នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

មើល​ឃើញ​ព្រះ​គ្រីស្ទ នៅ​ក្នុង​ព្រះ​គម្ពីរ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

មើល​ឃើញ​ព្រះ​គ្រីស្ទ នៅ​ក្នុង​ព្រះ​គម្ពីរ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 4, 2025

«ឱ​ពួក​សាសន៍​អ៊‌ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត...» (កិច្ចការ ២:២២)។

ពេល​វេលា​បាន​កន្លង​ផុត​ទៅ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពេល​ខ្ញុំ​កំពុង​លង់​លក់​ក្នុង​ដំណេក​នៅ​ពេល​យប់ ខ្ញុំ​ស្រាប់តែ​កើត​មាន​ទម្លាប់​ភ្ញាក់​ពាក់​កណ្ដាល​អាធ្រាត្រ។ ការ​ព្រួយ​បារម្ភ​ច្រើន​តែ​វាយលុក​ចូល​ក្នុង​គំនិត​ខ្ញុំ នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ដំណេក​របស់​ខ្ញុំ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​គង្វាល វា​ជា​រឿង​ធម្មតា​ទេ​ដែល​ខ្ញុំ​មាន​ការ​បារម្ភ​អំពី​ការ​បង្រៀន​របស់​ខ្ញុំ បាន​ជា​ខ្ញុំ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​កំពុង​តែ​មើល​ឃើញ និង​បង្រៀន​អំពី​ព្រះ​គ្រីស្ទ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ និង​ស្រប​តាម​ព្រះ​គម្ពីរ​ឬ​ទេ?

ការ​រៀន​ព្រះ​គម្ពីរ​ប៊ីប ដោយ​មិន​បាន​ផ្ដោត​ទៅ​លើ​ព្រះ​គ្រីស្ទ គឺ​ជា​បញ្ហា​ដែល​អាច​កើត​មាន។ យើង​ប្រហែល​ជា​មាន​មោទនភាព ចំពោះ​ការ​ចេះ​ដឹង​របស់​យើង​ខាង​ព្រះ​បន្ទូល​តាម​វិធី​សាស្ត្រ​ជា​ប្រព័ន្ធ តែ​អាកប្ប​កិរិយា​ដូច​នេះ​នាំ​ឲ្យ​យើង​មាន​ហានិភ័យ នៅ​ពេល​ដែល​យើង​ផ្ដោត​ទៅលើ​វិធី​សាស្ត្រ​របស់​យើង​ខ្លាំង​ពេក ធ្វើ​ឲ្យ​យើង​ខកខាន​មិន​បាន​ឃើញ​ព្រះ​គ្រីស្ទ​ក្នុង​ការ​សិក្សា​ព្រះ​បន្ទូល។

ក្នុង​បទ​គម្ពីរ​កិច្ចការ​ជំពូក២ នៅ​ពេល​ដែល​សាវ័ក ពេត្រុស និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា «ឱ​ពួក​សាសន៍​អ៊‌ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ» (ពាក្យ​សម្ដី​របស់​គាត់ ហាក់​ដូច​ជា​មាន​ការ​បង្គាប់​បញ្ជា តើ​មែន​ទេ?)។ ហើយ​សូម​យើង​កត់​សម្គាល់​ថា បន្ទាប់​មក គាត់​មាន​ប្រសាសន៍​ទៀត​ថា «ព្រះ​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត...»។ គាត់​មិន​បាន​ចាប់​ផ្ដើម​ការ​ចែកចាយ ដោយ​និយាយ​អំពី​តម្រូវ​ការ​របស់​ពួក​បណ្តាជន ឬ​ដោយ​បង្ហាញ​អត្ថ​ប្រយោជន៍​ទាំង​អស់​របស់​ដំណឹង​ល្អ ឬ​ក៏​បង្ហាញ​គោល​លទ្ធិ​នៃ​ជំនឿ ឬ​មួយ​លើក​ឡើង​អំពី​ទស្សនៈ​ជា​បន្ត​បន្ទាប់ សម្រាប់​ឲ្យ​មនុស្ស​ពិចារណា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្រាប់​គេ​តែ​ម្តង​ថា ព្រះ​យេស៊ូវ​ជា​នរណា ហេតុ​អ្វី​ព្រះ​អង្គ​បាន​យាង​មក ហើយ​ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ខ្លះ។

