«រីឯ ស៊ីម៉ូន-ពេត្រុស គាត់មានដាវ ហើយក៏ហូតមកកាប់ដាច់ត្រចៀកស្តាំរបស់បាវសម្ដេចសង្ឃម្នាក់ បាវនោះឈ្មោះ ម៉ាលកុស។ នោះព្រះយេស៊ូវមានព្រះបន្ទូលទៅ ពេត្រុស ថា ចូរស៊កដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬអី?» (យ៉ូហាន ១៨:១០-១១)។
ការចាប់ព្រះកាយព្រះយេស៊ូវក្នុងសួនច្បារគែតសេម៉ានី គឺបានបើកបង្ហាញយ៉ាងច្បាស់ថា ព្រះអង្គកំពុងចុះចូលបំណងព្រះទ័យព្រះវរបិតា។ នៅពេលដែលពួកទាហានមកចាប់ព្រះកាយព្រះយេស៊ូវ ព្រះអង្គបានតាំងព្រះទ័យថា នឹងសោយពីពែងនៃទុក្ខវេទនាដែលជាការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ដើម្បីឲ្យពែងនោះបានធ្វើជាពែងនៃសេចក្តីសង្គ្រោះសម្រាប់យើង។ ប៉ុន្តែ ពេលនោះសាវ័ក ពេត្រុស បានរារាំងព្រះអង្គ ដោយដកដាវរបស់គាត់ចេញមក! គាត់មានភាពឆេវឆាវក្នុងសកម្មភាព និងពាក្យសម្ដីជាធម្មតា។ គាត់បានព្យាយាមដើរនៅលើទឹកទៅរកព្រះយេស៊ូវ។ គាត់បានព្យាយាមស្តីបន្ទោសព្រះយេស៊ូវ។ គាត់ស្ម័គ្រចិត្តលះបង់ជីវិតថ្វាយព្រះគ្រីស្ទ។ តែមិនយូរប៉ុន្មាន បន្ទាប់ពីគាត់បានចេញមុខការពារព្រះយេស៊ូវ គាត់ក៏បានបដិសេធន៍ថា មិនស្គាល់ព្រះអង្គដោយការភ័យខ្លាច។
ប្រតិកម្មរបស់លោក ពេត្រុស នៅពេលដែលបានឃើញគ្រូរបស់គាត់ត្រូវគេចាប់ខ្លួន គឺជាអ្វីដែលគេអាចយល់ តែក៏អាចមានការយល់ច្រឡំទាំងស្រុង។ ខណៈពេលដែលលោក ពេត្រុស ស្ម័គ្រចិត្តប្រយុទ្ធដើម្បីព្រះគ្រីស្ទ តាមពិតគាត់កំពុងតែប្រឆាំងព្រះអង្គដោយមិនដឹងខ្លួន។ គាត់កំពុងប្រឆាំងបំណងព្រះទ័យរបស់ព្រះដែលគោលបំណងរបស់ព្រះអង្គ គឺដើម្បីឲ្យព្រះយេស៊ូវបានធ្វើជាដង្វាយលោះបាប។ គំរូរបស់សាវ័ក ពេត្រុស បានបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយ គឺដូចលោក កាល់វីន (Calvin) បានជំរុញយើងថា «ចូរយើងរៀនកុំឲ្យមានចិត្តឆេះឆួលពេក។ ហើយខណៈពេលដែលការខ្វល់ខ្វាយខាងសាច់ឈាមអាចកណ្ដាលឲ្យយើងមានចិត្តដែលហ៊ានធ្វើអ្វីៗលើសព្រះរាជបញ្ជារបស់ព្រះ ចូរយើងដឹងថា ភាពឆេះឆួលរបស់យើងនឹងនាំមកនូវផលអាក្រក់ ពេលណាយើងហ៊ានធ្វើអ្វីៗលើសព្រះបន្ទូលព្រះ»1។
