ឱកាស​រៀន​សូត្រ​ពី​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ»។ ម៉ាថាយ ១១:២៩

តើ​ឪពុក​ម្តាយ​សួរ​កូន​អំពី​រឿង​អ្វី​ខ្លះ បន្ទាប់​ពី​ពួក​គេ​បាន​វិល​ត្រឡប់​មក​ពី​សាលា​រៀន​វិញ? ឪពុក​ម្តាយ​ខ្លះ​សួរ​កូន​ថា «ថ្ងៃ​នេះ កូន​រៀន​បាន​អ្វី​ខ្លះ?» ប៉ុន្តែ ឪពុក​ម្តាយ​ភាគ​ច្រើន​សួរ​កូន​ថា «​ថ្ងៃ​នេះ កូន​ទៅ​រៀន​សប្បាយ​ទេ?»

ទាក់​ទង​នឹង​ការ​រៀន​សូត្រ គេ​ប្រហែល​មិន​សូវ​ខ្វល់​ខ្លាំង អំពី​សំណួរ​អ្វី​ដែល​ត្រូវ​សួរ ហើយ​គេ​បាន​ដាក់​អាទិភាព​ទៅ​លើ​អ្វី​ខ្លះ។ ប៉ុន្តែ សំណួរ​ដូច​នេះ​ក៏​ត្រូវ​បាន​គេ​យក​មក​សួរ​ជា​ញឹក​ញាប់​ទាក់ទង​នឹង​ការ​ទៅ​ព្រះវិហារ៖ តើ​អ្នក​ទៅ​ព្រះ​វិហារ​មាន​អំណរ​ទេ? តើ​យើង​មាន​អំណរ ក្នុង​ការ​ទៅ​ព្រះ​វិហារ​ទេ? ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​សួរ​ថា «តើ​យើង​រៀន​សូត្រ​បាន​អ្វី​ខ្លះ​អំពី​ព្រះ​យេស៊ូវ ហើយ​ព្រះ​អង្គ​បាន​បង្រៀន​យើង​អ្វី​ខ្លះ?» ព្រះ​យេស៊ូវ​បាន​ប្រទាន​យើង​នូវ​ឯកសិទ្ធិ​ឲ្យ​មាន​ឱកាស​រៀន​សូត្រ​ពី​ព្រះ​អង្គ។ ក្នុង​ដំណឹង​ល្អ​ទាំង​មូល ព្រះ​អង្គ​បាន​មាន​បន្ទូល​តាម​របៀប​ដែល​បណ្ដាល​ចិត្ត​យើង​ឲ្យ​សួរ​សំណួរ​ធំៗ​អំពី​ជីវិត​ដែល​មាន​ដូច​ជា៖ តើ​ខ្ញុំ​ជា​នរណា? តើ​ខ្ញុំ​មក​ពី​ណា? តើ​ខ្ញុំ​រស់​នៅ​ដើម្បី​អ្វី? តើ​ខ្ញុំ​នឹង​ទៅ​ទី​ណា? តើ​ជីវិត​ខ្ញុំ​សំខាន់​ទេ? ការ​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ ជា​ព្រះ​អម្ចាស់ និង​ជា​ព្រះ​អង្គ​សង្គ្រោះ​ផ្ទាល់​ខ្លួន ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​គិត អំពី​សំណួរ​ធំៗ​ទាំង​នេះ។ ការ​នេះ​កែ​ប្រែ​ការ​គិត​របស់​យើង អំពី​ពេល​វេលា ធនធាន អាជីព និង​អំពី​ប្រភេទ​មនុស្ស​ដែល​យើង​ចង់​រៀប​ការ​ជា​មួយ ឬ​ប្រភេទ​ប្ដី ឬ​ប្រពន្ធ​ដែល​យើង​ចង់​ក្លាយ​ទៅ​ជា។ ព្រោះ​ការ​ទទួល​ស្គាល់​ព្រះ​យេស៊ូវ គឺ​ជា​ការ​អញ្ជើញ​ព្រះ​អង្គ​ឲ្យ​គ្រង​រាជ្យ​លើ​ជីវិត​យើង។ អ្វីៗ​មាន​ការ​ផ្លាស់​ប្ដូរ នៅ​ពេលណា​យើង​រៀន​សូត្រ​ពី​ព្រះ​អង្គ។

ការ​ចូល​មក​រក​ព្រះ​យេស៊ូវ​ចាប់​ផ្ដើម​ដោយ​ការ​ដឹង​ថា ព្រះ​គ្រីស្ទ​បាន​សុគត ដើម្បី​លោះ​បាប​យើង ម្តង​ជា​សម្រេច ដោយ​ព្រះ​សុចរិត​សុគត​ជំនួស​យើង​ដែល​មិន​សុ​ចរិត ដើម្បី​ផ្សះផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ​អង្គ (១ពេត្រុស ៣:‌១៨)។ ការ​យល់​ដឹង​អំពី​រឿង​នេះ មិន​ស្មើ​នឹង​ការ​ជឿ ឬ​ទុក​ចិត្ត​រឿង​នេះ ហើយ​អរ​សប្បាយ​ក្នុង​ការ​ទទួល​នឹម​របស់​ព្រះ​អង្គ​ដែល​ប្រទាន​ទាំង​អស់​នេះ​មក​យើង។

យើង​រាល់​គ្នា​សុទ្ធ​តែ​ស្គាល់​មនុស្ស​ដែល​ព្យាយាម​ដោះ​ប្រស្នា​នៃ​ជីវិត​របស់​ពួក​គេ ដោយ​ផ្គុំ​បំណែក​រូប​ជា​ច្រើន​ចូល​គ្នា​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​យើង​រាល់​គ្នា​សុទ្ធ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ​ផង​ដែរ។ ប៉ុន្តែ បើ​យើង​មិន​ស្ម័គ្រ​ចិត្ត​រៀន​សូត្រ​ពី​ព្រះ​អង្គ​ទេ យើង​មិន​អាច​ផ្គុំ​រូប​នោះ​ឲ្យ​ត្រូវ​បាន​ឡើយ។ ប៉ុន្តែ ឥឡូវ​នេះ យើង​ពិត​ជា​អាច​ស្គាល់​ព្រះ​អង្គ​មិន​មែន​ដោយ​សារ​កម្រិត​បញ្ញា​របស់​យើង តែ​ដោយ​សារ​ព្រះ​ទ្រង់​សម្រេច​ព្រះ​ទ័យ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​យើង​ស្គាល់ តាម​រយៈ​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ព្រះ​អង្គ។

តើ​អ្នក​ស្ម័គ្រ​ចិត្ត​រៀន​សូត្រ​ពី​ព្រះ​យេស៊ូវ​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​អ្នក​ទេ? តើ​អ្នក​មើល​ឃើញ​ថា វា​ជា​ឯក​សិទ្ធិ មិន​មែន​ជា​បន្ទុក​ក្នុង​ការ​ដើរ​តាម​សេចក្តី​បង្រៀន​​របស់​ព្រះ​អង្គ ហើយ​ចុះ​ចូល​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ​ទេ? ចូរ​ប្រាកដ​ថា អ្នក​នឹង​ឆក់​ឱកាស​រៀន​សូត្រ​អំពី​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ ហើយ​នាំ​ឲ្យ​អ្នក​មាន​ការ​ស្កប់​ចិត្ត ហើយ​កែ​ប្រែ​ជីវិត​អ្នក ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ៤:១៧-៥:២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ១១-១៣ និង ១កូរិនថូស ៥

More articles