការហួសចិត្ត ចំពោះការមានកូនក្នុងវ័យចាស់ខ្លាំង (លោកុប្បត្ដិ ១៧:១៧) ក៏បានប្រែជាមានការស្ញប់ស្ញែងជាពន់ពេកចំពោះការសម្រេចព្រះបន្ទូលសន្យានេះ។
ព្រះទ្រង់តែងតែធ្វើតាមព្រះបន្ទូលសន្យា។ ស្ត្រីវ័យ៩០ឆ្នាំមិនអាចមានកូនបាន ប៉ុន្តែព្រះអង្គអាចធ្វើឲ្យរឿងនេះកើតឡើងបាន។ ព្រះបន្ទូលសន្យាថានឹងប្រទានកូនស្នងមរតកចំពោះប្ដីប្រពន្ធមានវ័យចាស់នេះ គឺបានចង្អុលបង្ហាញយើងអំពីអំណោយនៃជីវិតដែលកើតពីការអស្ចារ្យ។ បើគ្មានការអន្តរាគមន៍ពីព្រះអង្គទេ ពួកគេមិនអាចមានកូនជំនាន់ក្រោយទេ។ ស្រដៀងគ្នានេះដែរ បើគ្មានព្រះអង្គធ្វើអន្តរាគមន៍ទេ នោះជីវិតក៏គ្មានការអស្ចារ្យដែរ។ តែដោយសារព្រះចេស្ដាព្រះអង្គ ជីវិតអាចកើតមាន គឺជីវិតពិត! តាំងពីដើមមក ព្រះអង្គបានបង្រៀនរាស្ត្រព្រះអង្គថា ការអស្ចារ្យត្រូវតែកើតមាន ដើម្បីឲ្យដំណឹងល្អបានចាក់ឫសក្នុងជីវិតនរណាម្នាក់។
ព្រះទ្រង់រក្សាព្រះបន្ទូលសន្យា។ ហើយព្រះអង្គមានព្រះបន្ទូលសន្យាជាច្រើន សម្រាប់រាស្ត្រព្រះអង្គ ដែលសុទ្ធតែអស្ចារ្យ ហើយសុទ្ធតែសម្រេចនៅក្នុងព្រះគ្រីស្ទ (២កូរិនថូស ១:២០)។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវរៀនទុកចិត្តព្រះបន្ទូលសន្យាដូចលោក អ័ប្រាហាំ ផងដែរ ទោះព្រះបន្ទូលសន្យាហាក់ដូចជានៅឆ្ងាយ ឬហាក់ដូចជាមិនអាចទៅរួចក៏ដោយ។ សរុបមក ព្រះបន្ទូលសន្យាដែលជួបការលំបាកដ៏លើសលប់តម្រូវឲ្យមានការសម្រេច ដោយព្រះមានគ្រប់ព្រះចេស្ដា ជាព្រះវរបិតារបស់យើង។
តើមាននរណាខ្លះដែលអ្នកបានស្គាល់ ដែលត្រូវការឲ្យអ្នករម្លឹកថា ព្រះអម្ចាស់តែងតែរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គ? និយាយដោយស្មោះត្រង់ទៅ យើងរាល់គ្នាសុទ្ធតែត្រូវការការរម្លឹកនេះ។ ចូរទុកចិត្តលើព្រះអម្ចាស់តែមួយអង្គគត់តាមគំរូលោក អ័ប្រាហាំ។ ព្រះអង្គអាចរក្សាព្រះបន្ទូលសន្យា ដែលសម្រេចបាន ដោយសារតែព្រះចេស្ដាព្រះអង្គប៉ុណ្ណោះ។ តែអ្នកដឹងស្រាប់ហើយថា ព្រះទ្រង់ធ្វើការអស្ចារ្យ ហើយព្រះអង្គប្រើព្រះចេស្ដា ដើម្បីដាក់ផ្កាយនៅលើមេឃ និងទ្រទ្រង់ពិភពលោក ដើម្បីដាស់ចិត្តអ្នក នាំឲ្យអ្នកមានជំនឿ និងប្រទាននូវជីវិតអស់កល្បជានិច្ច។
ព្រះគម្ពីរសញ្ជឹងគិត៖ លោកុប្បត្ដិ ១៥:១-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៨-១០ និង១កូរិនថូស ៤