លូកា ១០:៣៨-៤២
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ។ លូកា ១០:៤១
កាលប៉ុន្មានឆ្នាំមុន ការសិក្សាមួយបានធ្វើការវិភាគមកលើទំនាក់ទំនងរវាងជំងឺធ្លាក់ទឹកចិត្តរបស់ក្មេងជំទង់ និងបរិមាណនៃដំណេកដែលក្មេងជំទង់ទទួលបាន ជារៀងរាល់យប់។ បន្ទាប់ពីបានអានរបាយការណ៍នៃការសិក្សានេះហើយ យុវតីម្នាក់ក៏បានបញ្ចេញយោបល់ថា “ខ្ញុំហាក់ដូចជាមិនដែលដឹងសោះថា ពេលណាខ្ញុំត្រូវឈប់។ ខ្ញុំបានជំរុញខ្លួនឯងឲ្យខំប្រឹងខ្លាំងណាស់ បានជាខ្ញុំធ្លាក់ខ្លួនឈឺ ដោយសារការដេកមិនគ្រប់គ្រាន់ និងស្រ្តេស”។ បន្ទាប់មក នាងក៏បាននិយាយថា នាងចង់ដឹងអំពីរបៀបគ្រប់គ្រងពេលវេលា ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះ។ តើការជាប់រវល់ច្រើន និងការបង្កើតផលផ្លែខាងវិញ្ញាណមានភាពខុសគ្នាដូចម្តេចខ្លះ?
ការជាប់រវល់ច្រើនមិនប្រាកដថា ធ្វើការបានច្រើន មានភាពស្មោះត្រង់ ឬបង្កើតផលផ្លែបានច្រើននោះទេ។ ប៉ុន្តែ យើងប្រហែលជាគិតថា ការជាប់រវល់មានសារៈសំខាន់បំផុតសម្រាប់ការរស់នៅ។ ក្នុងបទគម្ពីរលូកា ១០:៤១ ព្រះយេស៊ូវបានក្រើនរំឭកនាងម៉ាថា ដោយសុភាពថា “ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ”។ នៅពេលនោះ ម៉ារាជាប្អូនស្រីរបស់នាង បានសម្រេចចិត្តអង្គុយនៅទាបព្រះបាទព្រះអម្ចាស់(ខ.៣៩) ជាឥរិយាបថនៃភាពជាសិស្សរបស់ព្រះយេស៊ូវ ដែលជាជម្រើសល្អជាង។
បើយើងមានចិត្តចង់បម្រើព្រះគ្រីស្ទ តើយើងកំពុងតែធ្វើច្រើនពេក ដោយគិតថា ព្រះអង្គនឹងកត់សំគាល់ឃើញយើងកាន់តែខ្លាំង បើយើងធ្វើកាន់តែច្រើនឬ? បទគម្ពីរកូល៉ុស ៣:១៧ បានចែងថា “ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ”។ តែខគម្ពីរនេះមិនបានប្រាប់យើងឲ្យធ្វើការទាល់តែខ្សោះអស់កម្លាំងទាំងផ្លូវកាយនិងផ្លូវចិត្ត ដោយនូវព្រះនាមព្រះអង្គនោះទេ។ បទគម្ពីរទំនុកដំកើង ៤៦:១០ បានក្រើនរំឭកយើងថា “ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ”។
ចូរយើងបន្ថយល្បឿន ហើយចំណាយពេលជាមួយព្រះគ្រីស្ទឲ្យកាន់តែច្រើន ជាជាងផ្ដោតទៅលើការងារតែម្យ៉ាង។ ទាល់តែធ្វើដូចនេះ ទើបយើងអាចរកឃើញការសម្រាកពិតប្រាកដសម្រាប់វិញ្ញាណយើង (ម៉ាថាយ ១១:២៩)។—Brent Hackett
តើនៅពេលណាអ្នកមានការរវល់ខ្លាំងពេក ដល់ថ្នាក់មិនអាចមានចិត្តស្មោះត្រង់ និងបង្កើតផលផ្លែ?
តើធ្វើដូចម្តេចឲ្យអ្នកអាចរកឃើញការសម្រាកក្នុងព្រះយេស៊ូវ ដើម្បីសម្រេចកិច្ចការដែលព្រះអង្គសព្វព្រះទ័យឲ្យអ្នកធ្វើ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំជំនួសការជាប់រវាល់ ដោយការឈប់បង្អង់ ដើម្បីសម្រាក
ដើម្បីឲ្យទូលបង្គំអាចចាំថា ព្រះអង្គជាព្រះ ហើយជីវិតទូលបង្គំអាចមានផលផ្លែ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៨-១០ និង ម៉ាកុស ១១:១៩-៣៣