អេសេគាល ១១:១៤-២១
អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ។ អេសេគាល ១១:១៩
លោកប្រក់(Brock) និងលោកដេនីស(Dennis) គឺជាមិត្តភក្តិតាំងពីវ័យកុមារ ប៉ុន្តែ នៅពេលដែលពួកគេចម្រើនវ័យធំឡើង លោកប្រក់ មិនសូវមានចំណាប់អារម្មណ៍ចំពោះជំនឿដែលលោកដេនីសមាន ចំពោះព្រះយេស៊ូវទេ។ លោកដេនីសស្រឡាញ់មិត្តភក្តិគាត់ ហើយក៏បានអធិស្ឋានឲ្យ ព្រោះគាត់ដឹងថា ផ្លូវដែលមិត្តភក្តិគាត់កំពុងដើរមានភាពងងឹត និងនាំមកនូវភាពសោកសៅ។ លោកដេនីសក៏បានអធិស្ឋានឲ្យលោកប្រក់ តាមគំរូហោរាអេសេគាលថា “ព្រះអង្គអើយ សូមព្រះអង្គដកចិត្តដែលរឹងដូចថ្មចេញពីគាត់ ដើម្បីប្រទានគាត់នូវចិត្តដែលទន់ដូចសាច់វិញ”(អេសេគាល ១១:១៩)។ គាត់ចង់ឲ្យលោកប្រក់ដើរក្នុងផ្លូវព្រះ ដើម្បីឲ្យរួចផុតពីសេចក្តីហិនវិនាស។
១០ឆ្នាំក្រោយមក លោកដេនីសនៅតែបន្តអធិស្ឋានឲ្យលោកប្រក់ ដោយចិត្តស្មោះត្រង់។ បន្ទាប់មកលោកប្រក់ក៏បានទូរស័ព្ទមកគាត់ ប្រាប់ថា គាត់បានថ្វាយជីវិតដល់ព្រះយេស៊ូវហើយ! លោកដេនីសមានអំណរខ្លាំងណាស់ រហូតស្រក់ទឹកភ្នែក ពេលដែលបានទទួលដំណឹងថា ទីបំផុតមិត្តភក្តិគាត់បានឈប់រស់នៅតាមបំណងចិត្តខ្លួនឯងទៀត ហើយបានទទួលជឿព្រះ។
លោកដេនីសក៏បានអធិស្ឋាន ដោយផ្ដោតទៅលើព្រះបន្ទូលសន្យា ដែលព្រះទ្រង់បានប្រទានមករាស្រ្តរបស់ព្រះអង្គ តាមរយៈហោរាអេសេគាល។ ទោះរាស្រ្តរបស់ព្រះអង្គបានងាកបែរចេញពីព្រះអង្គ ទៅរកសេចក្តីស្មោកគ្រោកក៏ដោយ ក៏ព្រះអង្គនៅតែមានបន្ទូលថា ព្រះអង្គនឹងកែប្រែចិត្តរបស់ពួកគេ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “រួចអញនឹងឲ្យគេមានចិត្តតែ១ ហើយនឹងដាក់វិញ្ញាណថ្មី នៅក្នុងឯងរាល់គ្នា អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ”(ខ.១៩)។ ដោយសារចិត្តដែលបានផ្លាស់ប្រែ ពួកគេក៏បានដើរតាមព្រះអង្គ ដោយចិត្តស្មោះត្រង់(ខ.២០)។
ទោះយើងបានងាកបែរចេញពីព្រះអង្គឆ្ងាយយ៉ាងណាក៏ដោយ ក៏ព្រះអង្គសព្វព្រះទ័យនឹងប្រទានយើងនូវចិត្តថ្មីដ៏កក់ក្តៅ និងមានក្តីស្រឡាញ់។ យើងគ្រាន់តែចាំបាច់ត្រូវងាកបែរទៅរកព្រះអង្គ ដោយជំនឿ និងការប្រែចិត្ត ខណៈពេលដែលយើងទុកចិត្តថា ព្រះអង្គបានសង្គ្រោះយើងឲ្យរួចពីបាបហើយ។—Amy Boucher Pye
តើព្រះអម្ចាស់បានរំលាយភាពរឹងទទឹងក្នុងចិត្តអ្នក ដូចម្តេចខ្លះ? តើអ្នកអាចអធិស្ឋានឲ្យមិត្តភក្តិណាម្នាក់ នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការរំដោះទូលបង្គំឲ្យរួចពីបាប និងសេចក្តីអាម៉ាស។
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២០-២២ និង ម៉ាកុស ១៣:២១-៣៧