ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក​ដូច​សត្វ​ដំរី

១កូរិនថូស ១២:២១-២៦

ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​បែក​ខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅវិញ​ទៅមក​។ ១កូរិនថូស ១២:២៥

នៅ​ពេលយប់​មួយ​នោះ គេ​បាន​ទូរស័ព្ទ​មក​ក្រុម​អភិ​រក្ស​សត្វ​ដំរី ក្នុង​តំបន់​អភិរក្ស​មួយ​នៅ​ប្រទេស​កេនយ៉ា នៅ​ពេលយប់​ជ្រៅ ដើម្បី​ប្រាប់​ពួក​គេ​ថា មាន​កូន​ដំរី​មួយ​ក្បាល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្តូង​។ ក្រុម​ជួយ​សង្រ្គោះ​ក៏បាន​មកដល់​កន្លែង​ស​ម្រែក​នៃ​ភាព​អស់​សង្ឃឹម​ដែល​កំពុង​ជន់ជោរ​ភាព​ងងឹត ហើយក៏​បាន​ដឹង​ថា សត្វ​ឆ្កែ​ព្រៃ​ហាយយេណាស បាន​ស៊ី​ប្រមោយ​របស់​វា​ដាច់​អស់២ភាគបី​ហើយ​។ គេ​ក៏​បាន​ដឹក​កូន​ដំរី​នោះ​ទៅ​កន្លែង​មាន​សុវត្ថិភាព ហើយក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​វា​ថា ឡងអ៊ូរ៉ូ (Long’uro)ដែល​មានន័យថា “របស់​ដែល​បាន​ដាច់”។ ទោះ​វា​នៅសល់​ប្រមោយតែ១ភាគ៣ក៏ដោយ ក៏​របួស​នៅ​លើ​ប្រមោយ​របស់​វា​បាន​ជា​សះ​ស្បើយ ហើយ​ហ្វូង​ដំរី​ក្នុង​តំបន់​អភិ​រក្ស​បាន​ទទួល​ចិញ្ចឹម​វា​ដោយ​ក្តី​ស្រឡាញ់​។ សត្វ​ដំរី​មាន​និស្ស័យ​ធម្មជាតិ​ពី​កំណើត​មក ដែល​ធ្វើ​ឲ្យ​ពួកវា​ដឹង​ថា ពួកវា​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក ហេតុ​នេះ​ហើយ​ពួកវា​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​អាសន្ន​។

ក្នុង​បទ​គម្ពីរ១កូរិនថូស ជំពូក១២ សាវ័ក​ប៉ុល​បាន​និយាយ​សង្កត់​ធ្ងន់​ថា យើង​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក ក្នុង​រូបកាយ​ព្រះគ្រីស្ទ​។ គាត់​បាន​ពាក្យ​ប្រៀប​ប្រដូច អំពី​រូបកាយ​របស់​មនុស្ស និង​អវយវៈ​នីមួយៗ ដើម្បី​ពិពណ៌នា​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះអង្គ ស្វាគមន៍​អំណោយ​ទាន​ដែល​មនុស្ស​ម្នាក់ៗ​មាន ព្រោះ​អ្នកជឿ​ម្នាក់ៗ​មាន​ភាព​ចាំបាច់ ដើម្បី​ឲ្យ​រូបកាយ​ទាំងមូល​មាន​ដំណើរ​ការ(ខ.១២-២៦)។ បន្ទាប់មក សាវ័ក​ប៉ុល​ក៏​បាន​បក​ស្រាយ​អំពី​របៀប​ដែល​ការ​រូប​រួម​នៅ​ក្នុង​ភាព​ខុស​ប្លែក​គ្នា បាន​កើត​មាន​យ៉ាង​ជោគជ័យ​។ គាត់​បាន​បង្រៀន​ថា “ព្រះ​ទ្រង់​បាន​ផ្សំ​រូបកាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅទៀត ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​បែក​ខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅវិញ​ទៅមក”(ខ.២៤-២៥)។

ទោះ​យើង​ខ្លាំង ឬ​ខ្សោយ មាន​សមត្ថភាព​ច្រើន ឬ​ជា​មនុស្ស​សាមញ្ញ​ក្តី ចូរ​យើង​ជួយ​គ្នា​ទៅវិញ​ទៅមក​។ យើង​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក គឺ​មិន​ខុសពី​សត្វ​ដំរី​ទេ​។—Elisa Morgan

តើ​អ្នក​បាន​ទទួល​ជំនួយ​ពី​មហា​គ្រួសារ​របស់​ព្រះ នៅ​ពេលណា? តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​អ្នកជឿ​ដទៃ​ទៀត នៅ​ថ្ងៃ​នេះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​នឹក​ចាំ​អំពី​តម្លៃ​របស់​អវយវៈ​នីមួយៗ​ក្នុង​រូបកាយ​ព្រះគ្រីស្ទ
ហើយ​បង្ហាញ​ទូល​បង្គំ​នូវ​របៀប​ទទួល និង​ផ្តល់​ជំនួយ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​កម្លាំង​ឡើង ដោយសារ​ការ​រួបរួម​គ្នា​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១៧-១៩ និង ម៉ាកុស ១៣:១-២០

More articles