
ព្រះអង្គសូនយើងឡើងវិញ
ដោយJennifer Benson Schuldt
March 25, 2025
យេរេមា ១៨:១-១០
ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ។ យេរេមា ១៨:៦
លោកឌែន លេស(Dan Les) បានធ្វើការជាជាងស្មូនពេញមួយជីវិតហើយ ដោយគាត់បានសូនក្អម និងថូរផ្កា សម្រាប់តាំងលម្អ និងរូបចម្លាក់ជាច្រើន។ ការរចនារបស់គាត់ដែលបានទទួលពានររង្វាន់ បានទទួលការបណ្តាលចិត្ត ពីទីក្រុងមួយ ក្នុងប្រទេសរ៉ូម៉ានា ជាកន្លែងដែលគាត់រស់នៅ។ ដោយគាត់បានរៀនសិល្បៈសូនដីឥដ្ឋនេះ ពីឪពុករបស់គាត់ គាត់ក៏បានធ្វើការបកស្រាយអំពីការងារនេះថា “ដើម្បីឲ្យដីឥដ្ឋមានគុណភាពល្អ គេត្រូវទុកវាចោលរយៈពេល១ឆ្នាំ ឲ្យត្រូវទឹកភ្លៀងធ្លាក់មកលើវា ឲ្យត្រូវអាកាសធាតុត្រជាក់ដល់កក ហើយត្រឡប់ទៅរកសភាពដើមវិញ ... ដើម្បីឲ្យយើងអាចសូនវាចេញជារូបរាង្គ ហើយមានអារម្មណ៍ដឹងតាមរយៈម្រាមដៃរបស់យើងថា វាកំពុងតែស្តាប់យើង”។
តើមានរឿងអ្វីកើតឡើង នៅពេលដែលដីឥដ្ឋ “ស្តាប់” ជាងស្មូន? គឺមានន័យថា វាចុះចូល ព្រមឲ្យជាងស្មូនសូនវា តាមបំណងចិត្តគាត់។ ហោរាយេរេមាក៏បានសង្កេតឃើញបញ្ហានេះ នៅពេលដែលគាត់ចូលផ្ទះរបស់ជាងស្មូន។ គាត់បានមើលជាងស្មូនសូនភាជនៈមួយ តែវាបានខូច ដូចនេះ គាត់ក៏បានសូនវាទៅជាភាជនៈថ្មីមួយទៀត(យេរេមា ១៨:៤)។ ព្រះអម្ចាស់ក៏បានមានបន្ទូលមកលោកយេរេមាថា “ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ”(ខ.៦)។
ព្រះទ្រង់អាចលើកយើងឡើង ហើយក៏អាចបន្ទាបយើងចុះផងដែរ ប៉ុន្តែ គោលបំណងធំបំផុតរបស់ព្រះអង្គ មិនមែនដើម្បីកៀបសង្កត់ ឬបំផ្លាញយើងឡើយ(ខ.៧-១០)។ ផ្ទុយទៅវិញ ព្រះអង្គប្រៀបដូចជាជាងស្មូនដ៏ប៉ិនប្រសប់ម្នាក់ ដែលបានសូនភាជនៈណាមួយ ហើយក៏បានមើលដឹងថាវាខូច ដូចនេះ គាត់ក៏បានសូនវាឡើងវិញ ឲ្យមានភាពស្រស់ស្អាត និងមានប្រយោជន៍។
ចូរយើងមានចិត្តដូចជាដីឥដ្ឋដែលស្តាប់ជាងស្មូន ជាដីឥដ្ឋទន់ដែលជាងស្មូនងាយស្រួលសូនធ្វើភាជនៈ ស្របតាមគោលបំណងរបស់គាត់។ ចូរយើងសួរខ្លួនឯងថា តើយើងព្រម “បន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះទេ”(១ពេត្រុស ៥:៦) ដើម្បីឲ្យព្រះអង្គអាចសូនជីវិតយើងឡើងវិញ តាមបំណងព្រះទ័យព្រះអង្គ?—Jennifer Benson Schuldt
តើចិត្តរបស់អ្នកមានការបើកចំហយ៉ាងណាខ្លះ ដើម្បីស្តាប់តាមព្រះបន្ទូលរបស់ព្រះ?
តើអ្នកយល់ឃើញថា ព្រះអង្គសូនជីវិតអ្នកឡើងវិញ តាមរយៈបទពិសោធន៍នៃជីវិត ដោយមានគោលបំណងអ្វី?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ។ ទូលបង្គំសូមថ្វាយជីវិតដាច់ដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ២២-២៤ និង លូកា ៣