ព្រះយេស៊ូវជ្រាបថា ទង្វើរបស់លោក ពេត្រុស ត្រូវការការកែតម្រង់បានជាព្រះអង្គសួរគាត់ជាលក្ខណៈស្តីប្រដៅថា «តើមិនត្រូវឲ្យខ្ញុំទទួលពែងដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬអី?» ព្រះអង្គកំពុងធ្វើការបញ្ជាក់ អំពីផ្នែកមួយនៃបំណងព្រះទ័យរបស់ព្រះដែលព្រះអង្គទើបតែបង្ហាញការទទួលយកបំណងព្រះទ័យនោះ ហើយការនេះបាននាំឲ្យព្រះអង្គស្រែកនៅលើឈើឆ្កាងការថា «ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» (ម៉ាថាយ ២៧:៤៦)។ តាមរយៈការរងទុក្ខរបស់ព្រះអង្គ សិរីល្អរបស់ព្រះអង្គក៏បានតម្កើងឡើង ហើយក៏បានប្រទានសេចក្តីសង្គ្រោះដោយឥតគិតថ្លៃ ដល់អស់អ្នកដែលជឿព្រះអង្គ។ នេះជាផ្លូវដ៏ល្អឥតខ្ចោះដែលព្រះទ្រង់បានរៀបចំ ហើយលោក ពេត្រុស បានប្រព្រឹត្តនូវកំហុសដ៏ធំពេលដែលគាត់ប្រឆាំងនឹងការរៀបចំនេះ។
ពេលណាយើងព្យាយាមប្រឆាំងផែនការព្រះ ដោយសារយើងខ្វះការអត់ធ្មត់ យើងត្រូវតែរៀនទម្លាក់ដាវរបស់យើងចុះ។ យើងត្រូវទុកចិត្តលើផែនការព្រះ រង់ចាំពេលដែលព្រះអង្គបានរៀបចំ ហើយអនុវត្តតាមព្រះរាជបញ្ជាព្រះអង្គ។
កាលណាយើងយល់ដឹងអំពីព្រះគម្ពីរកាន់តែច្រើនប៉ុណ្ណា ដោយដឹងអំពីរឿងព្រះបន្ទូលសន្យា និងសេចក្តីពិតដ៏អស្ចារ្យក្នុងព្រះគម្ពីរ នោះយើងក៏នឹងយល់អំពីផែនការរបស់ព្រះអង្គកាន់តែច្រើនផងដែរ។ ប៉ុន្តែ នឹងមានពេលដែលផ្លូវរបស់ព្រះអង្គមានភាពអាថ៌កំបាំងយ៉ាងខ្លាំងចំពោះយើង ហើយយើងក៏ជួបការល្បួងឲ្យប្រឆាំងនឹងការដឹកនាំរបស់ព្រះអង្គ នៅតាមផ្លូវនោះផងដែរ។ អ្នកប្រហែលជាកំពុងធ្វើដូចនេះផងក៏មិនដឹង។
ចូរទុកដាក់ក្នុងចិត្តអ្នកនូវព្រះបន្ទូលដែលព្រះយេស៊ូវមានទៅកាន់លោក ពេត្រុស ថា «ចូរស៊កដាវទៅក្នុងស្រោមវិញទៅ!» ចូរទុកចិត្តលើព្រះហស្តនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ស្តាប់បង្គាប់តាមព្រះរាជបញ្ជា ហើយដើរតាមការដឹកនាំរបស់ព្រះអង្គ។«ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្ដើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើង» (ហេព្រើរ ១២:២) ហើយរឿងដែលព្រះអង្គបានតាក់តែង គឺមានភាពរុងរឿងលើសពីអ្វីដែលអ្នកអាចស្រមៃ និងដឹកនាំសម្រាប់ខ្លួនឯង។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ១៥-១៦ និងហេព្រើរ ១១:២០-៤០
1លោក John Calvin, The Gospel According to St John 11–21 and The First Epistle of John, trans. T. H. L. Parker, ed. David W. Torrance and Thomas F. Torrance, Calvin’s New Testament Commentaries (Eerdmans, ឆ្នាំ១៩៩៤), ទំព័រ១៥៦។