ការ​បង្រៀន​របស់​លោក ពេត្រុស គឺ​បាន​បាញ់​សំដៅ​ទៅ​រក​ចិត្ត​មនុស្ស​ដោយ​ផ្ទាល់​ដោយ​បាន​ចាក់​ឫស​ក្នុង​ព្រះ​គុណ ហើយ​ផ្តោត​ទៅ​លើ​ព្រះ​គ្រីស្ទ។ ការ​បង្រៀន​ដូច​នេះ​នាំ​ឲ្យ​គាត់​មាន​បញ្ហា គឺ​បញ្ហា​ដែល​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ត្រៀម​ខ្លួន​ទទួលយក​នោះ​ទេ។ ការ​និយាយ​អំពី​បញ្ហា​នៅ​ថ្ងៃ​នោះ មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ស្គាល់ និង​ចែក​ចាយ​អំពី​ព្រះ​គ្រីស្ទ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជួន​កាល ក្នុង​ពួក​ជំនុំ​ដែល​ផ្តល់​ការ​គោរព​ខ្ពង់ខ្ពស់​ដល់​ព្រះ​គម្ពីរ យើង​សង្កេត​ឃើញ​ថា ការ​ជជែក​អំពី​គោល​លទ្ធិ​ដែល​យើង​ចូល​ចិត្ត​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ជជែក​អំពី​ព្រះ​គ្រីស្ទ​ដែល​ច្រើន​តែ​ជំរុញ​យើង​ឲ្យ​កែ​ប្រែ​របៀប​នៃ​ការ​រស់​នៅ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​អ្វី​ដែល​ពិបាក​ធ្វើ​ក៏​ជា​កិច្ចការ​ដ៏​ត្រឹម​ត្រូវ​ដែល​យើង​ត្រូវ​ធ្វើ​ផង​ដែរ។ យើង​ពិត​ជា​ខ្ជះខ្ជាយ​កម្លាំង​ច្រើន​ណាស់ ក្នុង​ការ​ស្វែងរក​ការ​យល់​ដឹង ឬ​ផ្តល់​ឲ្យ​នូវ​ការ​បង្រៀន អំពី​ប្រធានបទ​ស្ទើរ​ទាំង​អស់ តែ​យើង​មិន​បាន​ចែក​ចាយ​អំពី​រឿង​របស់​ព្រះ​យេស៊ូវ។

ព្រះ​គម្ពីរ​មាន​ការ​ផ្ដោត​ទៅលើ​ព្រះ​គ្រីស្ទ និង​មាន​ការ​សម្រេច​ក្នុង​ព្រះ​អង្គ។ ដើម្បី​ឲ្យ​យើង​ដឹង​ថា ព្រះ​បន្ទូល​ព្រះ​នៅ​ជាប់​ក្នុង​យើង​មាន​ភាព​ស៊ី​ជម្រៅ​ប៉ុណ្ណា យើង​ចាំបាច់​ត្រូវ​ស្ទង់​មើល​សមត្ថភាព​របស់​យើង នៅ​ក្នុង​ការ​មើល​ឃើញ​ព្រះ​យេស៊ូវ​នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​មិន​មែន​ស្ទង់​មើល​សមត្ថភាព​នៅ​ក្នុង​ការ​ចែក​ចាយ​រឿង​ក្នុង​ព្រះ​គម្ពីរ​ត្រូវ​តាម​លំដាប់​លំដោយ​នោះ​ទេ។ ព្រះ​អង្គ​មិន​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ជំនឿ​របស់​គ្រីស្ទាន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​សរុប​នៃ​ជំនឿ​គ្រីស្ទាន​ផង​ដែរ។ ចូរ​យើង​ដាក់​គោលដៅ​រៀន​សូត្រ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ក្នុង​ព្រះ​គ្រីស្ទ ជាជាង​ព្យាយាម​ស្វែង​រក​ផ្លូវ​ផ្សេង​ដែល​នាំ​យើង​ចេញ​ពី​ព្រះ​អង្គ។

នៅ​ពេល​ណា​យើង​បើក​ទំព័រ​ព្រះ​គម្ពីរ​ប៊ីប យើង​ប្រហែល​ជា​គួរ​តែ​អធិស្ឋាន​យ៉ាង​ដូច​នេះ​ថា៖

សូម​ឲ្យ​ទូល​បង្គំ​បាន​ស្គាល់​ព្រះ​យេស៊ូវ​បន្ថែម​ទៀត។

សូម​ឲ្យ​ទូល​បង្គំ​បង្ហាញ​ព្រះ​គុណ​ព្រះ​អង្គ​ដល់​អ្នក​ដទៃ​បន្ថែម​ទៀត។

សូម​ឲ្យ​ទូល​បង្គំ​បាន​ឃើញ​បន្ថែម​ទៀត នូវ​ភាព​ពេញលេញ​របស់​ព្រះ​អង្គ​ដែល​ជួយ​សង្គ្រោះ។

សូម​ឲ្យ​ទូល​បង្គំ​ទទួល​បន្ថែម​ទៀត នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដែល​បាន​សុគត​ដើម្បី​ទូល​បង្គំ។

សូម​ឲ្យ​ទូល​បង្គំ​បាន​រៀន​សូត្រ​អំពី​ព្រះ​យេស៊ូវ​បន្ថែម​ទៀត។

សូម​ឲ្យ​ទូល​បង្គំ​បាន​ស្គាល់​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​អង្គ​បន្ថែម​ទៀត។

សូម​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ធ្វើ​ជា​គ្រូ​បង្រៀន​ទូល​បង្គំ ដោយ​បង្ហាញ​កិច្ចការ​នៃ​ព្រះ​គ្រីស្ទ​ដល់​ទូល​បង្គំ1

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ២៤:១៣-៣៥

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ១-៣ និង​ហេព្រើរ ៦

1លោក​ស្រី Eliza E. Hewitt, “More about Jesus” (ឆ្នាំ១៨៨៧)។

ប្រភេទ